១ កូរិន‌ថូស 4

4
បេសកកម្ម​របស់​ពួក​សាវក
1ដូច្នេះ ចូរ​ចាត់​ទុក​យើង ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ និង​ជា​អ្នក​មើល​ខុស​ត្រូវ​ចំពោះ​សេចក្តី​អាថ៌‌កំបាំង​របស់​ព្រះ​ចុះ។ 2រីឯ​អ្នក​មើល​ខុស​ត្រូវ ត្រូវ​មាន​ចិត្ត​ស្មោះ‌ត្រង់។ 3តែ​ចំពោះ​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ​ដែល​វាយ​តម្លៃ​ខ្ញុំ នោះ​ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ 4ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប្រឆាំង​នឹង​មនសិការ​ខ្ញុំ​ឡើយ ប៉ុន្តែ មិន​មែន​គំនិត​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សុចរិត គឺ​ព្រះ‌អម្ចាស់​វិញ​ទេ​តើ​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។ 5ដូច្នេះ មិន​ត្រូវ​ជំនុំ​ជម្រះ​មុន​ពេល​កំ​ណត់​ឡើយ ត្រូវ​រង់​ចាំ​ពេល​ព្រះ‌អម្ចាស់​យាង​មក​សិន ដ្បិត​ទ្រង់​នឹង​យក​អ្វីៗ​ដែល​លាក់​កំបាំង​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទីភ្លឺ ហើយ​ទ្រង់​នឹង​បើក​សម្ដែង​ឲ្យ​ឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ ពេល​នោះ គ្រប់​គ្នា​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។
6បង‌ប្អូន​អើយ ខ្ញុំ​បាន​រស់​នៅ​តាម​សេចក្តី​ទាំង​នេះ ទាំង​លោក​អ័ប៉ុ‌ឡូស ទាំង​ខ្ញុំ សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហា​ត់​រៀន​តាម​យើង ហើយ​កុំ​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្តី​ដែល​បាន​ចែង​ទុក​មក ដើម្បី​កុំ​ឲ្យ​អ្នក​ណា​មាន​អំនួត ដោយកាន់​ជើង​ម្នាក់ រួច​ទាស់​នឹង​ម្នាក់​ទៀត​នោះ​ឡើយ។ 7ដ្បិត​តើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ចុះ​បើ​អ្នក​បាន​ទទួល​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន ហាក់​ដូច​ជា​អំណោយ‌ទាន​នោះ​មិន​មែន​មក​ពី​ព្រះ‌អង្គ?
8អ្នក​រាល់​គ្នា​ឆ្អែ​ត​ស្កប់​ស្កល់​ហើយ! អ្នក​រាល់​គ្នា​មាន​ស្ដុក​ស្ដម្ភ​ហើយ! បើ​ឥត​មាន​យើង អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ដេច​ហើយ! ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​មែន ដើម្បី​ឲ្យ​យើង​បាន​សោយ​រាជ្យ​ជាមួយ​អ្នក​រាល់​គ្នា​ផង! 9ដ្បិត​ខ្ញុំ​គិត​ថា ព្រះ​បាន​ដាក់​យើង ដែល​ជា​ពួក​សាវក​ឲ្យ​នៅ​ក្រោយ​គេ​បង្អស់ ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត ព្រោះ​យើង​បាន​ត្រឡប់​ជា​ទស្សនីយ​ភាព​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ ទាំង​ពួក​ទេវតា ទាំង​មនុស្ស​លោក។ 10យើង​ជា​មនុស្ស​ល្ងង់‌ល្ងើ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ តែ​អ្នក​រាល់​គ្នា​វិញ​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ‌គ្រីស្ទ យើង​ទន់​ខ្សោយ តែ​អ្នក​រាល់​គ្នា​ខ្លាំង អ្នក​រាល់​គ្នា​មាន​កិត្តិយស តែ​យើង​អាប់​ឱន​កេរ្តិ៍​ឈ្មោះ។ 11រហូត​មក​ទល់​ពេល​នេះ យើង​ឃ្លាន យើង​ស្រេក ខ្វះ​សម្លៀក​បំពាក់ ត្រូវ​គេ​វាយ គ្មាន​ផ្ទះ​សំបែង 12យើង​ធ្វើ​ការ​នឿយ​ហត់​ដោយ​ដៃ​របស់​យើង​ផ្ទាល់។ ពេល​គេ​ជេរ យើង​ឲ្យ​ពរ​គេ ពេល​គេ​បៀត​បៀន យើង​ស៊ូ​ទ្រាំ 13ពេល​គេ​និយាយ​មួល​បង្កាច់ យើង​និយាយ​ពាក្យ​ល្អ។ យើង​បាន​ត្រឡប់​ដូច​ជា​សំរាម​របស់​លោកីយ៍ ជា​កម្អែល​របស់​មនុស្ស​ទាំង‌អស់ រហូត​ដល់​ថ្ងៃ​នេះ។
ពាក្យ​រំឭក​ដាស់​តឿន​ដូច​ឪពុក​នឹង​កូន
14ខ្ញុំ​សរ‌សេរ​សេចក្តី​ទាំង​នេះ មិន​មែន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស​ទេ តែ​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដូច​ជា​កូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ។ 15ដ្បិត​ទោះ​ជា​អ្នក​រាល់​គ្នា​មាន​គ្រូ​មួយ​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ ក៏​អ្នក​រាល់​គ្នា​គ្មាន​ឪពុក​ច្រើន​ទេ តែ​ខ្ញុំ​បាន​ត្រឡប់​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាម​រយៈ​ដំណឹង​ល្អ។ 16ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​យក​តម្រាប់​តាម​ខ្ញុំ​ចុះ។ 17ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ចាត់​ធីម៉ូថេ ជា​កូន​ស្ងួនភ្ងា​ដ៏​ស្មោះ‌ត្រង់​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់ ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា ដើម្បី​រំឭ​ក​អ្នក​រាល់​គ្នា ពី​របៀប​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដូច​ខ្ញុំ​បង្រៀន​ក្រុម​ជំនុំ​ទាំង‌អស់​នៅ​គ្រប់​ទី​កន្លែង។ 18អ្នក​ខ្លះ​មាន​ឫក​ធំ ដោយ​ស្មាន​ថា ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់​គ្នា​ទេ 19ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​ដែល​មាន​ឫក​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​អំណាច​របស់​គេ​ទៀត​ផង។ 20ដ្បិត​ព្រះរាជ្យ​របស់​ព្រះ មិន​សិ្ថត​នៅ​លើ​ពាក្យ​សម្ដី​ទេ គឺ​ស្ថិត​នៅ​លើ​ព្រះ​ចេស្ដា​វិញ។ 21តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា? ចង់​ឲ្យ​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត?

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល