១ សាំ‌យូ‌អែល 10

10
1លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។ 2នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​មនុស្ស​ពីរ​នាក់ ក្បែរ​ផ្នូរ​លោក​ស្រី​រ៉ាជែល​នៅ​ភូមិ​សេល‌សា ក្នុង​ព្រំ​ប្រទល់​ស្រុក​បេនយ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា "សត្វ​លា​ដែល​អ្នក​រក​នោះ​បាន​ឃើញ​ហើយ ឥឡូវ​នេះ ឪពុក​អ្នក​លែង​គិត​ពី​លាហើយ តែ​ព្រួយ​ចិត្ត​អំពី​អ្នក​វិញ ដោយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​ខ្ញុំ​មក​វិញ?"។ 3បន្ទាប់​មក អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ ហើយ​អ្នក​នឹងជួប​មនុស្ស​បី​នាក់នៅ​ទី​នោះ ដែល​កំពុង​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល ម្នាក់​កាន់​កូន​ពពែ​បី ម្នាក់​ទៀត​កាន់​នំបុ័ង​បី​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ។ 4គេ​នឹង​ជម្រាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​ពីរ​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ។ 5បន្ទាប់​មក​ទៀត អ្នក​នឹង​ទៅ​ដល់គីបៀថ-អេឡូហ៊ីម ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ អ្នក​នឹង​ជួប​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ និង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ថ្លែង​ទំនាយ។ 6ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​អ្នក បណ្ដាល​ជា​ខ្លាំង អ្នក​នឹង​ថ្លែងទំនាយ​ជា‌មួយ​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ។ 7កាល​ណា​ទី​សម្គាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​អ្នក​ត្រូវ​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​គង់​ជា‌មួយ​អ្នក​ហើយ។ 8រួច​អ្នក​ត្រូវ​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​រក​អ្នក ដើម្បី​នឹង​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី ចូរ​អ្នក​អង់​ចាំ​ខ្ញុំ​ប្រាំពីរ​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ»។
លោក​សូលថ្លែង​ទំនាយ
9ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​លោក​សូល​បាន​បែរ​ចេញ​ពី​លោកសាំយូ‌អែល​ទៅ នោះ​ព្រះ​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី‌សម្គាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ។ 10កាល​គេ​ទៅ​ដល់​គី‌បៀរ ហើយ នោះ​មើល៍ មាន​ហោរា​មួយ​ក្រុម​មក​ជួបលោក ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​មក​សណ្ឋិត​លើ​លោក​បណ្ដាល​ឡើង​ជា​ខ្លាំង ហើយ​លោក​ក៏​ថ្លែងទំនាយ​នៅ​ចំណោមអ្នក​ទាំង​នោះ។ 11កាល​ពួក​អ្នក​ដែល​ស្គាល់​គាត់​ពី​មុន បាន​ឃើញ​គាត់​ទាយ​ជា‌មួយ​ពួក​ហោរា​ដូច្នោះ នោះ​គេ​និយាយ​គ្នា​ថា៖ «តើ​មាន​កើត​អ្វី​ដល់​កូន​គីស​នេះ? តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ?» 12រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក?»។ សេចក្ដី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា «តើ​លោក​សូល​ជា​ពួក​ហោរា​ដែរ​ឬ?» 13ពេល​គាត់​ឈប់​ថ្លែងទំនាយ​ហើយ គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់។
14ឯ​មា​របស់​លោក​សូល​ក៏​សួរ​ដល់​គាត់ និង​អ្នក​បម្រើ​ថា៖ «តើ​ឯង​បាន​ទៅ​ណា?» គាត់​ឆ្លើយ​ថា៖ «បាន​ទៅ​រក​ហ្វូង​លា តែ​កាល​យើង​ខ្ញុំ​រក​វា​នៅ​ទី​ណា​មិន​ឃើញ នោះ​ក៏​ទៅ​ជួប​លោក​សាំយូ‌អែល»។ 15រួច​មា​របស់​លោក​សូល​សួរ​ថា៖ «ចូរ​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រ‌សាសន៍​ប្រាប់​ឯង​ដូច​ម្តេច​ខ្លះ»។ 16នោះ​លោក​សូល​ឆ្លើយ​ជម្រាប​មា​ថា៖ «លោក​បាន​ប្រាប់​យើង​ខ្ញុំ​ច្បាស់​ថា លា​បាន​ឃើញ​ហើយ»។ ប៉ុន្តែ ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជម្រាប​ដល់​មា​ទេ។
លោក​សូល​ត្រូវ​បាន​ប្រកាស​ឡើង​ធ្វើ​ជា​ស្តេច
17នៅ​គ្រា​នោះ លោកសាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីស‌ប៉ា 18លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា "យើង​បាន​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្ដាប់​ដៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា"។ 19ប៉ុន្តេ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្ដី​វេទនា​របស់​ឯង ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ទូល​ព្រះ‌អង្គ​ថា "សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ" ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ»។
20លោកសាំយូ‌អែល​ក៏​ឲ្យ​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ចូល​មក ហើយ​ព្រះ​រើស​យក​កុល‌សម្ព័ន្ធ​បេនយ៉ាមីន 21លោក​ឲ្យ​កុល‌សម្ព័ន្ធ​នោះ​ចូល​មក​តាម​អំបូរ​របស់​គេ ហើយចាប់​ឆ្នោត​ចំ​លើ​អំបូរ​ម៉ាទ្រី បន្ទាប់​មក ចំ​លើ​លោក​សូល ជា​កូន​លោក​គីស តែ​កាល​គេ​រក​គាត់ នោះ​រក​មិន​ឃើញ​ទេ។ 22ដូច្នេះ គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា៖ «តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល៍ វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់»។ 23គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​ជន នោះ​គាត់​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ប្រជាជន​បាន​ត្រឹម​តែ​ស្មារ​របស់​គាត់​ទេ 24លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​នេះ​ឬ​ទេ? ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ គ្មាន​អ្នក​ណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​យឺន​យូរ!»។
25គ្រា​នោះ លោកសាំយូ‌អែល​ក៏​ពន្យល់​ប្រាប់​ដល់​ពួក​ប្រជាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ។ 26ស្ដេច​សូល​ក៏​ទៅ​ឯ​លំ‌នៅ​របស់​លោក​នៅ​គី‌បៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ​ទៅ​ជា‌មួយ​ផង។ 27តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​សង្គ្រោះ​យើង​បាន?» គេ​ក៏​មើល​ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភ័ស្តុ‌ភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។
[គ្រានោះ ណាហាស​ជា​ស្ដេច​សាសន៍​អាំម៉ូន​បាន​សង្កត់​សង្កិនពួក​កាដ និង​ពួក​រូបេន ដែល​រស់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​យ៉ាង​ជូរចត់។ ស្ដេចរក​ខ្វេះ​ភ្នែក​ស្ដាំ​របស់ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា​ដែល​រស់នៅ​ទី​នោះ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​សង្គ្រោះ​ពួក​គេ​ឡើយ តែ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គ្មាន​អ្នក​ណា​ម្នាក់ត្រូវ​បាន​ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​ខ្វេះ​ភ្នែក​ស្ដាំ​ឡើយ។ មាន​មនុស្សប្រាំពីរ​ពាន់នាក់ ដែល​បាន​រត់​ចេញ​ពី​ពួក​សាសន៍​អាំម៉ូន ហើយ​ចូល​ទៅតាំង​ទី​លំនៅនៅក្រុង​យ៉ាបេស-កាឡាត] ។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល