១ សាំយូអែល 19
19
យ៉ូណាថានជួយសូមទោសឲ្យដាវីឌ
1ស្ដេចសូលបង្គាប់ដល់យ៉ូណាថានជាបុត្រា និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រារបស់ស្ដេចសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ 2បានជាលោកប្រាប់ដល់ដាវីឌថា៖ «បិតាខ្ញុំរកសម្លាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមអ្នកប្រយ័ត្នខ្លួន ត្រូវពួននៅក្នុងទីសម្ងាត់ណាមួយទៅ 3នោះខ្ញុំនឹងចេញទៅឈរជាមួយបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើសុំពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់អ្នក»។ 4ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់ស្ដេចសូលជាបិតាថា៖ «សូមកុំឲ្យបិតាធ្វើបាបដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើនោះ សុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់។ 5គាត់បានប្រថុយជីវិត ទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោស ដោយសម្លាប់គាត់ឥតហេតុដូច្នេះធ្វើអី?» 6ស្ដេចសូលក៏ស្តាប់តាមពាក្យយ៉ូណាថាន ហើយស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា៖ «ដាវីឌមិនត្រូវស្លាប់ទេ»។ 7ដូច្នេះ យ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅជួបស្ដេចសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។
ព្រះនាងមីកាលជួយដាវីឌឲ្យគេចរួចពីស្ដេចសូល
8សម័យនោះ កើតមានចម្បាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសម្លាប់ជីវិតគេយ៉ាងសម្បើម គេក៏រត់ពីមុខលោកទៅ។ 9រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង 10ស្រាប់តែស្ដេចសូលរកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ តែលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះ ដាវីឌក៏រត់រួចនៅយប់នោះឯង។
11ស្ដេចសូលបានចាត់គេឲ្យទៅផ្ទះដាវីឌ ដើម្បីចាំយាម ហើយសម្លាប់លោកនៅពេលព្រឹក។ តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា៖ «បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ ថ្ងៃស្អែកអ្នកនឹងត្រូវស្លាប់ហើយ»។ 12ដូច្នេះ មីកាលបានសម្រូតដាវីឌចុះតាមបង្អួច ហើយលោកក៏រត់ចេញរួច។ 13នាងមីកាលយករូបព្រះ មួយទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង 14ពេលស្ដេចសូលចាត់គេឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា៖ «លោកឈឺ»។ 15បន្ទាប់មក ស្ដេចសូលចាត់គេឲ្យទៅមើលដាវីឌដោយមានរាជឱង្ការថា៖ «ចូរសែងយកវាទាំងដេកនៅលើគ្រែមក ឲ្យយើងសម្លាប់វាចោល»។ 16ពេលពួកនោះបានទៅដល់ ឃើញមានតែរូបព្រះផ្តេកនៅលើគ្រែ និងខ្នើយរោមពពែ ដាក់កើយក្បាលទេ។ 17ស្ដេចសូលសួរមីកាលថា៖ «ម្តេចក៏ឯងបញ្ឆោតបិតា ហើយទុកឲ្យសត្រូវរត់រួចទៅដូច្នេះ?» មីកាលទូលឆ្លើយថា៖ «គាត់បានកំហែងខ្ញុំម្ចាស់ថា "ចូរឲ្យខ្ញុំទៅ ចង់ឲ្យខ្ញុំសម្លាប់ឯងឬ?"»
ដាវីឌទៅជួបសាំយូអែលនៅរ៉ាម៉ា
18ដាវីឌបានរត់រួចទៅដល់សាំយូអែលនៅឯរ៉ាម៉ា ហើយជម្រាបពីសេចក្ដីទាំងប៉ុន្មានដែលសូលបានធ្វើដល់ខ្លួន រួចលោក និងសាំយូអែលក៏នាំគ្នាទៅនៅឯណាយ៉ូត។ 19មានគេទូលដល់ស្ដេចសូលថា៖ «ដាវីឌនៅឯណាយ៉ូត នៅស្រុករ៉ាម៉ា»។ 20ពេលនោះ ស្ដេចសូលចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើពួកអ្នកដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ថ្លែងទំនាយដែរ។ 21កាលដំណឹងនោះបានឮទៅដល់ស្ដេចសូល ទ្រង់ចាត់មួយពួកទៀតឲ្យទៅ តែអ្នកទាំងនោះក៏ថ្លែងទំនាយដែរ ស្ដេចសូលចាត់មនុស្សឲ្យទៅជាគម្រប់បីដង តែគេថ្លែងទំនាយដូចគ្នាទាំងអស់។ 22ពេលនោះ ទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយអង្គទ្រង់ផ្ទាល់ កាលបានទៅដល់អណ្តូងមួយនៅត្រង់សេគូវ ទ្រង់សួរគេថា៖ «តើសាំយូអែល និងដាវីឌនៅឯណា?» គេឆ្លើយថា៖ «លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា» 23ទ្រង់ក៏យាងទៅឯណាយ៉ូត ស្រុករ៉ាម៉ានោះ ស្រាប់តែព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើទ្រង់ ហើយទ្រង់យាងទៅទាំងថ្លែងទំនាយបណ្តើរ រហូតដល់ណាយ៉ូតនៅស្រុករ៉ាម៉ា។ 24ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ថ្លែងទំនាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញមួយថ្ងៃមួយយប់ ហេតុនោះបានជាគេសួរថា៖ «តើសូលជាពួកហោរាដែរឬ?»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 19: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies