១ របាក្សត្រ 22
22
1ព្រះបាទដាវីឌក៏មានរាជឱង្ការថា៖ «នេះគឺជាព្រះវិហាររបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃតង្វាយដុតសម្រាប់ពួកអ៊ីស្រាអែលហើយ»។
ព្រះបាទដាវីឌរៀបចំសង់ព្រះវិហារ
2គ្រានោះ ទ្រង់បង្គាប់ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សម្រាប់ស្អាងព្រះដំណាក់នៃព្រះ 3ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោល សម្រាប់សន្លឹកទ្វារ ហើយសម្រាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបាន 4ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន និងពួកអ្នកក្រុងទីរ៉ុសគេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ។ 5ទ្រង់មានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា ត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលម្អ និងល្បីឮទួទៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យបានគ្រប់គ្រាន់»។ ព្រះបាទដាវីឌក៏ត្រៀមប្រដាប់ប្រដាទុកជាបរិបូរមុនដែលទ្រង់អស់ព្រះជន្មទៅ។
បន្ទុករបស់ព្រះបាទដាវីឌធ្លាក់ទៅលើព្រះបាទសាឡូម៉ូន និងអ្នកដឹកនាំ
6បន្ទាប់មក ព្រះបាទដាវីឌហៅសាឡូម៉ូន ជាបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ 7ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនថា៖ «កូនអើយ ក្នុងចិត្តយើងមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងហើយ 8តែព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់យើងថា "អ្នកបានកម្ចាយឈាមជាច្រើន ហើយមានចម្បាំងច្រើន ឯងមិនត្រូវស្អាងព្រះវិហារសម្រាប់ឈ្មោះយើងទេ ព្រោះបានកម្ចាយឈាមជាច្រើននៅលើផែនដី នៅចំពោះយើង។ 9មើល៍ នឹងមានកូនប្រុសមួយកើតដល់អ្នក កូននោះនឹងបានជាមនុស្សសន្ដិភាព។ យើងនឹងឲ្យកូននោះមានសន្ដិភាព ពីអស់ទាំងខ្មាំងសត្រូវដែលនៅជុំវិញ ដ្បិតកូននឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅគ្រារបស់គេ យើងនឹងប្រទានឲ្យអ៊ីស្រាអែលមានសន្ដិភាព និងសុខសាន្តត្រាណ។ 10កូននោះនឹងស្អាងព្រះវិហារសម្រាប់ឈ្មោះយើងវិញ គេនឹងធ្វើជាកូនរបស់យើង យើងក៏នឹងធ្វើជាឪពុកដល់គេ ហើយនឹងតាំងរាជ្យគេលើនគរអ៊ីស្រាអែលជាដរាបទៅ"។ 11ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយឯង ហើយសូមឲ្យឯងបានចម្រើនឡើង ដើម្បីស្អាងព្រះវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាព្រះអង្គបានមានព្រះបន្ទូលពីដំណើរឯងហើយ។ 12សូមឲ្យព្រះយេហូវ៉ាប្រទានប្រាជ្ញា និងយោបល់ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង។ 13យ៉ាងនោះ ឯងនឹងបានចម្រើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ និងបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែល ចូរឲ្យឯងមានកម្លាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំខ្លាច ឬរសាយចិត្តឡើយ។ 14ឥឡូវនេះ ក្នុងទុក្ខលំបាករបស់យើង យើងបានចាត់ចែងទុក ជាមាសមួយសែនហាប និងប្រាក់មួយលានហាប ព្រមទាំងលង្ហិន ដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន។ 15មួយទៀត មានពួកជាងនៅជាមួយឯងជាបរិបូរដែរ គឺមានជាងដាប់ថ្ម ជាងអារឈើ ហើយមនុស្សដែលជំនាញក្នុងការគ្រប់មុខ។ 16ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំ ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយឯង»។
17ព្រះបាទដាវីឌក៏បង្គាប់ដល់ពួកអ្នកកំពូលៗរបស់សាសន៍អ៊ីស្រាអែល គេត្រូវជួយសាឡូម៉ូន ជាបុត្រាទ្រង់ 18ដោយមានរាជឱង្ការថា៖ «តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬ? តើព្រះអង្គមិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ? ដ្បិតព្រះអង្គបានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្ដាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួកប្រជារាស្ត្ររបស់ព្រះអង្គ។ 19ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies