យ៉ះយ៉ា 8

8
ស្ដ្រី​ម្នាក់​ប្រព្រឹត្ដ​សហាយ‌ស្មន់
1អ៊ីសា​ទៅ​ភ្នំ​ដើម​អូលីវ 2លុះ​ព្រលឹម​ឡើង គាត់​វិល​ត្រឡប់​ទៅ​ម៉ាស្ជិទ​ជា​ថ្មី​ម្ដង​ទៀត ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​មក​ជួប​អ៊ីសា អ៊ីសា​ក៏​បង្រៀន​ពួក​គេ។ 3ពេល​នោះ ពួក​តួន និង​ពួក​ខាង​គណៈ​ផារីស៊ី​នាំ​ស្ដ្រី​ម្នាក់ ដែល​គេ​ទាន់​កំពុង​តែ​រួម​សហាយ‌ស្មន់។ គេ​យក​នាង​នោះ​មក​ដាក់​កណ្ដាល​ចំណោម​ប្រជុំ‌ជន 4ហើយ​ជម្រាប​អ៊ីសា​ថា៖ «តួន យើង​ចាប់​ស្ដ្រី​នេះ​បាន ក្នុង​ពេល​កំពុង​រួម​សហាយ‌ស្មន់។ 5ក្នុង​ហ៊ូកុំ ម៉ូសា​បាន​បង្គាប់​ឲ្យ​យើង​យក​ដុំ​ថ្ម គប់​ស្ដ្រី​ប្រភេទ​នេះ​សម្លាប់​ចោល។ ចុះ​តួន​វិញ តើ​តួន​គិត​យ៉ាង​ណា?»។ 6ពួក​គេ​និយាយ​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​អ៊ីសា។ ប៉ុន្ដែ អ៊ីសា​ឱន​កាយ​ចុះ ហើយ​យក​ម្រាម​ដៃ​គូស​វាស​លើ​ដី។ 7ដោយ​ពួក​គេ​ចេះ​តែ​សួរ​អ៊ីសា​ខ្លាំង​ពេក អ៊ីសា​ងើប​មុខ​ឡើង មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ!»។ 8បន្ទាប់​មក អ៊ីសា​ឈ្ងោក​មុខ​ចុះ​ហើយ​គូស​វាស​លើ​ដី​សា​ជា​ថ្មី។ 9ពួក​គេ​បាន​ឮ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ក៏​នាំ​គ្នា​ដក​ខ្លួន​ថយ​ម្នាក់​ម្ដងៗ​ចាប់​ផ្ដើម​ពី​អ្នក​មាន​វ័យ​ចាស់​ជាង​គេ​ទៅ នៅ​សល់​តែ​អ៊ីសា និង​ស្ដ្រី​នោះ​ប៉ុណ្ណោះ។ 10ពេល​នោះ អ៊ីសា​ងើប​មុខ​ឡើង មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «នាង​អើយ ពួក​គេ​ទៅ​ណា​អស់​ហើយ គ្មាន​នរណា​ដាក់​ទោស​នាង​ទេ​ឬ?»។ 11នាង​ជម្រាប​អ៊ីសា​ថា៖ «គ្មាន​ទេ​លោក!»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ដ​អំពើ​បាប​ទៀត​ឡើយ»។]
ណាពី​អ៊ីសា​ជា​ពន្លឺ​ពិភព​លោក
12អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ​អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។ 13ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​ទៅ​កាន់​អ៊ីសា​ថា៖ «អ្នក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​អ្នក​ផ្ទាល់ សក្ខី‌ភាព​របស់​អ្នក​មិន​ពិត​ទេ»។ 14អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខី‌ភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា​ហើយ​ទៅ​ណា​ឡើយ។ 15អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ 16ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​បិតា​ខ្ញុំ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។ 17ក្នុង​ហ៊ូកុំ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខី‌ភាព​យក​ជា​ការ​បាន។ 18ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​បិតា​ខ្ញុំ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។
19ពួក​គេ​សួរ​អ៊ីសា​ថា៖ «តើ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»។ អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​បិតា​របស់​ខ្ញុំ​មិន​ខាន»។
20អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ កាល​អ៊ីសា​បង្រៀន​បណ្ដា‌ជន​ក្នុង​ម៉ាស្ជិទ ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​ជំនូន ប៉ុន្ដែ គ្មាន​នរណា​ចាប់​អ៊ីសា​ទេ ព្រោះ​ពេល​កំណត់​របស់​អ៊ីសា​មិន​ទាន់​មក​ដល់​នៅ​ឡើយ។
ឋានៈ​របស់​បុត្រា​មនុស្ស
21អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។ 22ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។ 23អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។ 24ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។ 25គេ​សួរ​អ៊ីសា​ថា៖ «តើ​អ្នក​មាន​ឋានៈ​អ្វី?» អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ 26ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្ដែ បិតា​ខ្ញុំ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​សំដែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។ 27អ្នក​ទាំង​នោះ​មិន​យល់​ថា អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​អំពី​បិតា​គាត់​ប្រាប់​គេ​ឡើយ។ 28អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រា​មនុស្ស​ឡើងពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​បិតា​ខ្ញុំ​មាន​បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។ 29បិតា​ខ្ញុំ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នៅ​ជា​មួយ​ខ្ញុំ ហើយ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ដ​កិច្ចការ​ណា ដែល​គាប់​ចិត្ត​បិតា​ខ្ញុំ​ជា‌និច្ច»។ 30ពេល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​គាត់។
អ្នក​ជា និង​អ្នក​ងារ
31ពេល​នោះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។ 32អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព»។ 33គេ​នាំ​គ្នា​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​ណាពី​អ៊ីព្រហ៊ីម! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​តួន​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។ 34អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​អ្នក​ណា​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​របស់​អំពើ​បាប។ 35ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។ 36ប្រសិន​បើ​បុត្រា​នៃ​អុលឡោះ​រំដោះ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សេរី‌ភាព។ 37ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អ៊ីព្រហ៊ីម ក៏​ប៉ុន្ដែ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​របស់​ខ្ញុំ​មិន​ស្ថិត​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់​គ្នា​ឡើយ។ 38ខ្ញុំ​និយាយ​តែ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​បិតា​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។ 39គេ​ជម្រាប​អ៊ីសា​ថា៖ «ឪពុក​របស់​យើង គឺ​អ៊ីព្រហ៊ីម»។ អ៊ីសា​ឆ្លើយ​វិញ​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​អ៊ីព្រហ៊ីម​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​កិច្ចការ ដូច​អ៊ីព្រហ៊ីម​ធ្លាប់​ធ្វើ​នោះ​មិន​ខាន 40តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​អុលឡោះ​អ៊ីព្រហ៊ីម​មិន​បាន​ប្រព្រឹត្ដ​ដូច្នេះ​ទេ។ 41អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ»។ គេ​ឆ្លើយ​នឹង​អ៊ីសា​ថា​យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់ គឺ​អុលឡោះ»។ 42អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «ប្រសិន​បើ​អុលឡោះ​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​អុលឡោះ​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ដ​ឯង​ឡើយ គឺ​អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ 43ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដូច្នេះ? គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​បាន។ 44អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អ៊ីព្លេស‌ហ្សៃតន ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ដ​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក​វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក​ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។ 45រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។ 46ក្នុង​ចំណោម​អ្នក​រាល់​គ្នា​តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ដ​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? 47អ្នក​ណា​កើត​មក​ពី​អុលឡោះ អ្នក​នោះ​តែង​ស្ដាប់​បន្ទូល​របស់​អុលឡោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​មែន​កើត​មក​ពី​អុលឡោះ​ទេ បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ»។
ណាពី​អ៊ីសា និង​ណាពី​អ៊ីព្រហ៊ីម
48ជន‌ជាតិ​យូដា​សួរ​អ៊ីសា​ថា៖ «យើង​និយាយ​ថា​អ្នក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អ៊ីព្លេស​ចូល​នោះ​ត្រូវ​មែន!»។ 49អ៊ីសា​ឆ្លើយ​ថា៖ «គ្មាន​អ៊ីព្លេស​ណា​ចូល​ខ្ញុំ​ឡើយ តែ​ខ្ញុំ​គោរព​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បែរ​ជា​បន្ដុះ​បង្អាប់​ខ្ញុំ​ទៅ​វិញ។ 50ខ្ញុំ​មិន​រក​សិរី‌រុង‌រឿង​សម្រាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​ឲ្យ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។ 51ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។
52ជន‌ជាតិ​យូដា​ជម្រាប​អ៊ីសា​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា​អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​មែន។ អ៊ីព្រហ៊ីម និង​ពួក​ណាពី​បាន​ស្លាប់​ទៅ​ហើយ រីឯ​អ្នក​វិញ អ្នក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។ 53តើ​លោក​មាន​ឋានៈ​ធំ​ជាង​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​របស់​យើង ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ណាពី ក៏​ស្លាប់​ទៅ​ដែរ។ ចុះ​អ្នក​តាំង​ខ្លួន​ជា​អ្វី?»។ 54អ៊ីសា​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុង‌រឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ទ្រង់​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ម្ចាស់​របស់​យើង”។ 55អ្នក​រាល់​គ្នា​មិន​ស្គាល់​អុលឡោះ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​អុលឡោះ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​អុលឡោះ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្ដែ ខ្ញុំ​ស្គាល់​អុលឡោះ ហើយ​កាន់​តាម​បន្ទូល​របស់​ទ្រង់​ថែម​ទៀត​ផង។ 56អ៊ីព្រហ៊ីម​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ដ​ត្រេកអរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា នឹង​ឃើញ​ខ្ញុំ​មក​ដល់។ គាត់​ក៏​បាន​ឃើញ​មែន ហើយ​ត្រេកអរ​សប្បាយ»។ 57ជន‌ជាតិ​យូដា​ពោល​ថា៖ «លោក​មាន​អាយុ​មិន​ទាន់​ទាំង​បាន​ហា‌សិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា បាន​ឃើញ​អ៊ីព្រហ៊ីម​ដូច្នេះ?»។ 58អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​អ៊ីព្រហ៊ីម​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។ 59ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​អ៊ីសា ប៉ុន្ដែ អ៊ីសា​ភៀស​ខ្លួន​ចេញ​ពី​ម៉ាស្ជិទ​បាត់​ទៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ះយ៉ា 8: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល