២ របាក្សត្រ 25
25
រាជ្យរបស់ស្តេចអ័ម៉ាស៊ីយ៉ា
1ព្រះបាទអ័ម៉ាស៊ីយ៉ា កាលឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សាហើយ ក៏សោយរាជ្យនៅក្នុងក្រុងយេរូសាឡិមបានម្ភៃប្រាំបួនឆ្នាំ មាតាទ្រង់ព្រះនាមជាយ៉ូអាដាន ជាអ្នកក្រុងយេរូសាឡិម 2ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះហឫទ័យស្មោះចំពោះទេ 3កាលរាជ្យបានតាំងនៅជាប់ក្នុងអំណាចទ្រង់ហើយ ទ្រង់ក៏សម្លាប់ពួកបម្រើដែលបានធ្វើគុតស្តេច ជាបិតាទ្រង់ទៅ 4តែមិនបានសម្លាប់កូនចៅគេទេ គឺបានធ្វើតាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេវិញ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបញ្ញត្តិថា "ឪពុកមិនត្រូវស្លាប់ដោយព្រោះកូន ឬកូនដោយព្រោះឪពុកឡើយ គឺគ្រប់គ្នាត្រូវស្លាប់ ដោយព្រោះអំពើបាបរបស់ខ្លួនរៀងខ្លួនវិញ"។
ការកាប់សម្លាប់របស់ពួកអេដុម
5អ័ម៉ាស៊ីយ៉ាបានប្រមូលពួកយូដា ឲ្យមករួមផ្គុំគ្នាតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើមួយពាន់នាក់ និងមេលើមួយរយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់។ រាប់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឃើញមានមនុស្សជ្រើសរើសបីសែននាក់ ដែលសុទ្ធតែអាចទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែល។ 6ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែមានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួនមួយសែននាក់ អស់តម្លៃជាប្រាក់មួយរយហាប។ 7តែមានអ្នកសំណព្វរបស់ព្រះម្នាក់មកគាល់ទ្រង់ ទូលថា៖ «បពិត្រព្រះករុណាអើយ កុំឲ្យពលទ័ពរបស់ពួកអ៊ីស្រាអែលទៅជាមួយទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាមិនគង់នៅជាមួយពួកអ៊ីស្រាអែល គឺនឹងពួកកូនចៅអេប្រាអិមទាំងអម្បាលម៉ានទេ។ 8ប៉ុន្តែ បើទ្រង់នាំគេទៅ ស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំង ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំសត្រូវ ដ្បិតព្រះអាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន»។ 9រួចព្រះបាទអ័ម៉ាស៊ីយ៉ាសួរទៅអ្នកសំណព្វរបស់ព្រះថា៖ «ចុះប្រាក់មួយរយហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែលនោះ ធ្វើដូចម្តេចទៅ?» អ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ព្រះយេហូវ៉ាអាចនឹងប្រទានឲ្យទ្រង់បានជាច្រើន លើសជាងនេះទៅទៀត»។ 10ដូច្នេះ ព្រះបាទអ័ម៉ាស៊ីយ៉ាក៏ញែកគេចេញពីគ្នា គឺញែកពួកទ័ពដែលមកពីស្រុកអេប្រាអិម ឲ្យគេត្រឡប់ទៅផ្ទះវិញ គេក៏កើតមានសេចក្ដីកំហឹងឆួលក្តៅឡើងនឹងពួកយូដា ហើយគេត្រឡប់ទៅវិញ ដោយសេចក្ដីឃោរឃៅជាខ្លាំង។ 11ឯព្រះបាទអ័ម៉ាស៊ីយ៉ាមានព្រះហឫទ័យក្លាហាន ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសម្លាប់ពួកកូនចៅសៀរអស់មួយម៉ឺននាក់។ 12ហើយមួយម៉ឺនទៀត ពួកកូនចៅយូដាក៏ចាប់ទាំងរស់ នាំទៅឯកំពូលថ្មភ្នំ បោះទម្លាក់ទៅក្រោមឲ្យបាក់បែកខ្ទេចខ្ទីអស់ទៅ។ 13ឯពួកដែលព្រះបាទអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសម្លាប់មនុស្សអស់បីពាន់នាក់ ហើយរឹបយកបានរបស់ជាច្រើនដែរ។
14បន្ទាប់ពីព្រះបាទអ័ម៉ាស៊ីយ៉ាត្រឡប់មកពីការប្រហារសម្លាប់ពួកអេដុមវិញ ទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមកតាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ។ 15ហេតុនោះ សេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើង ទាស់នឹងព្រះបាទអ័ម៉ាស៊ីយ៉ា ក៏ចាត់ហោរាម្នាក់ឲ្យទៅទូលទ្រង់ថា៖ «ម្តេចក៏ទ្រង់យកព្រះរបស់សាសន៍នោះ ដែលមិនអាចនឹងជួយពួកគេ ឲ្យរួចពីកណ្ដាប់ព្រះហស្តរបស់ទ្រង់ផងដូច្នេះ?» 16កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។
អ៊ីស្រាអែលវាយឈ្នះយូដា
17នៅគ្រានោះ ព្រះបាទអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ទ្រង់តាមសេចក្ដីប្រឹក្សារបស់គេ ក៏ចាត់សារឲ្យទៅប្រាប់យ៉ូអាហាស បុត្រាយេហ៊ូវ ជាស្តេចអ៊ីស្រាអែលថា៖ «ចូរចេញមក យើងជួបមុខគ្នា»។ 18ប៉ុន្តែ ព្រះបាទយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារទៅអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញថា៖ «ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅដើមតាត្រៅនៅភ្នំល្បាណូនថា "ចូរលើកកូនស្រីឯងឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសយើង" ហើយមានសត្វព្រៃដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ។ 19ទ្រង់មានរាជឱង្ការថា "យើងបានវាយឈ្នះពួកសាសន៍អេដុម" ហើយព្រះហឫទ័យទ្រង់បានតម្កើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ ហេតុអី្វបានជាចង់រករឿង ដែលនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផង?»។
20ប៉ុន្តែ ព្រះបាទអ័ម៉ាស៊ីយ៉ាមិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្ដាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដុម។ 21ដូច្នេះ ព្រះបាទយ៉ូអាស ជាស្តេចអ៊ីស្រាអែលក៏យាងឡើងទៅ រួចទ្រង់ និងព្រះបាទអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏ជួបមុខគ្នានៅត្រង់ក្រុងបេត-សេមែស ជាក្រុងរបស់ពួកយូដា។ 22ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ។ 23ឯព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស ក៏នាំទៅក្រុងយេរូសាឡិម ហើយរំលំកំផែងក្រុងយេរូសាឡិម ចាប់ពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែងអស់បួនរយហត្ថ។ 24ទ្រង់ក៏យកទាំងមាស ប្រាក់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាននៅក្រោមអំណាចអូបិឌ-អេដុម ក្នុងព្រះដំណាក់នៃព្រះ ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅក្រុងសាម៉ារីវិញ។
ការសុគតរបស់ព្រះបាទអ័ម៉ាស៊ីយ៉ា
25ក្រោយដែលព្រះបាទយ៉ូអាស ជាបុត្រាយ៉ូអាហាស ស្តេចអ៊ីស្រាអែលបានសុគតហើយ នោះព្រះបាទអ័ម៉ាស៊ីយ៉ា ជាបុត្រាព្រះបាទយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបានដប់ប្រាំព្រះវស្សាទៀត។ 26ឯកិច្ចការផ្សេងទៀតរបស់ព្រះបាទអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅពួកស្តេចយូដា និងអ៊ីស្រាអែល។ 27ព្រះបាទអ័ម៉ាស៊ីយ៉ាចាប់ពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់នៅទីនោះ។ 28គេក៏យកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 25: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies