១ ធីម៉ូថេ 6

6
1សម្រាប់​អស់​អ្នក​ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បម្រើ ត្រូវ​គោរព​ចៅ‌ហ្វាយ​របស់​ខ្លួន ទុក​ដូច​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​កិត្តិយស​គ្រប់​យ៉ាង ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​របស់​ព្រះ និង​សេចក្ដី​បង្រៀន​នេះ​ឡើយ។ 2អស់​អ្នក​ដែល​មាន​ចៅ‌ហ្វាយ​ជា​អ្នក​ជឿ មិន​ត្រូវ​មាន​ចិត្ត​មើល​ងាយ ដោយ​ហេតុ​ថា​គាត់​ជា​បង‌ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​ចៅ‌ហ្វាយទាំង​នោះឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ព្រោះ​អស់​អ្នក​ដែល​ទទួល​ការ​បម្រើ​ដ៏​ល្អ​របស់​គេ គឺ​ជា​ពួក​អ្នក​ជឿ និង​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា។
សេចក្ដី​បង្រៀន​ក្លែង‌ក្លាយ និង​សម្បត្តិ​ដ៏​ពិត
ត្រូវ​បង្រៀន ហើយ​ដាស់​តឿន​សេចក្ដី​ទាំង​នេះ​ដល់​គេ​ចុះ។ 3ប្រសិន‌បើ​អ្នក​ណា​បង្រៀន​សេចក្ដី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សម្ដី​ដែល​ត្រឹម​ត្រូវ ក្នុង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ជា​សេចក្ដី​បង្រៀន​ស្រប​តាម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទេ 4អ្នក​នោះជា​មនុស្ស​អួត​បំប៉ោង ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​ការ​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ និង​ការ​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ 5ជា​ជម្លោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត គ្មាន​សេចក្ដី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជា​មធ្យោ​បាយ​នាំ​ឲ្យ​បាន​កម្រៃ។ 6ប៉ុន្ដែ ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់ នោះ​ពិត​ជា​កម្រៃ​មួយ​យ៉ាង​ធំ​មែន។ 7ដ្បិត​យើង​មិន​បាន​យក​អ្វីចូល​មក​ក្នុង​លោក​នេះ​ទេ ហើយ​យើង​ក៏មិន​អាច​យក​អ្វី​ចេញពី​លោក​នេះ​ទៅ​បាន​ដែរ។ 8ប៉ុន្ដែ ប្រសិន‌បើ​មាន​អាហារ​ទទួល​ទាន និង​សម្លៀក​បំពាក់ នោះ​ល្មម​ឲ្យ​យើង​ស្កប់​ចិត្ត​ហើយ។ 9ឯ​អស់​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​មាន តែង​ធ្លាក់​ទៅ​ក្នុង​ការ​ល្បួង ហើយ​ជាប់​អន្ទាក់ ព្រម​ទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន ដែល​នាំ​ឲ្យ​មាន​ទុក្ខ​ទោស ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស​អន្តរាយ។ 10ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។
ការ​តយុទ្ធ​យ៉ាង​ល្អ​ក្នុង​ជំនឿ
11ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។ 12ចូរ​ត​យុទ្ធ​ឲ្យ​បាន​ល្អខាង​ជំនឿ ចូរចាប់​ជីវិត​អស់​កល្ប​ជានិច្ចឲ្យ​ជាប់ ជា​ជីវិត​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន។ 13ខ្ញុំ​ដាស់​តឿន​អ្នក​នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា 14ចូរ​កាន់​តាម​ព្រះឱវាទ​ឲ្យ​បាន​ល្អ ហើយ​ឥត​កន្លែង​បន្ទោស​បាន រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើងលេច​មក 15ដែល​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​វេលា​កំណត់ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ពរ ជា​អធិបតី​តែ​មួយ​គត់ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ 16មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​មាន​ព្រះ​ជន្ម​មិន​ចេះ​សាប​សូន្យ ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែលមិន​អាច​ចូល​ទៅ​ជិត​បាន គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ‌អង្គ​ឡើយ ក៏​មិន​អាច​មើល​ឃើញ​ព្រះ‌អង្គ​ដែរ សូម​លើក​តម្កើងព្រះ​កិត្តិនាម និង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច។ អាម៉ែន។
17ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។ 18ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើល្អ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ ជា​មនុស្ស​មាន​ចិត្ត​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ចែក​រំលែក​ផង។ 19ធ្វើ​ដូច្នេះ គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ ដែល​ជា​គ្រឹះ​ដ៏​ល្អ ទុក​សម្រាប់​ខ្លួន​នៅ​ពេល​អនាគត ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​ដ៏​ពិត​ប្រាកដ។
ពាក្យ​ផ្ដាំ​ផ្ញើ​ផ្ទាល់​ខ្លួន និង​ពាក្យ​ប្រសិទ្ធពរ
20ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សម្ដី​ឡេះ​ឡោះ​ឥត​ប្រយោជន៍ និង​ពាក្យ​ទទឹង​ទទែង​នៃ​សេចក្ដី​ដែល​គេ​ច្រឡំ​ហៅ​ថា ចំណេះ​ដឹង 21ក៏​មានអ្នក​ខ្លះ​ប្រកាន់​យក ហើយ​បាន​ឃ្លាត​ចេញ​ពី​ជំនឿ។
សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

១ ធីម៉ូថេ 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល