១ សាំ‌យូ‌អែល 22

22
ដាវីឌ និង​កង‌ទ័ព​របស់​លោក​នៅអាឌូឡាម
1ដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស​ខ្លួន​ទៅ​ក្នុង​រអាង​អាឌូឡាម កាល​ពួក​បង‌ប្អូន និង​គ្រួសារ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​រក​លោក​នៅ​ទី​នោះ។ 2អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​វេទនា និង​អស់​អ្នក​ណា​ដែល​ជាប់​បំណុល និង​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជូរ​ជ្រេញ​ក្នុង​ចិត្ត គេ​ក៏​ប្រមូល​គ្នា​ទៅ​ជួប​លោក មាន​ចំនួន​ប្រហែល​ជា​បួនរយ​នាក់​នៅ​ជា‌មួយ​លោក ហើយ​លោក​ធ្វើ​ជា​មេ​លើ​គេ។
3ពី​ទី​នោះ ដាវីឌ​ក៏​ចេញ​ទៅ​មីស‌ប៉ា នៅ​ស្រុក​ម៉ូអាប់ លោក​ទូល​សូម​ស្តេច​ម៉ូអាប់​ថា៖ «សូម​ព្រះ‌អង្គ​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​របស់​ទូល‌បង្គំស្នាក់​អា‌ស្រ័យ​ជា‌មួយ​ព្រះ‌ករុណា​ផង រហូត​ដល់​ទូល‌បង្គំ​ដឹង​ជា​ព្រះ​នឹង​ប្រព្រឹត្ត​ដល់​ទូល‌បង្គំ​ជា​យ៉ាង​ណា»។ 4លោក​ក៏​នាំ​ឪពុក​ម្តាយ​ទៅ​គាល់​ស្តេច​ម៉ូអាប់ រួច​គេ​អាស្រ័យ​នៅ​ជា‌មួយ​ទ្រង់ អស់​កំណត់​ពេល​ដែល​ដាវីឌ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន។ 5ឯ​ហោរា​កាដ​ក៏​ជម្រាប​លោក​ថា៖ «កុំ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន​នេះ​ឡើយ សូម​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ ដាវីឌ​ក៏​ចេញ​ដំណើរ​ទៅ​កាន់​ព្រៃ​ហោ‌រេក។
ស្ដេច​សូល​សម្លាប់​ពួក​សង្ឃ​នៅ​ភូមិ​ណូប
6ស្ដេច​សូល​ឮ​ថា មាន​គេ​បាន​ឃើញ​ដាវីឌ និង​ពួក​មនុស្ស​ដែល​នៅ​ជា‌មួយ​លោក គ្រា​នោះ ស្ដេច​សូល​កំពុង​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ត្រង់​គី‌បៀរ​នៅ​ស្រុក​រ៉ាម៉ា មាន​ទាំង​លំពែង​នៅ​ព្រះ‌ហស្ត ហើយ​ពួក​មហា‌តលិក​របស់​ព្រះ‌អង្គ​ឈរ​ព័ទ្ធ​ជុំ​វិញ​ផង។ 7ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ដែល​ឈរ​ជុំ​វិញ​នោះ​ថា៖ «នែ៎ ពួក​បេនយ៉ាមីន​អើយ ចូរ​ស្តាប់​យើង តើ​កូន​អ៊ីសាយ​នោះ​នឹង​ចែក​ស្រែ​ចម្ការ​ឲ្យ​ដល់​ឯង​គ្រប់​គ្នា​ឬ? តើ​វា​នឹង​តាំង​ឯង​ទាំង​អស់​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​មួយ​ពាន់​នាក់ ហើយ​លើ​មួយរយ​នាក់​ឬ? 8ហេតុ​អ្វី​បាន​ជា​ឯង​ទាំង​អស់​គ្នា​រួម​គំនិត​គិត​ក្បត់​យើង​ដូច្នេះ? គ្មាន​អ្នក​ណា​មួយ​ប្រាប់​ឲ្យ​យើង​ឲ្យ​ដឹង ក្នុង​កាល​ដែល​កូន​យើង​បាន​ចុះ​សញ្ញា​នឹង​កូន​អ៊ីសាយ​នោះ​ទេ ក៏​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ឯង​ដែល​ឈឺ​ឆ្អាល​នឹង​យើង​សោះ ឬ​បង្ហាញ​ឲ្យ​ដឹង​ថា កូន​យើង​បាន​ពន្យុះ​អ្នក​បម្រើ​របស់​យើង ឲ្យ​លប​ចាំ​ទាស់​នឹង​យើង ដូច​ជា​សព្វ​ថ្ងៃ​នេះ​ផង»។ 9នោះ​ដូអេក ជា​សាសន៍​អេដុម ដែល​ឈរ​ជិត​ពួក​មហា‌តលិក​របស់​សូល ក៏​ទូល​ឆ្លើយ​ឡើង​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​កូន​អ៊ីសាយ​មក​រក​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័ហ៊ី‌ទូប នៅ​ត្រង់​ណូប 10ហើយ​លោក​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​វា ក៏​បាន​ឲ្យ​អាហារ និង​ដាវ​របស់​កូលី‌យ៉ាត​ជា​សាសន៍​ភីលី‌ស្ទីន​ទៅ​វា​ផង»។
11ស្តេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ័ហ៊ី‌ម៉ាលេក ជា​សង្ឃ​ដែល​ជា​កូន​អ័ហ៊ី‌ទូប និង​គ្រួសារ​ឪពុក​លោក​ទាំង​អស់​ដែល​នៅ​ត្រង់​ណូប​មក គេ​ក៏​មក​គាល់​ស្តេច​ទាំង​អស់​គ្នា។ 12ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «ចូរ​ស្តាប់ កូន​អ័ហ៊ី‌ទូប!»។ លោក​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។ 13ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក និង​កូន​អ៊ីសាយ​រួម​គំនិត​ទាស់​នឹង​យើង ដោយ​បាន​ឲ្យ​អាហារ និង​ដាវ​ដល់​វា ហើយ​ទូល​ព្រះ​ឲ្យ​វា​ផង ដើម្បី​ឲ្យ​វា​បាន​លើក​គ្នា​មក​លប​ចាំ​ទាស់​នឹង​យើង ដូច​ជា​សព្វ​ថ្ងៃ​នេះ​ដូច្នេះ?» 14អ័ហ៊ី‌ម៉ាឡេក​ទូល​ឆ្លើយ​ស្ដេច​ថា៖ «នៅ​ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន តើ​មាន​អ្នក​ណា​ដែល​ស្មោះ​ត្រង់​ដូច​ដាវីឌ? លោក​ជា​កូន​ប្រសា​របស់​ព្រះ‌មហាក្សត្រ ជា​មេទ័ព​កង​អង្គរក្ស​របស់​ព្រះ‌ករុណា ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ដំណាក់​របស់​ព្រះ‌ករុណា​ទៀត​ផង។ 15ដូច្នេះ នៅ​ថ្ងៃ​នេះ ដែល​ទូល‌បង្គំ​បាន​ទូល​សួរ​ដល់​ព្រះ នោះ​តើ​បាន​ទូល​សួរ​ឲ្យ​លោក​ឬ សូម​ឲ្យ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ទម្លាក់​កំហុស​លើ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឬ​អ្នក​ណា​មួយ​ក្នុង​គ្រួសារ​ឪពុក​ទូល‌បង្គំ​ដូច្នេះ​ឡើយ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មិន​បាន​ដឹង​ពី​រឿង​ទាំង​នេះ​ទេ ទោះ​ច្រើន ឬ​តិច​ក្តី»។ 16ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «អ័ហ៊ី‌ម៉ាឡេក​ឯង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ គឺ​ឯង​ហើយ​និង​គ្រួសារ​ឪពុក​ឯង​ទាំង​អស់​គ្នា​ផង»។ 17រួច​ស្តេច​ក៏​បង្គាប់​ដល់​ពួក​តម្រួត​ដែល​ឈរ​នៅ​ជុំ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​ចោល​ទៅ ព្រោះ​គេ​បាន​ចូល​ដៃ​នឹង​ដាវីឌ​ហើយ គេ​បាន​ដឹង​ថា​វា​រត់ តែ​មិន​បាន​ប្រាប់​ដល់​យើង​សោះ» តែ​ពួក​តម្រួត​របស់​ស្តេច គេ​មិន​ព្រម​លើក​ដៃ​ទៅ​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។ 18នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ដូអេក​ថា៖ «ចូរ​ទៅ​សម្លាប់​ពួក​សង្ឃ​ទាំង​នោះ​ទៅ»។ ដូច្នេះ ដូអេក ជា​សាសន៍​អេដុម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សម្លាប់​ស្លាប់​អស់​ប៉ែតសិប​ប្រាំ​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត​ទេស។ 19នៅ​ក្រុង​ណូប​ជា​ទី​ក្រុង​របស់​ពួក​សង្ឃ​នោះ គាត់​ក៏​ប្រហារ​ដោយ​មុខ​ដាវ​ដែរ គឺ​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង និង​កូន​ដែល​នៅ​បៅ ទាំង​គោ ទាំង​លា និង​ចៀម​ផង។
20ប៉ុន្តែ មាន​ម្នាក់​ឈ្មោះ​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ាឡេក ដែល​ជា​កូន​អ័ហ៊ី‌ទូប បាន​រត់​រួច​ទៅ​ដល់​ដាវីឌ 21ជម្រាប​ពី​ដំណើរ​ដែល​សូល​បាន​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​អស់​ហើយ។ 22នោះ​ដាវីឌ​មាន​ប្រ‌សាសន៍​ទៅ​អ័បៀ‌ថើរ​ថា៖ «នៅ​ថ្ងៃ​នោះ កាល​ខ្ញុំ​ឃើញ​ដូអេក ជា​សាសន៍​អេដុម​នៅ​ទី​នោះ ខ្ញុំ​បាន​ដឹង​ថា គាត់​នឹង​ទូល​ពិត​ដល់​សូល​ជា​មិន​ខាន។ ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​ឪពុក​អ្នក​ស្លាប់​ទាំង​អស់​គ្នា។ 23ចូរ​អ្នក​នៅ​ជា‌មួយ​ខ្ញុំ កុំ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អ្នក​ដែល​ស្វែង​រក​ជីវិត​ខ្ញុំ ក៏​រក​ជីវិត​អ្នក​ដែរ តែ​នៅ​ជា‌មួយ​ខ្ញុំ​នេះ អ្នក​នឹង​បាន​សេចក្ដី​សុខ»។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល