១ ថែស្សាឡូនីច 5

5
1បង‌ប្អូន​អើយ ចំពោះ​ពេល​វេលា និង​ពេល​កំណត់ នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ។ 2ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។ 3កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ 4ប៉ុន្តែ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត ដែល​បណ្តាល​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ 5ដ្បិត​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​យប់ ឬ​ជា​ពួក​សេចក្តី​ងងឹត​ឡើយ។ 6ដូច្នេះ យើង​ត្រូវ​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ដេក​លក់​ដូច​ជា​អ្នក​ឯ​ទៀត​ទេ។ 7ដ្បិត​អស់​អ្នក​ដែល​ដេក​លក់ គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។ 8ប៉ុន្ដែ យើង​ដែល​ជា​ពួក​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ជា​អាវ​ក្រោះ ហើយ​យក​សេចក្ដី​សង្ឃឹម​នៃ​ការ​សង្គ្រោះ មក​ពាក់​ជា​មួក​សឹក។ 9ដ្បិត​ព្រះ​មិន​បាន​តម្រូវ​យើង​សម្រាប់​សេចក្ដី​ក្រោធ​ទេ គឺ​សម្រាប់​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ​វិញ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង 10ដែល​ទ្រង់​សុគត​ជួស​យើង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​យើង​នៅ​រស់ ឬ​ដេក​លក់​ក្តី។ 11ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា ហើយ​ស្អាង​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។
ពាក្យ​ដាស់​តឿន​ចុង​ក្រោយ ពាក្យ​ជម្រាប​សួរ និង​ពាក្យ​ប្រសិទ្ធពរ
12បង‌ប្អូន​អើយ យើង​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​អស់​អ្នក​ដែល​ខំ​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ហើយ​ទូន្មាន​អ្នក​រាល់​គ្នា 13ចូរ​រាប់​អាន​អ្នក​ទាំង​នោះ​ឲ្យ​ខ្ពស់ ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ព្រោះ​កិច្ច​ការ​របស់​គេ។ ចូរឲ្យ​បាន​សុខ​សាន្ត​ជា​មួយ​គ្នា។ 14បង‌ប្អូន​អើយ យើង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ទោស​អស់​អ្នក​ដែល​ខ្ជិល​ច្រអូស លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ពួក​អ្នក​ដែល​ទន់​ខ្សោយ ហើយ​អត់​ធ្មត់ចំពោះ​មនុស្ស​ទាំង​អស់។ 15ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​គ្រប់​គ្នា។ 16ចូរ​អរ​សប្បាយ​ជា‌និច្ច 17ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ 18ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 19កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ 20កុំ​មើល​ងាយ​សេចក្ដី​ទំនាយ 21ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ 22ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។
23សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។ 24ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ។
25បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង។
26សូម​ជម្រាប​សួរ​ពួក​បង‌ប្អូន​ទាំង​អស់ ដោយ​ការ​ថើប​បរិសុទ្ធ។ 27ខ្ញុំ​សូម​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ថា សូមអាន​សំបុត្រ​នេះ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​ស្តាប់​កុំ​ខាន។
28សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

១ ថែស្សាឡូនីច 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល