១ កូរិន‌ថូស 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​អ្នក​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​សូស្ថេន ជា​បង‌ប្អូន។
2សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ក្រុង​កូរិន‌ថូស ជា​អស់​អ្នក​ដែល​ព្រះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ រួម​ជាមួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​គេ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។
3សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
4ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ សម្រាប់​អ្នក​រាល់​គ្នា​ជានិច្ច ដោយ​ព្រោះ​ព្រះ‌គុណ​របស់​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ 5ដ្បិត​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​ជំ​ពូក ទាំង​ពាក្យ​សម្ដី និង​ចំណេះ​ដឹង​គ្រប់​យ៉ាង 6ដែល​បញ្ជាក់​អំពី​បន្ទាល់​របស់​ព្រះ‌គ្រីស្ទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា 7ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​អំណោយ‌ទាន​ខាង​វិញ្ញាណ​ណា​មួយ​ឡើយ នៅ​ពេល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​លេច​មក។ 8ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ 9ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។
ការ​បាក់​បែក​ក្នុង​ក្រុម​ជំ​នុំ
10ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​តែមួយ​ទាំង‌អស់​គ្នា កុំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​មួយ។ 11ដ្បិត​បង‌ប្អូន​អើយ ខ្ញុំ​បាន​ឮ​អ្នក​ផ្ទះ​របស់​នាង​ខ្លូអេ​ប្រាប់​ខ្ញុំ​ថា មាន​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ 12គឺ​អ្នក​រាល់​គ្នា​ម្នាក់ៗ​និយាយ​ថា៖ «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ខ្លះ​ថា៖ «ខ្ញុំ​ជា​របស់​លោក​អ័ប៉ុ‌ឡូស» ឬ «ខ្ញុំ​ជា​របស់​លោក​កេ‌ផាស» ឬ «ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ»។ 13តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ? តើ​ប៉ុល​ត្រូវ​គេ​ឆ្កាង​សម្រាប់​អ្នក​រាល់​គ្នា​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ុល? 14ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដែល​ខ្ញុំ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា លើក​លែង​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ 15ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និយាយ​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។ 16(ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ណាស​ដែរ លើស​ពី​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ)។ 17ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ តែ​មិន​មែន​ដោយ​ប្រាជ្ញា​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ។
ព្រះ​គ្រីស្ទ​ជា​ព្រះ​ចេស្ដា និង​ជា​ប្រាជ្ញា​របស់​ព្រះ
18ដ្បិត​ដំណឹង​អំពី​ឈើ​ឆ្កាង ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដល់​យើង​ដែល​កំពុង​តែ​បាន​សង្គ្រោះ។ 19ព្រោះ​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «យើង​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​លើក​ចំណេះ​របស់​ពួក​អ្នក​ចេះ​ចោល​ចេញ»។ 20តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ? 21ដ្បិត​ដោយ​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះ​តាម​ប្រាជ្ញា​របស់​ខ្លួន ទើប​តាម​ប្រាជ្ញា​របស់​ព្រះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ​សារ​សេចក្តី​ល្ងី‌ល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ។ 22ព្រោះ​សាស​ន៍​យូដា​ចង់​ឃើញ​ទី​សម្គាល់ ហើយ​សាសន៍​ក្រិក​ស្វែង​រក​ប្រាជ្ញា 23តែ​យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដែល​ត្រូវ​ឆ្កាង ជា​ហេតុ​នាំ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​សាសន៍​ក្រិក 24ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក ព្រះ‌គ្រីស្ទ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។ 25ដ្បិត​សេចក្តី​ល្ងី‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​ប្រាជ្ញា​របស់​មនុស្ស ហើយ​ភាព​ទន់​ខ្សោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​កម្លាំង​របស់​មនុស្ស​ដែរ។
26បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។ 27ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស 28ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ទាប​ថោក និង​អ្វី​ដែល​គេ​មើល​ងាយ​នៅ​លោកីយ៍​នេះ អ្វីៗ​ដែល​គ្មាន ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ដែល​មាន​ទៅ​ជា​អសារ​ឥត​ការ 29ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​អួត​ខ្លួន​នៅ​ចំពោះ​ព្រះ​បាន​ឡើយ។ 30ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង 31ដើម្បី​ឲ្យ​ត្រូវ​ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​អួត ត្រូវ​អួត​ពី​ព្រះ‌អម្ចាស់» ។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល