១ កូរិនថូស 4
4
បេសកកម្មរបស់ពួកសាវក
1ដូច្នេះ ចូរចាត់ទុកយើង ដូចជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាអ្នកមើលខុសត្រូវចំពោះសេចក្តីអាថ៌កំបាំងរបស់ព្រះចុះ។ 2រីឯអ្នកមើលខុសត្រូវ ត្រូវមានចិត្តស្មោះត្រង់។ 3តែចំពោះខ្ញុំ ទោះជាអ្នករាល់គ្នា ឬអ្នកណាក៏ដោយដែលវាយតម្លៃខ្ញុំ នោះខ្ញុំមិនអំពល់អ្វីទេ ហើយខ្ញុំក៏មិនវាយតម្លៃខ្លួនឯងដែរ 4ព្រោះខ្ញុំមិនឃើញមានអ្វីប្រឆាំងនឹងមនសិការខ្ញុំឡើយ ប៉ុន្តែ មិនមែនគំនិតនោះទេដែលធ្វើឲ្យខ្ញុំសុចរិត គឺព្រះអម្ចាស់វិញទេតើដែលជំនុំជម្រះខ្ញុំ។ 5ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
6បងប្អូនអើយ ខ្ញុំបានរស់នៅតាមសេចក្តីទាំងនេះ ទាំងលោកអ័ប៉ុឡូស ទាំងខ្ញុំ សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង ហើយកុំឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ដើម្បីកុំឲ្យអ្នកណាមានអំនួត ដោយកាន់ជើងម្នាក់ រួចទាស់នឹងម្នាក់ទៀតនោះឡើយ។ 7ដ្បិតតើអ្នកណាធ្វើឲ្យអ្នកផ្សេងពីគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអ្នកអួតខ្លួន ហាក់ដូចជាអំណោយទាននោះមិនមែនមកពីព្រះអង្គ?
8អ្នករាល់គ្នាឆ្អែតស្កប់ស្កល់ហើយ! អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ! បើឥតមានយើង អ្នករាល់គ្នាបានត្រឡប់ជាស្ដេចហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានសោយរាជ្យមែន ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាផង! 9ដ្បិតខ្ញុំគិតថា ព្រះបានដាក់យើង ដែលជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិត ព្រោះយើងបានត្រឡប់ជាទស្សនីយភាពបង្ហាញឲ្យមនុស្សលោកឃើញ ទាំងពួកទេវតា ទាំងមនុស្សលោក។ 10យើងជាមនុស្សល្ងង់ល្ងើដោយព្រោះព្រះគ្រីស្ទ តែអ្នករាល់គ្នាវិញជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទ យើងទន់ខ្សោយ តែអ្នករាល់គ្នាខ្លាំង អ្នករាល់គ្នាមានកិត្តិយស តែយើងអាប់ឱនកេរ្តិ៍ឈ្មោះ។ 11រហូតមកទល់ពេលនេះ យើងឃ្លាន យើងស្រេក ខ្វះសម្លៀកបំពាក់ ត្រូវគេវាយ គ្មានផ្ទះសំបែង 12យើងធ្វើការនឿយហត់ដោយដៃរបស់យើងផ្ទាល់។ ពេលគេជេរ យើងឲ្យពរគេ ពេលគេបៀតបៀន យើងស៊ូទ្រាំ 13ពេលគេនិយាយមួលបង្កាច់ យើងនិយាយពាក្យល្អ។ យើងបានត្រឡប់ដូចជាសំរាមរបស់លោកីយ៍ ជាកម្អែលរបស់មនុស្សទាំងអស់ រហូតដល់ថ្ងៃនេះ។
ពាក្យរំឭកដាស់តឿនដូចឪពុកនឹងកូន
14ខ្ញុំសរសេរសេចក្តីទាំងនេះ មិនមែនធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាសទេ តែខ្ញុំទូន្មានអ្នករាល់គ្នា ដូចជាកូនស្ងួនភ្ងារបស់ខ្ញុំ។ 15ដ្បិតទោះជាអ្នករាល់គ្នាមានគ្រូមួយម៉ឺនក្នុងព្រះគ្រីស្ទ ក៏អ្នករាល់គ្នាគ្មានឪពុកច្រើនទេ តែខ្ញុំបានត្រឡប់ជាឪពុករបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ តាមរយៈដំណឹងល្អ។ 16ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរយកតម្រាប់តាមខ្ញុំចុះ។ 17ដោយហេតុនេះបានជាខ្ញុំចាត់ធីម៉ូថេ ជាកូនស្ងួនភ្ងាដ៏ស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមកជួបអ្នករាល់គ្នា ដើម្បីរំឭកអ្នករាល់គ្នា ពីរបៀបដែលខ្ញុំរស់នៅក្នុងព្រះគ្រីស្ទ ដូចខ្ញុំបង្រៀនក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។ 18អ្នកខ្លះមានឫកធំ ដោយស្មានថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទេ 19ប៉ុន្តែ បើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសម្ដីរបស់ពួកអ្នកដែលមានឫកធំប៉ុណ្ណោះ គឺនឹងស្គាល់អំណាចរបស់គេទៀតផង។ 20ដ្បិតព្រះរាជ្យរបស់ព្រះ មិនសិ្ថតនៅលើពាក្យសម្ដីទេ គឺស្ថិតនៅលើព្រះចេស្ដាវិញ។ 21តើអ្នករាល់គ្នាចូលចិត្តយ៉ាងណា? ចង់ឲ្យខ្ញុំមកជួបអ្នករាល់គ្នាទាំងកាន់ដំបង ឬដោយសេចក្តីស្រឡាញ់ និងចិត្តស្លូតបូត?
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies