២ របា‌ក្សត្រ 3

3
ព្រះបាទ​សាឡូម៉ូន​សង់​ព្រះ‌វិហារ
1ព្រះបាទ​សាឡូម៉ូន​ចាប់​ផ្ដើម​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរី‌យ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​ឲ្យ​ព្រះ​ដាវីឌ ជា​បិតា​បាន​ឃើញ ជា​កន្លែង​ព្រះបាទ​ដាវីឌ​បាន​តម្រូវ​ទុក នៅ​ទី‌លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។ 2ទ្រង់​ចាប់​ផ្ដើម​ស្អាង នៅ​ថ្ងៃ​ទី​ពីរ​ខែទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​របស់​ទ្រង់។ 3រីឯ​ទំហំ​ខ្នាត ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រើ​សម្រាប់​សង់​ព្រះ‌ដំណាក់​របស់​ព្រះ មាន​បណ្តោយ​ហុកសិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​ហត្ថ​ពី​បុរាណ។ 4ឯ​ថែវ​ដែល​នៅ​ពី​មុខ មាន​បណ្តោយ​ម្ភៃ​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌ដំណាក់ ហើយ​កម្ពស់​មួយរយ​ម្ភៃ​ហត្ថ ស្ដេច ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង 5ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើ និង​ច្រវាក់។ 6ទ្រង់​តាក់‌តែង​ល្វែង​នោះ​ឲ្យ​មាន​លម្អ ដោយ​ត្បូង​មាន​តម្លៃ ឯ​មាស​នោះ​បាន​មក​ពី​ស្រុក​ផាវែម។ 7ទ្រង់​ស្រោប​ព្រះ‌វិហារ ព្រម​ទាំង​ធ្នឹម និង​ក្រប​ទ្វារ ហើយ​ជញ្ជាំង និង​ផ្ទាំង​ទ្វារ​ទាំង​ប៉ុន្មាន​ដោយ​មាស ហើយ​ឆ្លាក់​រូប​ចេរូ‌ប៊ីម​នៅ​ជញ្ជាំង។
8ទ្រង់​ធ្វើ​ល្វែង​ទី​បរិសុទ្ធ​បំផុត បណ្តោយ​ម្ភៃ​ហត្ថ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ដែល​មាន​ម្ភៃ​ហត្ថ​ដែរ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ មាន​ទម្ងន់​ប្រាំមួយ​រយ​ហាប 9ហើយ​ដែក​គោល គឺ​ជា​មាស មាន​ទម្ងន់​ហាសិប​សេកែល ឯ​បន្ទប់​ខាង​លើក៏​ស្រោប​ដោយ​មាស​ដែរ។
10នៅ​ក្នុង​ល្វែង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​រូប​ចេរូ‌ប៊ីម​ពីរ​ជា​រូប​ឆ្លាក់ ហើយ​ក៏​ស្រោប​ដោយ​មាស 11ស្លាប​ចេរូ‌ប៊ីម​ទាំង​ពីរ​នោះ បាន​ត្រដាង​ទៅ​ម្ភៃ​ហត្ថ ឯ​ស្លាប​ម្ខាង​របស់​ចេរូ‌ប៊ីម​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ល្វែង ហើយ​ស្លាប​មួយ​ទៀត​ប្រវែង​ប្រាំ​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូ‌ប៊ីម​ម្ខាង។ 12ឯ​ស្លាប​ចេរូ‌ប៊ីម​ម្ខាង​នោះ ប្រវែង​ប្រាំ​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ល្វែង​នោះ ហើយ​ស្លាប​មួយ​ទៀត ប្រវែង​ប្រាំ​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូ‌ប៊ីម​ម្ខាង។ 13ដូច្នេះ ស្លាប​ចេរូ‌ប៊ីម​ទាំង​ពីរ​បាន​ត្រដាង​ទៅ អស់​ប្រវែង​ម្ភៃ​ហត្ថ ចេរូ‌ប៊ីម​ទាំង​ពីរ​នេះ​ឈរ​បែរ​មុខ​ប្រទល់​គ្នា។ 14ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​វាំង‌នន​អំពី​ក្រណាត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ហើយ​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម​ដែរ។
15នៅ​ខាង​មុខ​ព្រះ‌ដំណាក់ ស្ដេច​ធ្វើ​សសរ​ពីរ មាន​កម្ពស់​សាមសិប​ប្រាំ​ហត្ថ ហើយ​ក្បាច់​ក្បាល ដែល​នៅ​លើ​កំពូល​សសរ​ទាំង​ពីរ​នោះ មាន​កម្ពស់​ប្រាំ​ហត្ថ។ 16ទ្រង់​បាន​ធ្វើ​ក្បាច់​ច្រវាក់​ដូច​ច្រវាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដាក់​ភ្ជាប់​នៅ​ក្បាល​សសរ​រួច​ធ្វើ​រូប​ផ្លែ​ទទឹម​មួយរយ ដាប់​ភ្ជាប់​នឹង​ច្រវាក់។ 17ទ្រង់​លើក​បញ្ឈរ​សសរ​ទាំង​ពីរ ដាក់​នៅ​មុខ​ព្រះ‌វិហារ មួយ​ខាង​ស្តាំ មួយ​ខាង​ឆ្វេង ទ្រង់​ឲ្យ​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគិន ឯ​សសរ​ខាង​ឆ្វេង​ថា បូអូស។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល