១ សាំយូអែល 16
16
លោកដាវីឌត្រូវតែងតាំងឡើងធ្វើជាស្តេច
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។ 2លោកសាំយូអែលនិយាយថា៖ «តើឲ្យទូលបង្គំទៅយ៉ាងម៉េចបាន? ប្រសិនបើស្ដេចសូលបានឮ ទ្រង់នឹងសម្លាប់ទូលបង្គំហើយ» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរយកគោក្រមុំមួយទៅជាមួយ ហើយនិយាយថា "ខ្ញុំមកដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។ 3ចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះយើងនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវធ្វើយ៉ាងណា អ្នកត្រូវចាក់ប្រេងលើអ្នកណាដែលយើងនឹងប្រាប់ ដើម្បីញែកសម្រាប់យើង»។ 4លោកសាំយូអែលបានធ្វើដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោក ហើយក៏បានទៅដល់បេថ្លេហិម។ ពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា៖ «តើលោកអញ្ជើញមកដោយមេត្រីទេឬ?» 5លោកឆ្លើយថា៖ «ដោយមេត្រីទេ ខ្ញុំមកដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះ ចូរអ្នករាល់គ្នាសម្អាតកាយឲ្យបានបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា» លោកក៏ញែកអ៊ីសាយ និងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។
6ពេលគេចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា៖ «នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំង ឲ្យមកនៅចំពោះព្រះយេហូវ៉ាហើយ»។ 7ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។ 8រួចអ៊ីសាយហៅអ័ប៊ីណាដាប់មក ឲ្យដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសយកអ្នកនេះទេ»។ 9នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា៖ «ព្រះយេហូវ៉ាក៏មិនរើសយកអ្នកនេះដែរ»។ 10អ៊ីសាយក៏ឲ្យកូនទាំងប្រាំពីរនាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាមិនរើសអ្នកទាំងនេះឡើយ» 11ហើយសួរថា៖ «តើកូនរបស់អ្នកមកអស់ហើយឬនៅ?» គាត់ឆ្លើយថា៖ «នៅមានកូនពៅមួយទៀត វាកំពុងតែឃ្វាលចៀម» លោកមានប្រសាសន៍ទៅអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ»។ 12គាត់ក៏ឲ្យគេទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូលទៅចាក់ប្រេងឲ្យចុះ គឺអ្នកនេះហើយ»។ 13លោកសាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅមុខពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះមក ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ។ ស្រេចហើយ លោកសាំយូអែលក៏ក្រោកឡើងទៅរ៉ាម៉ាវិញ។
ដាវីឌលេងពិណថ្វាយស្តេចសូល
14ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏ដកថយចេញពីស្ដេចសូល ហើយព្រះយេហូវ៉ាបានចាត់វិញ្ញាណអាក្រក់មួយឲ្យមកបំភ័យទ្រង់។ 15ពួកមហាតលិករបស់ស្ដេចសូលទូលថា៖ «មើល៍! មានវិញ្ញាណអាក្រក់ពីព្រះមកបំភ័យទ្រង់ហើយ។ 16ដូច្នេះ សូមព្រះករុណាទ្រង់បង្គាប់មកយើងខ្ញុំ ជាអ្នកបម្រើ ដែលនៅចំពោះព្រះករុណា ឲ្យរកមនុស្សម្នាក់ដែលប្រសប់លេងពិណមក កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើទ្រង់ នោះគេនឹងលេងពិណ ដើម្បីឲ្យទ្រង់បានធូរស្រាល»។ 17ស្ដេចសូលមានរាជឱង្ការទៅកាន់រាជបម្រើថា៖ «ដូច្នេះ ចូរទៅរកមនុស្សម្នាក់ដែលចេះលេងពីរោះ ហើយនាំមកជួបយើង»។ 18មានយុវជនម្នាក់ទូលថា៖ «ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចម្បាំង ក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាក៏គង់ជាមួយអ្នកនោះ»។ 19ដូច្នេះ ស្ដេចសូលបានចាត់គេឲ្យទៅរកអ៊ីសាយប្រាប់ថា៖ «សូមឲ្យដាវីឌ ជាកូនអ្នក ដែលកំពុងតែឃ្វាលចៀម មកជួបយើង»។ 20អ៊ីសាយក៏យកលាមួយមក រៀបចំនំបុ័ង ស្រាទំពាំងបាយជូរពេញមួយថង់ស្បែក និងកូនពពែមួយ ផ្ញើទៅជាមួយដាវីឌជាកូន ថ្វាយស្តេចសូល។ 21ដាវីឌក៏មកជួបស្ដេចសូល ហើយនៅបម្រើទ្រង់ ក៏ជាទីគាប់ព្រះហឫទ័យទ្រង់ណាស់ ហើយស្ដេចសូលឲ្យគាត់ធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គ។ 22រួចស្ដេចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា៖ «សូមឲ្យដាវីឌឈរបម្រើនៅមុខយើងចុះ ព្រោះយើងពេញចិត្តវាណាស់»។ 23កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើស្ដេចសូល នោះដាវីឌក៏យកពិណមកចាប់លេងថ្វាយ រួចស្ដេចសូលក៏បានធូរស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies