១ កូរិន‌ថូស 15

15
ព្រះគ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
1ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​មាំ​ក្នុង​ដំណឹង​ល្អ​នោះ​ដែរ 2អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ​ដោយ​សារ​ដំណឹង​ល្អ​នោះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ពុំ​នោះ​ទេ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥត​ប្រយោជន៍។
3ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ 4ហើយ​ថា ព្រះ‌អង្គ​ត្រូវ​គេ​ប​ញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ 5ហើយ​ថា ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​កេ​ផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។ 6បន្ទាប់​មក ព្រះ‌អង្គ​បាន​លេច​ឲ្យ​បង‌ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ ក្នុង​ចំណោម​បង‌ប្អូន​អ្នក​ទាំង​នោះ ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​ខ្លះ​បាន​ស្លាប់​ផុត​ទៅ​ហើយ។ 7បន្ទាប់​មក​ទៀត ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​ពួក​សាវក​ទាំង‌អស់​គ្នា​ឃើញ។ 8ចុង​ក្រោយ​បង្អស់ ព្រះ‌អង្គ​ក៏​លេច​ឲ្យ​ខ្ញុំ​ឃើញ សូម្បី​តែ​ខ្ញុំ​នេះ​ដូច​ជា​កូន​ដែល​កើត​មិន​គ្រប់​ខែ។ 9ដ្បិត​ក្នុង​ចំណោម​ពួក​សាវក ខ្ញុំ​ជា​អ្នក​តូ​ច​ជាង​គេ មិន​សម​នឹង​ហៅ​ជា​សាវក​ផង ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះ។ 10ប៉ុន្តែ ដែល​ខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារព្រះ‌គុណ​របស់​ព្រះ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​ចំពោះ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ គឺ​ព្រះ‌គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ។ 11ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី យើង​ប្រកាស ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ជឿ។
មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
12ប្រសិន‌បើ​យើង​ប្រកាស​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ម្តេ​ច​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? 13ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ 14ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ដំណឹង​ដែល​យើង​ប្រកាស ឥ​ត​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​ប្រយោជន៍​ដែរ។ 15យ៉ាង​នោះ ឈ្មោះ​ថា​យើង​ជា​ស្មរ‌បន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ ព្រោះ​យើង​បាន​ធ្វើ​ប​ន្ទា​ល់​ពី​ព្រះ​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ តែ​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ 16ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ 17ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា ឥ​ត​ប្រយោជន៍​សោះ អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​អំពើ​បាប​ដដែល 18ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ ក៏​បាន​វិនាស​ដែរ។ 19ប្រសិន‌បើ​យើង​សង្ឃឹម​លើ​ព្រះ‌គ្រីស្ទ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​ក្នុង​ចំណោម​មនុស្ស​ទាំង‌អស់ យើង​វេទនា​ជាង​គេ​បំផុត។
20ប៉ុន្តែ ព្រះ‌គ្រីស្ទ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្លាប់។ 21ដ្បិត​ដែល​សេចក្តី​ស្លាប់​បាន​មក​ដោយ​សារ​មនុស្ស​ម្នាក់ នោះ​សេចក្តី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ​សារ​មនុស្ស​ម្នាក់​ដែរ 22ដ្បិត​មនុស្ស​ទាំង‌អស់​ស្លាប់​ក្នុង​លោក​អ័ដាម​យ៉ាង​ណា នោះ​មនុស្ស​ទាំង‌អស់​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ 23តែ​ម្នាក់ៗ​តាម​លំ​ដា​ប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង បន្ទាប់​មក អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។ 24ពេល​នោះ ចូល​ដល់​ចុង​បំផុត​ហើយ ជា​ពេល​ដែល​ព្រះ‌អង្គ​ប្រគល់​ព្រះរាជ្យ​ថ្វាយ​ព្រះ ជា​ព្រះ‌វរបិតា ក្រោយ​ពី​ព្រះ‌អង្គ​បាន​បំផ្លាញ​អស់​ទាំង​រាជ្យ អំណាច និង​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ហើយ។ 25ដ្បិត​ព្រះគ្រីស្ទ​ត្រូវ​សោយ​រាជ្យ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​ទាំង‌អស់​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ។ 26ខ្មាំង​សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្តី​ស្លាប់ 27ដ្បិត «ព្រះ​បាន​ដាក់​អ្វីៗ​ទាំង‌អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ» ។ ប៉ុន្ដែ ដែលចែង​ថា «ដាក់​អ្វីៗ​ទាំង‌អស់ឲ្យ​នៅ​ក្រោម» នោះ​ច្បាស់​ហើយ​ថា មិន​មែន​រួម​បញ្ចូល​ទាំង​ព្រះ‌អង្គ​ដែល​ដាក់​អ្វីៗ​ទាំង‌អស់ ឲ្យ​នៅ​ក្រោម​ព្រះគ្រីស្ទ​នោះ​ឡើយ។ 28កាល​អ្វីៗ​ទាំង‌អស់​ស្ថិត​នៅ​ក្រោម​ព្រះ‌អង្គ​ហើយ នោះ​ព្រះ‌រា​ជ្យ‌បុ​ត្រា​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ព្រះ ដែល​បាន​ដាក់​អ្វីៗ​ទាំង‌អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌អង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វីៗ​ទាំង‌អស់ ក្នុង​គ្រប់​ការ​ទាំង‌អស់។
29បើ​មិន​ដូច្នោះ​ទេ អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់ នឹង​ធ្វើ​ដូច‌ម្តេច? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ហេតុ​អ្វី​បាន​ជា​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់​ដូច្នេះ?
30ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រថុយ​ខ្លួន​នឹង​គ្រោះ​ថ្នាក់​រាល់​វេលា​ដូច្នេះ? 31បង‌ប្អូន​អើយ ខ្ញុំ​ស្បថ​ដោយ​អំនួត​ដែល​ខ្ញុំ​អួតពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។ 32ប្រសិន‌បើ​ខ្ញុំ​បាន​ត​យុ​ទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេ‌សូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ «ចូរ​យើង​ស៊ី​ផឹក​ទៅ ដ្បិត​ថ្ងៃ​ស្អែ​ក​យើង​ស្លាប់ » 33សូមកុំ​ភាន់​ច្រឡំ «ពួក​ម៉ា​ក​អាក្រ​ក់​តែង​បង្ខូច​កិរិយា​ល្អ»។ 34ចូរ​ភ្ញាក់​ដឹង​ខ្លួន រស់​នៅ​ដោយ​សុចរិត ហើយ​ឈប់​ធ្វើ​បាប ដ្បិត​អ្នក​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខ្មាស។
រូប‌កាយ​អ្នក​ដែល​រស់​ឡើង​វិញ
35ប៉ុន្តែ នឹង​មាន​ម្នាក់​សួរ​ថា៖ «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​យ៉ាង​ដូច‌ម្តេច? តើ​គេ​រស់​ឡើង​វិញ​មាន​រូប‌កាយ​បែប​ណា?» 36មនុស្ស​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ បើ​វា​មិន​ស្លាប់​ទេ នោះ​វា​ក៏​មិន​រស់​ឡើង​វិញ​ដែរ។ 37គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ត្រូវ​ដុះ​ឡើង​នោះ​ទេ គឺ​ជា​គ្រាប់​សុទ្ធ‌សាធ ដូច​ជា​គ្រាប់​ស្រូ​វ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត​ដែរ។ 38ប៉ុន្តែ ព្រះ​ប្រទាន​ឲ្យ​ពូជ​នោះ​មាន​រូប​រាង តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ពូជ​នីមួយៗ មាន​រូប​រាង​តាម​ប្រភេទ​របស់​វា។ 39គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​សាច់​ម្យ៉ាង​សម្រាប់​មនុស្ស សាច់​ម្យ៉ាង​សម្រាប់​សត្វ​ចតុបាទ សាច់​ម្យ៉ាង​សម្រាប់​សត្វ​ស្លាប និង​សាច់​ម្យ៉ាង​សម្រាប់​ត្រី។ 40មាន​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប‌កាយ​នៅ​ផែនដី តែ​សិរី‌ល្អរបស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ ផ្សេង​ពី​រូប‌កាយ​នៅ​ផែនដី។ 41ព្រះ‌អា​ទិ​ត្យ​មាន​សិរីល្អ​ម៉្យាង ព្រះ‌ចន្ទ​មាន​សិរីល្អ​ម៉្យាង ផ្កា​យក៏​មាន​សិរីល្អ​ម៉្យាង ហើយ​សូម្បី​តែ​ផ្កា​យក៏​មាន​សិរីល្អ​ផ្សេង​គ្នា​ដែរ។
42ចំណែក​ឯ​មនុស្ស​ស្លាប់​ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ពុក​រលួយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក​រលួយ។ 43រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប​កាយ​អាប់​ឱន តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរីល្អ។ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប​កាយ​ទន់​ខ្សោយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ចេស្តា។ 44រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ខាង​សាច់​ឈាម តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​ខាង​វិញ្ញាណ ហើយ​បើ​មាន​រូប‌កាយ​ខាង​សាច់​ឈាម នោះ​រូប‌កាយ​ខាង​វិញ្ញាណ​ក៏​មាន​ដែរ។ 45ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «លោក​អ័ដាម​ដែល​ជា​មនុស្ស​មុន​ដំបូង បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង» តែ​លោក​អ័ដាម​ចុង​ក្រោយ​បង្អស់ ត្រឡប់​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ 46ប៉ុន្តែ មិន​មែន​រូប​កាយ​ខាង​វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ខាង​សាច់​ឈាម​វិញ បន្ទាប់​មក ទើប​រូប​កាយ​ខាង​វិញ្ញាណ​មក​តាម​ក្រោយ។ 47មនុស្ស​ទីមួយកើត​ចេញ​ពី​ដី​មក គឺ​ធ្វើ​ពី​ធូលី​ដី រីឯ​មនុស្ស​ទីពីរ​វិញ មក​ពី​ស្ថាន‌សួគ៌។ 48មនុស្ស​ម្នាក់​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី​ក៏​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្ថាន‌សួគ៌​ជា​យ៉ាង​ណា អស់​អ្នក​ដែល​កើត​ពី​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ។ 49យើង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​ធ្វើ​ពី​ធូលី​មក​យ៉ាង​ណា នោះ​យើង​ក៏​នឹង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​មក​ពី​ស្ថាន‌សួគ៌​យ៉ាង​នោះ​ដែរ។
50បង‌ប្អូន​អើយ សេចក្តី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​សេចក្តី​ពុក​រលួយ ក៏​មិន​អាច​គ្រង​សេចក្តី​ដែល​មិន​ចេះ​ពុក​រលួយ​បាន​ដែរ។ 51មើល៍ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​អាថ៌‌កំបាំង គឺ​ថា យើង​ទាំង‌អស់​គ្នា​នឹង​មិន​ដេក​លក់​ទេ តែ​យើង​ទាំង‌អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ 52ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ។ ដ្បិត​សំឡេង​ត្រែ​នឹង​បន្លឺ​ឡើង ហើយ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។ 53ដ្បិត​រូប‌កាយ​ដែល​ពុក​រលួយ​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ចេះ​ស្លាប់​វិញ។ 54នៅ​ពេល​រូប‌កាយ​ពុក​រលួយ​នេះ ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ពាក់​សេចក្តី​មិន​ចេះ​ស្លាប់ នោះ​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​នឹង​បាន​សម្រេច គឺ​ថា៖ «ជ័យ​ជម្នះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ» 55«ឱ​សេចក្តី​ស្លាប់​អើយ តើ​ជ័យ‌ជម្នះ​របស់​ឯង​នៅ​ឯ​ណា? ឱ​សេចក្តី​ស្លាប់​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា?» 56រី​ឯ​ទ្រនិច​នៃ​សេចក្តី​ស្លាប់ គឺ​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យ‌វិន័យ 57តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជម្នះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។
58ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល