លូកា 18

18
ប្រស្នា​អំពី​ចៅ‌ក្រម និង​ស្ដ្រី​មេ‌ម៉ាយ
1បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា ពន្យល់​សិស្ស​ឲ្យ​ដឹង​ថា ត្រូវ​តែ​ទូរអា​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ដ​ឡើយ៖
2«នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ ជា​មនុស្ស​មិន​កោត​ខ្លាច​អុលឡោះ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។ 3មាន​ស្ដ្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្ដិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។ 4ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្ដី​ឲ្យ​ភ្លាម​ៗ​ទេ គាត់​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក គាត់​នឹក​ក្នុង​ចិត្ដ​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​អុលឡោះ មិន​កោត​ក្រែង​នរណា​ក៏​ដោយ 5ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​ឲ្យ​ស្ដ្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​ឲ្យ​គាត់​ទេ មុខ​ជា​គាត់​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។
6អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅ‌ក្រម​ដ៏​អាក្រក់​នេះ​ចុះ។ 7ចំណង់​បើ​អុលឡោះ​វិញ ទ្រង់​រឹត​តែ​រក​យុត្ដិធម៌​ឲ្យ​អស់​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស ហើយ​ដែល​អង្វរ​អុលឡោះ ទាំង​យប់ ទាំង​ថ្ងៃ ទ្រង់​អត់ធ្មត់​ចំពោះ​គេ។ 8ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​នឹង​រក​យុត្ដិធម៌​ឲ្យ​គេ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រា​មនុស្ស​មក​ដល់ តើ​គាត់​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែន‌ដី​នេះ​ឬ​ទេ?»។
បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី និង​អ្នក​ទារ​ពន្ធ
9អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា​មួយ​ទៀត ទៅ​កាន់​អ្នក​ខ្លះ​ដែល​នឹក​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ។ 10អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​ទូរអ​ក្នុង​ម៉ាស្ជិទ។ ម្នាក់​ខាង​គណៈ‌ផារីស៊ ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ។ 11បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​ទូរអា​ក្នុង​ចិត្ដ​ថា “ឱ​អុលឡោះ​អើយ ខ្ញុំ​សូម​អរ​គុណ​ទ្រង់ ព្រោះ​ខ្ញុំ​មិន​ដូច​ជន​ឯ​ទៀត​ៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ ហើយ​ខ្ញុំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ 12ខ្ញុំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ខ្ញុំ​ជូន​របស់​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​រក​បាន​មួយ​ភាគ​ដប់​ដល់​អុលឡោះ”។ 13រីឯ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង​និយាយ​ថា “ឱ​អុលឡោះ​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ជា​មនុស្ស​បាប​ផង”។ 14ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​រាប់​អ្នក​ទារ​ពន្ធ​នេះ​ឲ្យ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈ‌ផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។
ណាពី​អ៊ីសា​ប្រទាន​ពរ​ឲ្យ​ក្មេង​ៗ
15មាន​មនុស្ស‌ម្នា​បី​ទារក​មក​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​វា។ ឃើញ​ដូច្នោះ ពួក​សិស្ស​ស្ដី​បន្ទោស​គេ 16តែ​អ៊ីសា​សុំ​ឲ្យ​គេ​យក​ទារក​ទាំង​នោះ​មក​ជិត​គាត់ រួច​អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​ក្មេង​ៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ដ​ដូច​ក្មេង​ទាំង​នេះ​ទេ ទើប​ចូល​ទៅ​ក្នុង​នគរ​អុលឡោះ​បាន។ 17ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​នគរ​អុលឡោះ​ដូច​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ក្នុង​នគរ​ទ្រង់​មិន​បាន​ឡើយ»។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច
18មាន​នាម៉ឺន​ម្នាក់​សួរ​អ៊ីសា​ថា៖ «តួន​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ទុក​ជា​មត៌ក?»។ 19អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា​ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​អុលឡោះ​គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ 20អ្នក​ស្គាល់​ហ៊ូកុំ​ស្រាប់​ហើយ​ថា “កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ចូរ​គោរព​ឪពុក‌ម្តាយ”»21បុរស​នោះ​ជម្រាប​អ៊ីសា​ថា “ខ្ញុំ​បាន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។ 22អ៊ីសា​ឮ​ដូច្នេះ​មាន​ប្រសាសន៍​ថា៖ «នៅ​សល់​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​យក​អ្វីៗ​ទាំង​អស់​ដែល​អ្នក​មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ។ ធ្វើ​ដូច្នេះ អ្នក​នឹង​បាន​សម្បត្តិ​សូរ៉កា រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ​ចុះ»។ 23ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្ដ​យ៉ាង​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។ 24កាល​អ៊ីសា​ឃើញ​គាត់​ព្រួយ​ចិត្ដ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​អុលឡោះ​ណាស់ 25សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​អុលឡោះ​ទៅ​ទៀត»។ 26អស់​អ្នក​ដែល​ឮ​ពាក្យ​របស់​អ៊ីសា ពោល​ឡើង​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ 27អ៊ីសា​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត អុលឡោះ​ធ្វើ​កើត​ទាំង​អស់»។ 28ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​ទាំង​អស់ ហើយ​មក​តាម​តួន»។ 29អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សម្បែង​ប្រពន្ធ​កូន​ឪពុក‌ម្ដាយ និង​បង​ប្អូន ដោយ​យល់​ដល់​នគរ​អុលឡោះ 30អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើស‌លប់ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។
ណាពី​អ៊ីសា​ប្រកាស​ថា​គាត់​ត្រូវ​ស្លាប់
31អ៊ីសា​នាំ​សាវ័ក​ទាំង​ដប់‌ពីរ​នាក់ ចេញ​ទៅ​ជា​មួយ​គាត់។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម អ្វីៗ​ទាំង​អស់​ដែល​ណាព​បាន​ចែង​ទុក អំពី​បុត្រា​មនុស្ស​នឹង​កើត​មាន​នៅ​ទី​នោះ 32គេ​នឹង​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​ត្មះ‌តិះ‌ដៀល​គាត់ ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​គាត់​ផង។ 33គេ​នឹង​យក​រំពាត់​វាយ​គាត់ រួច​ប្រហារ​ជីវិត​គាត់។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក​គាត់​នឹង​រស់​ឡើង​វិញ»។ 34ពួក​សាវ័ក​ពុំ​បាន​យល់​ពាក្យ​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា អ៊ីសា​មាន​ប្រសាសន៍​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ភ្លឺ
35កាល​អ៊ីសា​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ 36ពេល​គាត់​ឮ​ស្នូរ​បណ្ដា‌ជន​ដើរ​តាម​នោះ គាត់​សួរ​គេ​ថា​មាន​រឿង​អ្វី 37គេ​ប្រាប់​គាត់​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​មក​តាម​ផ្លូវ​នោះ។ 38មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​អ៊ីសា ជា​ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ផង!»។ 39ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ៗ​ថា៖ «ឱ​ពូជ‌ពង្ស​ទត​អើយ សូម​អាណិត​មេត្ដា​ខ្ញុំ​ផង!»។ 40អ៊ីសា​ក៏​ឈប់ ហើយ​បញ្ជា​គេ​ឲ្យ​នាំ​មនុស្ស​ខ្វាក់​ចូល​មក​ជិត​គាត់។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​មក អ៊ីសា​សួរ​គាត់​ថា៖ 41«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គាត់​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​លោក​ម្ចាស់​ប្រោស​ឲ្យ​ភ្នែក​ខ្ញុំ បាន​ភ្លឺ​ឡើង​វិញ​ផង»។ 42អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ចូរ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ»។ 43រំពេច​នោះ​គាត់​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​អ៊ីសា​ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ ប្រជា‌ជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​អុលឡោះ​ទាំង​អស់​គ្នា។

ទើបបានជ្រើសរើសហើយ៖

លូកា 18: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល