១ សាំយូអែល 3
3
ព្រះអម្ចាស់ត្រាស់ហៅសាំយូអែល និងកិច្ចការជាសង្ឃ
1កុមារសាំយូអែលធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខលោកអេលី។ នៅគ្រានោះព្រះយេហូវ៉ាកម្រនឹងមានព្រះបន្ទូលណាស់ ឯនិមិត្តក៏មិនសូវមានញឹកញាប់ដែរ។
2នៅពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្តើមស្រវាំង មើលអ្វីមិនឃើញឡើយ លោកអេលីសម្រាកនៅក្នុងបន្ទប់របស់លោក 3ក្នុងពេលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ កុមារសាំយូអែលដេកនៅក្នុងព្រះវិហារព្រះយេហូវ៉ា ជាកន្លែងដែលមានហិបនៃព្រះ 4ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅថា៖ «សាំយូអែល! សាំយូអែលអើយ!» សាំយូអែលឆ្លើយថា៖ «បាទ!» 5រួចក៏រត់ទៅរកលោកអេលី សួរថា៖ «ខ្ញុំមកហើយ លោកមានការអី?» តែលោកអេលីឆ្លើយទៅថា៖ «ខ្ញុំមិនបានហៅឯងទេ ទៅដេកវិញទៅ» សាំយូអែលក៏ទៅដេកវិញ។ 6ព្រះយេហូវ៉ាមានព្រះបន្ទូលហៅម្តងទៀត៖ «នែសាំយូអែល» រួចសាំយូអែលក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» តែអេលីឆ្លើយថា៖ «កូនអើយ ខ្ញុំគ្មានហៅឯងទេ ចូរទៅដេកវិញទៅ»។ 7សាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលរបស់ព្រះអង្គក៏មិនទាន់បានសម្ដែងមកឲ្យដឹងដែរ។ 8រួចព្រះយេហូវ៉ាហៅម្តងទៀត ជាលើកទីបីថា៖ «នែសាំយូអែលអើយ!» សាំយូអែលក៏ក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» ពេលនោះ លោកអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ។ 9លោកក៏ប្រាប់ដល់សាំយូអែលថា៖ «ចូរទៅដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា "បពិត្រ ព្រះយេហូវ៉ាអើយ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ប្រុងស្តាប់ហើយ"» ដូច្នេះ សាំយូអែលក៏ទៅដេកនៅកន្លែងខ្លួនវិញ។
10នៅយប់នោះ ព្រះយេហូវ៉ាយាងមកឈរ ហៅដូចពីមុនថា៖ «សាំយូអែល នែសាំយូអែលអើយ!» សាំយូអែលទូលឆ្លើយថា៖ «សូមព្រះអង្គមានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គប្រុងស្តាប់ហើយ»។ 11ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងរៀបនឹងធ្វើការមួយនៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យអស់អ្នកណាដែលឮ ខ្ទរត្រចៀកទាំងសងខាង។ 12នៅថ្ងៃនោះ យើងសម្រេចទាស់នឹងអេលី តាមគ្រប់ការដែលយើងបានព្រមានគ្រួសាររបស់លោកហើយ តាំងពីដើម៊រហូតដល់ចុងបញ្ចប់ផង។ 13យើងបានប្រាប់លោកហើយថា យើងនឹងដាក់ទោសគ្រួសាររបស់លោកជារៀងរហូត ដោយព្រោះកំហុសដែលលោកបានដឹងពីពួកកូនរបស់លោក ដ្បិតកូនរបស់លោកបានប្រមាថដល់ព្រះ ហើយលោកមិនបានហាមឃាត់ដល់គេសោះ។ 14ហេតុនោះហើយបានជាយើងស្បថដល់គ្រួសារអេលីថា កំហុសរបស់គ្រួសារអេលីមិនអាចលើកលែងបានទេ ទោះបើយកយញ្ញបូជា ឬតង្វាយណាមកថ្វាយក៏ដោយ»។
15សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា ហើយសាំយូអែលខ្លាចមិនហ៊ានជម្រាបពីការជាក់ស្តែងនោះដល់លោកអេលីទេ។ 16លោកអេលីហៅសាំយូអែលថា៖ «សាំយូអែល កូនអើយ!» សាំយូអែលឆ្លើយថា៖ «បាទ!» 17លោកអេលីសួរថា៖ «តើព្រះបានមានព្រះបន្ទូលប្រាប់អ្នកអ្វីខ្លះ? សូមកុំលាក់នឹងខ្ញុំ បើអ្នកលាក់ខ្ញុំពីគ្រប់ទាំងសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលប្រាប់អ្នក សូមព្រះធ្វើដល់អ្នកដូច្នោះដែរ និងលើសទៅទៀតផង»។ 18សាំយូអែលក៏ជម្រាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចលោកអេលីនិយាយថា៖ «នោះគឺជាព្រះយេហូវ៉ាហើយ សូមព្រះអង្គសម្រេចតាមដែលព្រះអង្គគិតឃើញថាល្អចុះ»។
19សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាក៏គង់ជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ 20ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបាក៏ដឹងថា លោកសាំយូអែលបានតាំងឡើងជាហោរារបស់ព្រះយេហូវ៉ាហើយ។ 21ក្រោយមក ព្រះយេហូវ៉ាតែងតែលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតព្រះយេហូវ៉ាសម្ដែងឲ្យលោកសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies