ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅនោះ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរមានជំនឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ព្រះអង្គ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន»។ ពេលស្ដេចបានពិគ្រោះនឹងបណ្ដាជនហើយ ទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសព្រះអង្គនៅជាប់អស់កល្បជានិច្ច»។ ដូច្នេះ គេចាប់ផ្ដើមច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាបង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។ ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីង រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។ ពេលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន គេមើលទៅពួកធំនោះ ឃើញសុទ្ធតែខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ។ កាលព្រះបាទយេហូសាផាត និងប្រជាជនរបស់ស្ដេចបានទៅដល់ ដើម្បីរឹបអូសយកជ័យភណ្ឌ នោះគេឃើញមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក មានទាំងរបស់ទ្រព្យ សម្លៀកបំពាក់ និងវត្ថុដ៏មានតម្លៃជាច្រើន ហើយគេប្រមូលទុកសម្រាប់ខ្លួន រហូតទាល់តែយកមិនរួច។ គេនាំគ្នាប្រមូលអស់រយៈពេលបីថ្ងៃ ព្រោះជ័យភណ្ឌទាំងនោះមានច្រើនពេក។ នៅថ្ងៃទីបួន គេប្រជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ព្រោះនៅទីនោះគេបានថ្វាយព្រះពរដល់ព្រះយេហូវ៉ា បានជាគេហៅទីនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ បន្ទាប់មក ពួកយូដា និងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា មានទាំងព្រះបាទយេហូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរ ព្រោះព្រះយេហូវ៉ាបានបណ្ដាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ។ គេក៏ចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង។ កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ គេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា។ ដូច្នេះ នគររបស់ព្រះបាទយេហូសាផាតបានសុខសាន្ត ព្រោះព្រះនៃទ្រង់បានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
អាន ២ របាក្សត្រ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 20:20-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ