១ សាំ‌យូ‌អែល 23

23
ដាវីឌ​សង្គ្រោះ​ប្រជាជន​នៅ​ក្រុង​កៃឡា
1គ្រា​នោះ មាន​គេ​មក​ជម្រាប​ដាវីឌ​ថា៖ «ពួក​ភីលី‌ស្ទីន គេ​មក​ច្បាំង​នឹង​ក្រុង​កៃឡា គេ​កំពុង​តែ​ប្លន់​យក​ស្រូវ​ពី​លាន​ទាំង​ប៉ុន្មាន​ហើយ»។ 2ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​នោះ​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​សង្គ្រោះ​ពួក​កៃឡា​ចុះ»។ 3តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា៖ «មើល៍ នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្ដី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលី‌ស្ទីន​នោះ តើ​នឹង​ភ័យ​ជា​ជាង​យ៉ាង​ណា​ទៅ​ទៀត?» 4ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​រៀបចំ​ចុះ​ទៅ​កៃឡា​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ពួក​ភីលី‌ស្ទីន​នោះ មក​ក្នុង​កណ្ដាប់​ដៃ​ឯង​ហើយ»។ 5នោះ​ដាវីឌ និង​ពួក​លោក ក៏​ទៅ​កៃឡា ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ហើយ​ចាប់​យក​បាន​ហ្វូង​សត្វ​របស់​គេ ព្រម​ទាំង​ប្រហារ​ជីវិត​គេ​យ៉ាង​សម្បើម គឺ​យ៉ាង​នោះ​ហើយ​ដែល​ដាវីឌ​បាន​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​កៃឡា។
6កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ាលេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​មួយ ជាប់​ទៅ​ជា‌មួយ​ដែរ។ 7មាន​គេ​ទូល​ដល់​សូល​ថា៖ «ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ» ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ​បាន​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​យើង ដ្បិត​វា​ទាល់​ច្រក​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារ និង​រនុក​ដូច្នេះ»។ 8ស្ដេច​សូល​ក៏ប្រមូល​ទ័ព​ទាំងអស់​ឲ្យ​ទៅ​ច្បាំង ដើម្បី​ចុះ​ទៅក្រុង​កៃឡា ឡោម‌ព័ទ្ធ​ចាប់​ដាវីឌ និង​ពួក​របស់​លោក។ 9ដាវីឌ​ជ្រាប​ថា ស្ដេច​សូល​គិត​ការ​អាក្រក់​ទាស់​នឹង​លោក លោកក៏មាន​ប្រសាសន៍​ទៅ​កាន់សង្ឃ​អ័បៀ‌ថើរ​ថា៖ «សូម​យក​អេផូឌ​មក»។ 10រួច​ដាវីឌ​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឮ​ប្រាកដ​ថា ស្ដេច​សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូល‌បង្គំ​ហើយ 11ដូច្នេះ តើ​មនុស្ស​នៅ​ក្រុង​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សូល​ឬ? តើ​សូល​នឹង​ចុះ​មក ដូច​ជា​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឮមែន​ឬ? ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ជា​អ្នក​បម្រើ​បាន​ដឹង​ផង»។ នោះ​ព្រះ‌យេហូវ៉ា​ឆ្លើយ​ថា៖ «ស្ដេច​នឹង​ចុះ​មក​មែន»។ 12រួច​ដាវីឌ​ទូល​សួរ​ថា៖ «តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ និង​ពួក​ទូល‌បង្គំ​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​សូល​ដែរ​ឬ?» នោះ​ព្រះ‌យេហូវ៉ា​ឆ្លើយ​ថា៖ «គេ​នឹង​ប្រគល់​ឯង​ទៅ​មែន» 13ដូច្នេះ ដាវីឌ និង​ពួក​លោក​ដែល​មាន​ចំនួន​ប្រហែល​ជា​ប្រាំមួយ​រយ​នាក់ គេ​ក៏​ឡើង​ចេញ​ពី​កៃឡា ទៅ​កន្លែង​មួយ​ទៀត ហើយ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ពី​កៃឡា​ទៅ​បាត់​ហើយ នោះ​ទ្រង់​ក៏​លែង​គិត​ទៅ។ 14ដាវីឌ​បាន​ពួន​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​ស្តេច​សូល​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជា‌និច្ច តែ​ព្រះ​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ឡើយ។
ដាវីឌគេច​ពីស្ដេច​សូលនៅ​ក្នុង​ទីរហោស្ថាន
15ដាវីឌ​ក៏​ឃើញ​ថា ស្ដេច​សូល​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីភ ត្រង់​ហូរ៉េសា​នោះ។ 16ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​រក​ដាវីឌ​នៅ​ហូរ៉េសា ជួយ​ចម្រើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង។ 17លោក​មាន​ប្រ‌សាសន៍​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ទីពីរ​បន្ទាប់​អ្នក ដំណើរ​នេះ បិតា​ខ្ញុំ​ក៏​បាន​ជ្រាប​ដែរ»។ 18នោះ​អ្នក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​នឹង​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​ស្នាក់​នៅ​ហូរ៉េសា​នោះ​ទៅ តែ​យ៉ូណា‌ថាន​វិល​ទៅ​ឯ​លំ‌នៅ​របស់​លោក​វិញ។
19គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​រក​សូល​នៅ​ត្រង់​គី‌បៀរ ទូល​ថា៖ «ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ជម្រក​ដ៏​រឹង​មាំ​នៅ​ហូរ៉េសា លើ​ភ្នំ​ហា‌គីឡា ខាង​ត្បូង​ទី​រហោ‌ស្ថាន។ 20ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ព្រះ‌អង្គ​យាង​ចុះ​ទៅ ដូច​ជា​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ទៅ​ស្រាប់ ឯ​ការ​ចាប់​បញ្ជូន​វា​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នោះ​ស្រេច​នៅ​យើង​ខ្ញុំ​ចុះ»។ 21ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​នឹង​យើង 22ដូច្នេះ សូម​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​សួរ​រក ឲ្យ​ប្រាកដ​ច្បាស់​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ដឹង ហើយ​ឃើញ​ពិត ដែល​វា​នៅ​ត្រង់​ណា ហើយ​អ្នក​ណា​មួយ​ដែល​បាន​ឃើញ​វា​នៅ​ទី​នោះ ដ្បិត​គេ​ប្រាប់​យើង​ថា វា​ឆ្លាត​ណាស់។ 23ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ស្រាវ​ជ្រាវ​រក​វា ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ»។ 24គេ​ក៏​ចេញទៅ​ស្រុក​ស៊ីភ​មុន​សូល។
តែ​ពេល​នោះ ដាវីឌ និង​ពួក​លោក នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។ 25ស្ដេច​សូល និងពលទាហាន​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជម្រាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អា‌ស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ពេល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ។ 26ស្ដេច​សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌ និង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល និង​ពល​ទាហាន​បាន​ឡោម‌ព័ទ្ធ​លោក និង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​ចាប់​ខ្លួន។ 27ខណៈ​នោះ មាន​អ្នក​នាំ​ដំណឹង​មក​ទូល​ដល់​ស្ដេច​សូល​ថា៖ «សូម​ព្រះ​ករុណា​យាង​ទៅ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលី‌ស្ទីន​បាន​ចូល​លុក‌លុយ​ក្នុង​ស្រុក​ហើយ»។ 28នោះ​សូល​ក៏​ឈប់​ដេញ​តាម​ដាវីឌ ហើយ​ក៏​វិល​ត្រឡប់​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត 29 ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អា‌ស្រ័យ​នៅ​ក្នុង​ជម្រក​លាក់​ខ្លួន​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេន-កេឌី​វិញ។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល