យ៉ះយ៉ា 21

21
អ៊ីសា​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​នៅ​ជិត​មាត់​សមុទ្រ​ទីបេ‌រាស
1ក្រោយ​មក អ៊ីសា​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស គឺ​អ៊ីសា​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូច​ត​ទៅ៖
2លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថា‌ណែល ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​អ៊ីសា​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។ 3លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្ដែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។ 4ព្រលឹម​ឡើង អ៊ីសា​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្ដែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​អ៊ីសា​ទេ។ 5អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ឆ្លើយ​អ៊ីសា​ថា៖ «គ្មាន​ទេ»។ 6អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ 7ពេល​នោះ សិស្ស​ដែល​អ៊ីសា​និយាយ​ប្រសាសន៍​ទៅ​ពេត្រុស​ថា៖ «អ៊ីសាជា‌អម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា អ៊ីសា‌ជាអម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀក‌ពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។ 8សិស្ស​ឯ​ទៀតៗ​នាំ​គ្នា​ចូល​ទូក​ទៅ​មាត់​ច្រាំង ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​ជា​ពីរ​រយ​ហត្ថ​ប៉ុណ្ណោះ។ 9គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំបុ័ង​អាំង​ពី​លើ​ផង។ 10អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ!»។ 11លោក​ស៊ីម៉ូន​ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហា‌សិប​បី។ ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។ 12អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នាំ​គ្នា​មក​បរិភោគ​ទៅ»។ គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​អ៊ីសា​ថា “លោក​ជា​នរណា”ឡើយ ដ្បិត​គេ​ដឹង​ថា​ជា​អ៊ីសា‌ជាអម្ចាស់​ទាំង​អស់​គ្នា។ 13អ៊ីសា​ទៅ​ជិត​ពួក​គេ គាត់​យក​នំបុ័ង​មក​ប្រទាន​ឲ្យ​គេ ហើយ​យក​ត្រី​មក​ប្រទាន​ឲ្យ​គេ​ដែរ។
14តាំង​ពី​អ៊ីសា​បាន​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​អ៊ីសា​សំដែង​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ។
អ៊ីសា​មាន​ប្រសាសន៍​ផ្ដាំ​ពេត្រុស
15លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ អ៊ីសា​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ឆ្លើយ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ 16អ៊ីសា​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ ពេត្រុស​ឆ្លើយ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ 17អ៊ីសា​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ ពេត្រុស​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​អ៊ីសា​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ឆ្លើយ​តប​ទៅ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ 18ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ដ​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។ 19អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​ពេត្រុស​ស្លាប់ ដើម្បី​សំដែង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។
អ៊ីសា និង​សិស្ស​ដែល​គាត់​ស្រឡាញ់
20ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស ដែល​អ៊ីសា​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​អោន​ទៅ​ជិត​ទ្រូង​របស់​អ៊ីសា​នៅ​ពេល​ជប់‌លៀង ហើយ​សួរ​អ៊ីសា​ថា “អ៊ីសា‌ជាអម្ចាស់​អើយ! តើ​នរណា​នាំ​គេ​មក​ចាប់​លោក​ម្ចាស់?”។ 21កាល​ពេត្រុស​ឃើញ​គាត់ ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។ 22អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?។ 23ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត អ៊ីសា​ពុំ​បាន​ប្រាប់​ពេត្រុស​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ អ៊ីសា​គ្រាន់​តែ​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?”។
អវសាន​កថា
24សិស្ស​នោះ​ហើយ ដែល​បាន​ផ្ដល់​សក្ខី‌ភាព អំពី​ហេតុ‌ការណ៍​ទាំង​អស់​នេះ ព្រម​ទាំង​បាន​កត់‌ត្រា​ទុក​មក​ផង។ យើង​ដឹង​ថា​សក្ខី‌ភាព​របស់​គាត់​ពិត​ជា​ត្រឹម​ត្រូវ​មែន។ 25អ៊ីសា​បាន​ធ្វើ​កិច្ចការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឲ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា ពិភព​លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មម សម្រាប់​ទុក​សៀវភៅ​ដែល​គេ​កត់‌ត្រា​នោះ​បាន​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យ៉ះយ៉ា 21: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល