១ សាំយូអែល 10
10
1លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។ 2នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។ 3បន្ទាប់មក អ្នកនឹងចេញពីទីនោះ ទៅដល់ដើមម៉ៃសាក់នៅតាបោរ ហើយអ្នកនឹងជួបមនុស្សបីនាក់នៅទីនោះ ដែលកំពុងឡើងទៅឯព្រះ នៅបេត-អែល ម្នាក់កាន់កូនពពែបី ម្នាក់ទៀតកាន់នំបុ័ងបីដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ។ 4គេនឹងជម្រាបសួរដល់អ្នក ហើយនឹងជូននំបុ័ងពីរដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ។ 5បន្ទាប់មកទៀត អ្នកនឹងទៅដល់គីបៀថ-អេឡូហ៊ីម ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ អ្នកនឹងជួបពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ និងស៊ុងនាំមុខផង ហោរាទាំងនោះនឹងថ្លែងទំនាយ។ 6ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើអ្នក បណ្ដាលជាខ្លាំង អ្នកនឹងថ្លែងទំនាយជាមួយគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ។ 7កាលណាទីសម្គាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះអ្នកត្រូវធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះគង់ជាមួយអ្នកហើយ។ 8រួចអ្នកត្រូវចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅរកអ្នក ដើម្បីនឹងថ្វាយតង្វាយដុត និងយញ្ញបូជា ជាតង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំប្រាំពីរថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ»។
លោកសូលថ្លែងទំនាយ
9ដូច្នេះ ក៏កើតមកយ៉ាងនោះមែន កាលលោកសូលបានបែរចេញពីលោកសាំយូអែលទៅ នោះព្រះបំផ្លាស់បំប្រែចិត្តគាត់ ហើយទីសម្គាល់ទាំងនោះ ក៏កើតមកនៅថ្ងៃនោះ។ 10កាលគេទៅដល់គីបៀរ ហើយ នោះមើល៍ មានហោរាមួយក្រុមមកជួបលោក ហើយព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោកបណ្ដាលឡើងជាខ្លាំង ហើយលោកក៏ថ្លែងទំនាយនៅចំណោមអ្នកទាំងនោះ។ 11កាលពួកអ្នកដែលស្គាល់គាត់ពីមុន បានឃើញគាត់ទាយជាមួយពួកហោរាដូច្នោះ នោះគេនិយាយគ្នាថា៖ «តើមានកើតអ្វីដល់កូនគីសនេះ? តើសូលជាពួកហោរាដែរឬ?» 12រួចម្នាក់ដែលនៅទីនោះក៏ឆ្លើយឡើងថា៖ «តើពួកហោរាមានអ្នកណាជាឪពុក?»។ សេចក្ដីនោះក៏ត្រឡប់ទៅជាពាក្យទំនឹមទំនៀមថា «តើលោកសូលជាពួកហោរាដែរឬ?» 13ពេលគាត់ឈប់ថ្លែងទំនាយហើយ គាត់ក៏ឡើងទៅឯទីខ្ពស់។
14ឯមារបស់លោកសូលក៏សួរដល់គាត់ និងអ្នកបម្រើថា៖ «តើឯងបានទៅណា?» គាត់ឆ្លើយថា៖ «បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅជួបលោកសាំយូអែល»។ 15រួចមារបស់លោកសូលសួរថា៖ «ចូរប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ឯងដូចម្តេចខ្លះ»។ 16នោះលោកសូលឆ្លើយជម្រាបមាថា៖ «លោកបានប្រាប់យើងខ្ញុំច្បាស់ថា លាបានឃើញហើយ»។ ប៉ុន្តែ ត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជម្រាបដល់មាទេ។
លោកសូលត្រូវបានប្រកាសឡើងធ្វើជាស្តេច
17នៅគ្រានោះ លោកសាំយូអែលប្រមូលពួកកូនចៅអ៊ីស្រាអែលមកប្រជុំគ្នានៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា 18លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលយ៉ាងដូច្នេះថា "យើងបាននាំពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្ដាប់ដៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនអ្នករាល់គ្នា"។ 19ប៉ុន្តេ នៅថ្ងៃនេះ អ្នករាល់គ្នាបានបោះបង់ចោលព្រះរបស់អ្នក ដែលព្រះអង្គបានសង្គ្រោះអ្នក ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ អ្នករាល់គ្នាបានទូលព្រះអង្គថា "សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ" ដូច្នេះ ចូរអ្នករាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ»។
20លោកសាំយូអែលក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះរើសយកកុលសម្ព័ន្ធបេនយ៉ាមីន 21លោកឲ្យកុលសម្ព័ន្ធនោះចូលមកតាមអំបូររបស់គេ ហើយចាប់ឆ្នោតចំលើអំបូរម៉ាទ្រី បន្ទាប់មក ចំលើលោកសូល ជាកូនលោកគីស តែកាលគេរកគាត់ នោះរកមិនឃើញទេ។ 22ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា៖ «តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាមានព្រះបន្ទូលថា មើល៍ វាកំពុងតែពួននៅក្នុងអីវ៉ាន់»។ 23គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្ដាលពួកជន នោះគាត់មានកម្ពស់ខ្ពស់ជាងគេទាំងអស់ ឯប្រជាជនបានត្រឹមតែស្មាររបស់គាត់ទេ 24លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «អ្នករាល់គ្នាឃើញមនុស្សដែលព្រះយេហូវ៉ាបានជ្រើសរើសនេះឬទេ? ក្នុងចំណោមប្រជាជនទាំងអស់ គ្មានអ្នកណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកឡើងថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
25គ្រានោះ លោកសាំយូអែលក៏ពន្យល់ប្រាប់ដល់ពួកប្រជាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកប្រជាជនត្រឡប់ទៅផ្ទះគេរៀងខ្លួនវិញទៅ។ 26ស្ដេចសូលក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្ដាលចិត្តគេទៅជាមួយផង។ 27តែមានពួកពាលអនាថាខ្លះនិយាយថា៖ «ធ្វើដូចម្តេចឲ្យអ្នកនោះសង្គ្រោះយើងបាន?» គេក៏មើលងាយដល់លោក ហើយមិនបានយកភ័ស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។
[គ្រានោះ ណាហាសជាស្ដេចសាសន៍អាំម៉ូនបានសង្កត់សង្កិនពួកកាដ និងពួករូបេន ដែលរស់នៅខាងកើតទន្លេយ័រដាន់យ៉ាងជូរចត់។ ស្ដេចរកខ្វេះភ្នែកស្ដាំរបស់ពួកអ៊ីស្រាអែលគ្រប់គ្នាដែលរស់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកសង្គ្រោះពួកគេឡើយ តែក្នុងចំណោមពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅខាងកើតទន្លេយ័រដាន់ គ្មានអ្នកណាម្នាក់ត្រូវបានណាហាស ជាស្ដេចសាសន៍អាំម៉ូនខ្វេះភ្នែកស្ដាំឡើយ។ មានមនុស្សប្រាំពីរពាន់នាក់ ដែលបានរត់ចេញពីពួកសាសន៍អាំម៉ូន ហើយចូលទៅតាំងទីលំនៅនៅក្រុងយ៉ាបេស-កាឡាត] ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies