១ ពេត្រុស 5

5
ការ​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ
1ដូច្នេះ ក្នុង​នាម​ជា​ចាស់​ទុំ និង​ជា​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី​ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់​តឿន​ពួក​ចាស់​ទុំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា 2ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ចុះ ដោយ​គ្រប់​គ្រង​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ក៏​មិន​មែន​ចង់​បាន​កម្រៃ​ដែរ តែ​ដោយ​សុទ្ធ​ចិត្ត​វិញ 3មិន​មែន​ដោយ​ប្រើ​អំណាច​ជិះ​ជាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នោះ​ទេ គឺ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។ 4ពេល​មេ​គង្វាល​លេច​មក អ្នក​រាល់​គ្នា​នឹង​ទទួល​មកុដ​ដ៏​រុង​រឿង ដែល​មិន​ចេះ​ស្រពោន។ 5អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ។ គ្រប់​គ្នា​ត្រូវ​ប្រដាប់​កាយ​ដោយ​ចិត្ត​សុភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត «ព្រះ​ប្រឆាំង​នឹង​មនុស្ស​អួតខ្លួន តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែល​ដាក់​ខ្លួន​វិញ» ។
6ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​តម្កើង​អ្នក​រាល់​គ្នា​នៅ​វេលា​កំណត់។ 7ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។
8ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។ 9ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ជំនឿ​មាំ‌មួន ទាំង​ដឹង​ថា បង‌ប្អូន​រួម​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ពិភព​ទាំង​មូល ក៏​កំពុង​រង​ទុក្ខ​លំបាក​ដូច​អ្នក​រាល់​គ្នា​ដែរ។ 10ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​ក្នុង​ព្រះ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍ ឲ្យ​បាន​រឹង​ប៉ឹង ឲ្យ​មាន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ 11សូម​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្តា អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។
ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធពរ​ចុង​ក្រោយ
12ខ្ញុំ​បាន​សរសេរ​សំបុត្រ​យ៉ាង​ខ្លី​មក​អ្នក​រាល់​គ្នា តាម​រយៈ​លោក​ស៊ីល‌វ៉ាន ដែល​ខ្ញុំ​ចាត់​ទុក​ជា​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ធ្វើ​បន្ទាល់​ថា នេះ​ជា​ព្រះ‌គុណ​របស់​ព្រះ​ពិត​ប្រាកដ​មែន ចូរ​ឈរ​ឲ្យ​មាំ​មួន​ឡើង។ 13ក្រុម​ជំនុំ​នៅ​ក្រុង​បាប៊ី‌ឡូន ដែល​ព្រះ​បាន​ជ្រើស​រើស​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ 14សូម​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​ដែល​កើត​ចេញ​ពី​ចិត្ត​ស្រឡាញ់។ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

១ ពេត្រុស 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល