២ របា‌ក្សត្រ 12

12
ស្តេច​ស្រុក​អេស៊ីព្ទ​វាយ​ប្រហារ​ស្រុក​យូដា
1ពេល​រាជ្យ​របស់​រេហូ‌បោម​បាន​រឹងមាំ ហើយ​ស្ដេច​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ប្រព្រឹត្ត​តាម​ទ្រង់​ដែរ។ 2រួច​ដល់​ឆ្នាំ​ទី​ប្រាំ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម ព្រះបាទ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​យក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា 3មាន​រទេះ​ចម្បាំង​មួយ​ពាន់​ពីររយ និង​ពល​សេះ​ប្រាំមួយ​ម៉ឺន​នាក់ ឯ​ពល​ទាហាន​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ជា‌មួយ​ទ្រង់ គឺ​ជា​ពួក​សាសន៍​លីប៊ី សាសន៍​ស៊ូគី និង​សាសន៍​អេធី‌អូពី នោះ​រាប់​មិន​បាន​ឡើយ។ 4ទ្រង់​វាយ​យក​បាន​ទី​ក្រុង​រឹងមាំ​នានា​នៅ​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ទៀត។ 5គ្រា​នោះ ហោរា​សេម៉ា‌យ៉ា​បាន​មក​គាល់​ព្រះបាទ​រេហូ‌បោម និង​ជួប​ពួក​មេ​ដឹកនាំ​របស់​ជនជាតិ​យូដា ដែល​បាន​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ស៊ីសាក លោក​មាន​វាចា​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​យើង ហេតុ​នោះ​បាន​ជា​យើង​ទុក​អ្នក​រាល់​គ្នា​ចោល នៅ​ក្នុង​កណ្ដាប់​ដៃ​ស៊ីសាក"»។ 6បន្ទាប់​មក ពួក​មេ​ដឹកនាំ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ស្តេច ក៏​បន្ទាប​ខ្លួន​ចុះ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​សុចរិត​មែន!»។ 7ពេល​ព្រះ‌យេហូវ៉ា​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ា‌យ៉ា​ថា៖ «គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ យើង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​យើង​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​យើង​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​យើង ទៅ​លើក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ។ 8ប៉ុន្តែ គេ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ស៊ីសាក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ថា ការ​បម្រើ​ដល់​យើង ខុស​គ្នា​យ៉ាង​ណា​នឹង​ការ​បម្រើ​ដល់​នគរ​ដទៃ»។
9ដូច្នេះ ស្ដេច​ស៊ីសាក​នៃ​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​អស់​ទាំង​ទ្រព្យ​វិសេស​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌ទ្រព្យ ដែល​នៅ​ក្នុង​ដំណាក់​ស្តេច​អស់​រលីង​ទៅ ព្រម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ផង 10ប៉ុន្តែ ស្តេច​រេហូ‌បោម​បាន​ធ្វើ​ខែល​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ទុក​នៅ​ដៃ​ពួក​មេ‌ទ័ព​រក្សា​អង្គ ដែល​ចាំ​មាត់​ទ្វារ​ដំណាក់​ស្តេច។ 11គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​ទ័ព​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ​មក រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​ទ័ព​រក្សា​អង្គ​វិញ។ 12នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​ព្រះ‌យេហូវ៉ា​ក៏​ដក​សេចក្ដី​ក្រោធ​ចេញ​ពី​ទ្រង់ មិន​បាន​បំផ្លាញ​ទ្រង់​ឲ្យ​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​មួយ​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។
ព្រះបាទ​រេហូ‌បោមសោយទិវង្គត
13ស្តេច​រេហូ‌បោម​បានពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម។ កាល​រេហូ‌បោម​ចាប់​ផ្ដើម​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​មួយ​ឆ្នាំ ហើយ​សោយ‌រាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ។ មាតា​ទ្រង់​ព្រះ‌នាម​ថា ណាអា‌ម៉ា ជា​សាសន៍​អាំម៉ូន។ 14ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទ្រង់​មិន​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា​ឡើយ។
15រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។ 16ព្រះបាទ​រេហូ‌បោម​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ប៊ីយ៉ា ជា​បុត្រា​ក៏​ឡើយ​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល