លូកា 2
2
កំណើតណាពីអ៊ីសា
1នៅគ្រានោះ ស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះអូគូស្ដ បានបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ 2ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ 3អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ 4រីឯយូសុះក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ទត ព្រោះគាត់ជាញាតិវង្សនឹងទត។ 5យូសុះទៅចុះឈ្មោះជាមួយនាងម៉ារីយំ ជាគូដណ្តឹងដែលមានផ្ទៃពោះ។ 6ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីយំគ្រប់ខែហើយ។ 7នាងសំរាលបានកូនមួយ ជាកូនច្បង។ នាងរុំកូននោះនឹងសំពត់ រួចដាក់ឲ្យដេកក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
ម៉ាឡាអ៊ីកាត់ប្រកាសអំពីកំណើតណាពីអ៊ីសាប្រាប់ពួកគង្វាល
8ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ 9ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់អុលឡោះជាអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ 10ម៉ាឡាអ៊ីកាត់ពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ដ្រទាំងមូល មានអំណរដ៏លើសលប់។ 11យប់នេះ នៅក្នុងភូមិកំណើតរបស់ទត អ្នកសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺអាល់ម៉ាហ្សៀសជាអម្ចាស់។ 12នេះជាសញ្ញាសំគាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
13រំពេចនោះ មានម៉ាឡាអ៊ីកាត់ច្រើនកុះករ ចុះពីសូរ៉កមករួមជាមួយម៉ាឡាអ៊ីកាត់នោះ ច្រៀងសរសើរអុលឡោះថា៖ 14«សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។
15លុះពួកម៉ាឡាអ៊ីកាត់ត្រឡប់ទៅសូរ៉កាវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចអុលឡោះជាអម្ចាស់បានសំដែងឲ្យយើងដឹងនោះមើល៍»។ 16ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីយំយូសុះ ព្រមទាំងកូនដេកក្នុងស្នូកសត្វ។ 17ពេលពួកគង្វាលឃើញកូនហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលម៉ាឡាអ៊ីកាត់បានប្រាប់អំពីកូននេះ។ 18អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ 19រីឯនាងម៉ារីយំវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ 20បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រោះហេតុការណ៍ទាំងអស់ ដែលគេបានឃើញ បានឮ ស្របតាមសេចក្ដីដែលម៉ាឡាអ៊ីកាត់បានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។
21ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីខតានឲ្យកូន គេដាក់ឈ្មោះថា «អ៊ីសា» ជាឈ្មោះដែលម៉ាឡាអ៊ីកាត់បានប្រាប់នាងម៉ារីយំ មុនពេលមានផ្ទៃពោះ។
ពិធីជូនកូនដល់អុលឡោះ
22លុះដល់ពេលកំណត់ដែលយូសុះ និងនាងម៉ារីយំត្រូវធ្វើពិធីជម្រះកាយ ឲ្យបានបរិសុទ្ធតាមហ៊ូកុំរបស់ណាពីម៉ូសា បានចែងទុក អ្នកទាំងពីរក៏នាំកូនទៅជូនអុលឡោះជាអម្ចាស់ នៅក្រុងយេរូសាឡឹម 23ដ្បិតក្នុងហ៊ូកុំរបស់អុលឡោះជាអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកជូនអុលឡោះជាអម្ចាស់»។ 24អ្នកទាំងពីរធ្វើគូរបាន ស្របតាមហ៊ូកុំរបស់អុលឡោះជាអម្ចាស់ ដែលតំរូវឲ្យជូន “លលកមួយគូ ឬព្រាបស្ទាវពីរ”។
25នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់ 26ហើយសំដែងឲ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញអាល់ម៉ាហ្សៀស ដែលអុលឡោះជាអម្ចាស់ចាត់ឲ្យមកទេនោះ។ 27រសអុលឡោះនាំលោកស៊ីម្មានចូលក្នុងម៉ាស្ជិទ។ ពេលឪពុកម្តាយនាំអ៊ីសាមកជូនអុលឡោះ ដូចមានចែងទុកក្នុងហ៊ូកុំ 28លោកស៊ីម្មានក៏យកកូនមកបី រួចសរសើរតម្កើងអុលឡោះថា៖
29«ឱអុលឡោះជាចៅហ្វាយអើយ!
ឥឡូវនេះ ទ្រង់បានសម្រេចតាម
បន្ទូលសន្យារបស់ទ្រង់ហើយ។
ដូច្នេះ សូមឲ្យខ្ញុំ
ជាអ្នកបម្រើរបស់ទ្រង់
លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ
30ដ្បិតភ្នែកខ្ញុំបានឃើញការសង្គ្រោះ
31ដែលទ្រង់បានប្រទានមកឲ្យ
ប្រជាជាតិទាំងអស់
32គឺជាពន្លឺដែលនាំឲ្យមនុស្ស
គ្រប់ជាតិសាសន៍ស្គាល់ទ្រង់
និងជាសិរីរុងរឿងរបស់អ៊ីស្រអែល
ជាប្រជារាស្ដ្រទ្រង់»។
ពាក្យទំនាយរបស់លោកស៊ីម្មាន
33ឪពុកម្តាយរបស់អ៊ីសាងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍អំពីកូនណាស់។ 34លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីយំ ជាម្តាយថា៖ «អុលឡោះបានចាត់កូននេះមក ដើម្បីឲ្យជនជាតិអ៊ីស្រអែលច្រើននាក់ដួល ឬងើបឡើងវិញ។ កូននេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់អុលឡោះ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ 35កូននេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ដ របស់នាង»។
ពាក្យទំនាយរបស់អ្នកថ្លែងបន្ទូលនៃអុលឡោះឈ្មោះអាណ
36មានអ្នកថ្លែងបន្ទូលនៃអុលឡោះម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ នាងរៀបការបានប្រាំពីរឆ្នាំ ប្ដីក៏ស្លាប់ទៅ 37នាងនៅមេម៉ាយរហូត ដល់នាងមានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីម៉ាស្ជិទទេ គាត់នៅគោរពបម្រើអុលឡោះទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងទូរអផង។ 38ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងអុលឡោះ រួចតំណាលអំពីកូននោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំអុលឡោះមកលោះក្រុងយេរូសាឡឹម។
អ៊ីសាត្រឡប់ទៅភូមិណាសារ៉ែតវិញ
39កាលឪពុកម្តាយរបស់អ៊ីសាបានបំពេញកិច្ចការទាំងអស់ ស្របតាមហ៊ូកុំរបស់អុលឡោះជាអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ 40កុមារអ៊ីសាមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយប្រាជ្ញាញាណ។ អុលឡោះគាប់ចិត្តនឹងអ៊ីសាណាស់។
អ៊ីសានៅក្នុងម៉ាស្ជិទ
41ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង ឪពុកម្តាយរបស់អ៊ីសា តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ 42លុះដល់អ៊ីសាមានអាយុដប់ពីរឆ្នាំ ឪពុកម្តាយក៏នាំគាត់ឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ 43លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯអ៊ីសានៅក្រុងយេរូសាឡឹមនៅឡើយ តែឪពុកម្តាយពុំបានដឹងទេ។ 44គាត់នឹកស្មានថា អ៊ីសានៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកអ៊ីសាក្នុងចំណោមញាតិមិត្ដទាំងអស់ 45ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកគាត់នៅទីនោះទៀត។ 46បីថ្ងៃក្រោយមក ឪពុកម្តាយឃើញអ៊ីសាក្នុងម៉ាស្ជិទ អ៊ីសានៅកណ្ដាលចំណោមតួន កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ 47អស់អ្នកដែលស្ដាប់អ៊ីសា នឹកឆ្ងល់ពីពាក្យឆ្លើយឆ្លងរបស់គាត់ ប្រកបដោយប្រាជ្ញាញាណ។ 48កាលឪពុកម្តាយបានឃើញអ៊ីសាហើយ គេនឹកឆ្ងល់យ៉ាងខ្លាំង។ ម្តាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្ដណាស់ ខំដើររកកូន»។ 49អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់អុលឡោះជាបិតារបស់កូនទេឬ?»។ 50ប៉ុន្តែ ឪពុកម្តាយពុំបានយល់អត្ថន័យនៃពាក្យរបស់អ៊ីសាឡើយ។
51បន្ទាប់មក អ៊ីសាត្រឡប់ទៅភូមិណាសារ៉ែតជាមួយឪពុកម្តាយវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ ម្តាយរបស់អ៊ីសាចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។ 52អ៊ីសាមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ចិត្តអុលឡោះ និងជាទីពេញចិត្តមនុស្សផងទាំងពួង។
ទើបបានជ្រើសរើសហើយ៖
លូកា 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.