១ ពេត្រុស 2
2
ថ្មរស់ និងប្រជារាស្ដ្រដែលព្រះបានជ្រើសរើស
1ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។ 2ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ 3ប្រសិនបើអ្នករាល់គ្នាពិតជាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ។
4ចូរអ្នករាល់គ្នាចូលមករកព្រះអង្គ ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោល តែព្រះបានជ្រើសរើស ហើយរាប់ជាមានតម្លៃវិសេសវិញ 5អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។ 6ដ្បិតមានចែងទុកក្នុងគម្ពីរថា៖ «មើល៍! យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មជ្រុងដែលបានជ្រើសរើស ហើយមានតម្លៃវិសេស អ្នកណាដែលជឿដល់ព្រះអង្គ នោះនឹងមិនត្រូវខ្មាសឡើយ» ។ 7ដូច្នេះ ដែលព្រះអង្គមានតម្លៃវិសេស នោះគឺសម្រាប់អ្នករាល់គ្នាដែលជឿ តែសម្រាប់ពួកអ្នកមិនជឿវិញ នោះ «ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» 8ហើយ «ជាថ្មជំពប់ និងជាថ្មដាដែលនាំឲ្យរវាតចិត្ត» ។ គេជំពប់ដួល ព្រោះគេមិនធ្វើតាមព្រះបន្ទូល ដូចដែលព្រះបានតម្រូវទុក។
9ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។ 10ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។
របៀបរស់នៅជាអ្នកបម្រើរបស់ព្រះ
11ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។ 12ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។
13ចូរចុះចូលគ្រប់ទាំងច្បាប់របស់មនុស្ស ដោយយល់ដល់ព្រះអម្ចាស់ ទោះបើត្រូវចុះចំពោះស្តេច ក្នុងឋានៈជាអ្នកធំជាងគេ 14ឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ 15ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។ 16ត្រូវរស់នៅដូចជាមនុស្សមានសេរីភាព តែមិនត្រូវប្រើសេរីភាពរបស់អ្នករាល់គ្នា ដើម្បីបិទបាំងអំពើអាក្រក់ឡើយ ត្រូវរស់នៅដូចជាអ្នកបម្រើរបស់ព្រះវិញ។ 17ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។
គំរូអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ
18ពួកអ្នកបម្រើអើយ ចូរចុះចូលនឹងចៅហ្វាយរបស់ខ្លួន ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនតែចៅហ្វាយណាដែលល្អ ហើយស្លូតបូតប៉ុណ្ណោះទេ គឺដល់ចៅហ្វាយដែលកាចផងដែរ។ 19ដ្បិតបើអ្នករាល់គ្នាស៊ូទ្រាំរងទុក្ខលំបាក ហើយឈឺចាប់ដោយអំពើអយុត្តិធម៌ ព្រោះយល់ដល់ព្រះ នោះគួរសរសើរហើយ។ 20ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។ 21ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។ 22ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ 23កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។ 24ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។ 25ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។
ទើបបានជ្រើសរើសហើយ៖
១ ពេត្រុស 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies