យ៉ះយ៉ា 12
12
នាងម៉ារីចាក់ប្រេងក្រអូបលាបជើងណាពីអ៊ីសា
1ប្រាំមួយថ្ងៃ មុនបុណ្យរំលង អ៊ីសាមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលគាត់បានប្រោសឲ្យរស់ឡើងវិញ។ 2នៅទីនោះ គេរៀបចំជប់លៀងជូនអ៊ីសា។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយអ៊ីសា និងអ្នកឯទៀត។ 3នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបជើងអ៊ីសា រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។ 4ពេលនោះសិស្សម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់អ៊ីសាពោលឡើងថា៖ 5«ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ 6គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្ដទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ 7ប៉ុន្ដែ អ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្ដនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ 8អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
ការឃុបឃិតចង់សម្លាប់លោកឡាសារ
9ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា អ៊ីសានៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញអ៊ីសាប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលអ៊ីសាបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ 10ពួកអ៊ីមុាំបានសម្រេចចិត្ដសម្លាប់លោកឡាសារដែរ 11ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើន បែកចេញពីពួកគេមកជឿលើអ៊ីសា។
ណាពីអ៊ីសាចូលក្រុងយេរូសាឡឹម
12នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យរំលង។ កាលគេឮដំណឹងថា អ៊ីសាមកជិតដល់ក្រុងយេរូសាឡឹម 13គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលអ៊ីសាទាំងស្រែកថា៖
«ជយោ! សូមអុលឡោះប្រទានពរដល់គាត់
ដែលមក ក្នុងនាមអុលឡោះជាអម្ចាស់
គឺស្តេចរបស់ជនជាតិអ៊ីស្រអែល!»
14អ៊ីសារកបានកូនលាមួយ ហើយគាត់ជិះលើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖
15«ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី!
មើលហ្ន៎ ស្តេចរបស់អ្នក
មកដល់ហើយ
គាត់នៅលើខ្នងកូនលា»។
16នៅពេលនោះ ពួកសិស្សពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់អ៊ីសាបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីអ៊ីសា ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ឲ្យអ៊ីសាស្របតាមគីតាបដែរ។ 17អស់អ្នកដែលនៅជាមួយអ៊ីសាកាលគាត់ហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ឡើងវិញនោះ នាំគ្នាផ្ដល់សក្ខីភាព អំពីកិច្ចការដែលអ៊ីសាបានធ្វើ។ 18បណ្ដាជនមកទទួលអ៊ីសាដ្បិតគេបានឮថា គាត់បានធ្វើទីសំគាល់នេះ។ 19ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
ជនជាតិក្រិកចង់ជួបណាពីអ៊ីសា
20ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំអុលឡោះក្នុងឱកាសបុណ្យរំលង មានជនជាតិក្រិកខ្លះដែរ។ 21គេចូលទៅជិតលោកភីលីពជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោក! យើងខ្ញុំចង់ជួបអ៊ីសា»។ 22លោកភីលីពទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីព ចូលទៅជម្រាបអ៊ីសា។ 23អ៊ីសាឆ្លើយទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រាមនុស្សត្រូវសំដែងសិរីរុងរឿងហើយ។ 24ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់វានឹងបង្កើតផលបានច្រើន។ 25អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្ដនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ 26បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ អុលឡោះជាបិតានឹងលើកកិត្ដិយសអ្នកនោះ»។
ណាពីអ៊ីសាប្រាប់ថាគាត់ និងស្លាប់
27«ឥឡូវនេះ ខ្ញុំរន្ធត់ចិត្ដណាស់ មិនដឹងជានឹងសុំថាដូចម្ដេចឡើយ។ ឱអុលឡោះជាបិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្ដែ ខ្ញុំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ 28អុលឡោះជាបិតាអើយ សំដែងសិរីរុងរឿង នាមរបស់ទ្រង់ឡើង»។ ពេលនោះមានឮសំឡេងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។
29បណ្ដាជននៅទីនោះ បានឮសំឡេង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានម៉ាឡាអ៊ីកាត់និយាយមកអ៊ីសា»។ 30អ៊ីសាមានប្រសាសន៍ថា៖ «សំឡេងនេះ បន្លឺឡើងសម្រាប់អ្នករាល់គ្នាមិនមែនសម្រាប់ខ្ញុំទេ។ 31ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។ 32រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ 33អ៊ីសាមានប្រសាសន៍ដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលគាត់ត្រូវស្លាប់។ 34បណ្ដាជននាំគ្នាសួរអ៊ីសាថា៖ «យើងបានដឹងតាមរយៈហ៊ូកុំថា អាល់ម៉ាហ្សៀសត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រាមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? 35តើនរណាជាបុត្រាមនុស្សនោះ?»។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្ដិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ 36ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលអ៊ីសាមានប្រសាសន៍ដូច្នេះហើយ គាត់ចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។
បណ្ដាជនមិនព្រមជឿណាពីអ៊ីសា
37ទោះបីអ៊ីសាធ្វើទីសំគាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើគាត់ដដែល 38គឺស្របតាមសេចក្ដីដែលណាពីអេសាយបានថ្លែងទុកមកថា៖
«ឱអុលឡោះជាអម្ចាស់អើយ តើនរណាជឿសេចក្ដី
ដែលយើងនិយាយប្រាប់?
តើអុលឡោះជាអម្ចាស់បានសំដែងឫទ្ធិបារមី
ឲ្យនរណាឃើញ?»។
39គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលណាពីអេសាយបានថ្លែងទៀតថា៖
40 «អុលឡោះបានធ្វើឲ្យភ្នែកគេខ្វាក់
ឲ្យចិត្ដគេរឹង
មិនឲ្យភ្នែកគេឃើញ
មិនឲ្យប្រាជ្ញាគេយល់
ហើយមិនឲ្យគេងាកមករកយើង
ក្រែងលោយើងប្រោសគេឲ្យបានជា»។
41ណាពីអេសាយពោលពាក្យទាំងនេះ មកពីគាត់បានឃើញសិរីរុងរឿងរបស់អ៊ីសា ហើយគាត់ក៏ថ្លែងទុកអំពីអ៊ីសា។
42ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើអ៊ីសាដែរ ប៉ុន្ដែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និងខ្លាចគេដេញចេញពីសាលាប្រជុំ 43ដ្បិតពួកគេចូលចិត្ដទទួលការសរសើរពីមនុស្ស ជាជាងទទួលការសរសើរពីអុលឡោះ។
44អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ 45អ្នកណាឃើញខ្ញុំអ្នកនោះក៏ឃើញអុលឡោះដែលបានចាត់ខ្ញុំឲ្យមកដែរ។ 46ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ 47បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្ដិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ 48អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ 49ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺអុលឡោះជាបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។ 50ខ្ញុំដឹងថាបទបញ្ជារបស់អុលឡោះផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចអុលឡោះជាបិតាមានបន្ទូលមកខ្ញុំដែរ»។
ទើបបានជ្រើសរើសហើយ៖
យ៉ះយ៉ា 12: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.