២ របាក្សត្រ 12
12
ស្តេចស្រុកអេស៊ីព្ទវាយប្រហារស្រុកយូដា
1ពេលរាជ្យរបស់រេហូបោមបានរឹងមាំ ហើយស្ដេចមានអំណាចកាន់តែខ្លាំងឡើង ទ្រង់បានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ប្រព្រឹត្តតាមទ្រង់ដែរ។ 2រួចដល់ឆ្នាំទីប្រាំ ក្នុងរាជ្យស្តេចរេហូបោម ព្រះបាទស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងយកក្រុងយេរូសាឡិម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា 3មានរទេះចម្បាំងមួយពាន់ពីររយ និងពលសេះប្រាំមួយម៉ឺននាក់ ឯពលទាហានដែលចេញពីស្រុកអេស៊ីព្ទមកជាមួយទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ។ 4ទ្រង់វាយយកបានទីក្រុងរឹងមាំនានានៅស្រុកយូដា ហើយមកដល់ក្រុងយេរូសាឡិមទៀត។ 5គ្រានោះ ហោរាសេម៉ាយ៉ាបានមកគាល់ព្រះបាទរេហូបោម និងជួបពួកមេដឹកនាំរបស់ជនជាតិយូដា ដែលបានជួបជុំគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "អ្នករាល់គ្នាបានបោះបង់ចោលយើង ហេតុនោះបានជាយើងទុកអ្នករាល់គ្នាចោល នៅក្នុងកណ្ដាប់ដៃស៊ីសាក"»។ 6បន្ទាប់មក ពួកមេដឹកនាំរបស់សាសន៍អ៊ីស្រាអែល និងស្តេច ក៏បន្ទាបខ្លួនចុះពោលថា៖ «ព្រះយេហូវ៉ាសុចរិតមែន!»។ 7ពេលព្រះយេហូវ៉ាឃើញថា គេបន្ទាបខ្លួនដូច្នោះ នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់សេម៉ាយ៉ាថា៖ «គេបានបន្ទាបខ្លួនហើយ ដូច្នេះ យើងមិនបំផ្លាញគេទេ តែបន្តិចទៀតយើងនឹងប្រោសឲ្យគេរួច ហើយយើងមិនចាក់សេចក្ដីក្រោធរបស់យើង ទៅលើក្រុងយេរូសាឡិម ដោយសារដៃស៊ីសាកឡើយ។ 8ប៉ុន្តែ គេត្រូវធ្វើជាអ្នកបម្រើរបស់ស៊ីសាក់វិញ ដើម្បីឲ្យគេដឹងថា ការបម្រើដល់យើង ខុសគ្នាយ៉ាងណានឹងការបម្រើដល់នគរដទៃ»។
9ដូច្នេះ ស្ដេចស៊ីសាកនៃស្រុកអេស៊ីព្ទ បានឡើងមកទាស់នឹងក្រុងយេរូសាឡិម ក៏យកអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានធ្វើផង 10ប៉ុន្តែ ស្តេចរេហូបោមបានធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច។ 11គ្រប់ពេលដែលស្ដេចយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ពួកទ័ពរក្សាអង្គក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់របស់ពួកទ័ពរក្សាអង្គវិញ។ 12នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះព្រះយេហូវ៉ាក៏ដកសេចក្ដីក្រោធចេញពីទ្រង់ មិនបានបំផ្លាញទ្រង់ឲ្យត្រូវវិនាសអស់រលីងឡើយ ហើយមួយទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។
ព្រះបាទរេហូបោមសោយទិវង្គត
13ស្តេចរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡិម។ កាលរេហូបោមចាប់ផ្ដើមសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបមួយឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល សម្រាប់ព្រះនាមព្រះអង្គ។ មាតាទ្រង់ព្រះនាមថា ណាអាម៉ា ជាសាសន៍អាំម៉ូន។ 14ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ព្រោះទ្រង់មិនបានតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
15រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដំបូង រហូតដល់ចប់ មានកត់ត្រាទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងហោរាអ៊ីដោ បានតែងតាមរបៀបរឿងរ៉ាវតៗមក ចំណែកព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែច្បាំងគ្នាជានិច្ច។ 16ព្រះបាទរេហូបោមផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាបុត្រាក៏ឡើយសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies