២ របា‌ក្សត្រ 31

31
ទីសក្ការៈនានា​ត្រូវបានបំផ្លាញ
1នៅ​ពេល​ដែល​កម្មវិធី​ចប់​ហើយ ពួក​អ៊ីស្រា‌អែល​ដែល​មក​ប្រជុំ ក៏​ចេញ​ទៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា វាយ​កម្ទេច​ស្ដូប​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ និង​អាស‌នា​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល ស្រុក​បេនយ៉ាមីន ស្រុក​អេប្រាអិម និង​ស្រុក​ម៉ាណា‌សេ​ដែរ រហូត​ទាល់​តែ​ខ្ទេច​ទាំង​អស់។ បន្ទាប់​មក ពួក​អ៊ីស្រា‌អែល​ក៏​វិល​ត្រឡប់​ទៅ​ទី​ក្រុង​របស់​គេ តាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ។
2ព្រះបាទ​ហេ‌សេ‌គា​តែង​តាំង​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​របស់​ពួក​គេ គឺ​គ្រប់​គ្នា​មាន​ការ‌ងារ​រៀងៗ​ខ្លួន​ដែល​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី ដើម្បី​ថ្វាយ​តង្វាយ​ដុត តង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​ទ្វារ​ត្រសាលរបស់​ព្រះ‌យេហូវ៉ា។ 3ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ្យ‌ទ្រព្យ​មួយ​ចំណែក​សម្រាប់​ជា​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច តង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ។ 4មួយ​ទៀត ទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ និង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា។ 5កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ក៏​ថ្វាយ​តង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចម្ការ​ទាំង​អស់ គេ​ក៏​យក​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ ។ 6ឯ​ពួក​អ៊ីស្រា‌អែល និង​យូដា ដែល​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា ក៏​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ហ្វូង​គោ ហ្វូង​ចៀម និង​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ មក​គរ​ជា​គំនរ​ដែរ។ 7នៅ​ខែ​ទី​បី គេ​ចាប់​ផ្ដើម​ប្រមូលមកគរជា​គំនរ រហូត​ដល់​ខែ​ទីប្រាំពីរ​ទើប​ហើយ។ 8ពេល​ព្រះបាទ​ហេ‌សេ‌គា និង​ពួក​ប្រធាន​បាន​មក​ឃើញ​គំនរ​ទាំង​នោះ គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ 9ព្រះបាទ​ហេ‌សេ‌គា​សាក​សួរ​ពួក​សង្ឃ និង​ពួក​លេវី​ពី​ដំណើរ​គំនរ​តង្វាយ​ទាំង​នោះ 10សម្ដេច​សង្ឃ​អ័សារា ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា៖ «ចាប់​តាំង​ពី​គេ​នាំ​យក​តង្វាយ​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​នៅ​មាន​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដូច្នេះ​ហើយបានជា​យើង​នៅ​សល់​គំនរ​ធំ​យ៉ាង​នេះ»។
ការ​រៀប​ចំពួក​សង្ឍ និងពួក​លេវី​ឡើង​វិញ
11ពេល​នោះ ព្រះបាទ​ហេ‌សេ‌គា​ក៏​បង្គាប់​ឲ្យ​រៀបចំ​បន្ទប់​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គេ​ក៏​រៀបចំ 12រួច​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​តង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណា‌នា​ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ និង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទីពីរ។ 13យេហ៊ី‌អែល អ័សា‌ស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីសម៉ា‌គា ម៉ាហាត និង​បេ‌ណា‌យ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើការ​នោះ​នៅ​ក្រោម​អំណាច​កូណា‌នា និង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ព្រះ‌បាទ​ហេ‌សេ‌គា និង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ។ 14ឯ​កូរេ កូន​យីមណា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ចែក​តង្វាយ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត។ 15នៅ​ក្រោម​អំណាច​របស់​លោក មាន​អេដែន មីនយ៉ា‌មីន យេសួរ សេម៉ា‌យ៉ា អ័ម៉ារា និង​សេកា‌នា ដែល​នៅ​ក្នុង​ទី​ក្រុង​នានា​របស់​ពួក​សង្ឃ ជា​អ្នក​ចែក​ដល់​បង‌ប្អូន​របស់​គេ​ទាំង​ធំ​ទាំង​តូច តាម​វេន​ឲ្យ​ស្មើ​គ្នា ដោយ​ចិត្ត​ស្មោះ‌ត្រង់។ 16គឺ​ពួក​ប្រុសៗ​ដែល​បាន​កត់​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​បី​ឆ្នាំ​ឡើង​ទៅ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​ត្រូវ​ការ​រាល់​ថ្ងៃ សម្រាប់​ការ‌ងារ​ដែល​ផ្ញើ​ទុក​នឹង​គេ​តាម​វេន​រៀង​ខ្លួន។ 17ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​នៃ​ពួក​សង្ឃ​តាម​វង្ស​របស់​ឪពុក​គេ និង​ពួក​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ការ‌ងារ តាម​វេន​របស់​គេ។ 18ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​នៃ​ពួក​កូន​តូចៗ ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​គេ នៅ​គ្រប់​ក្នុង​ក្រុម​ជំនុំ ដ្បិត​អ្នក​ទាំង​នោះ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ខំ​ធ្វើ​ការ‌ងារ​នោះ​ដោយ​ឥត​សៅ‌ហ្មង 19ហើយ​ចំណែក​ពួក​កូន​ចៅ​លោក​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចម្ការ ក្នុង​ក្រវល់​ជុំ‌វិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សម្រាប់​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ និង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវ‌តារ​ពួក​លេវី។
20ព្រះបាទ​ហេ‌សេ‌គា​បាន​ធ្វើ​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ​ត្រឹម‌ត្រូវ ហើយ​ស្មោះ‌ត្រង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់។ 21គ្រប់​កិច្ច​ការ​ដែល​ទ្រង់​ចាប់​ផ្ដើម​ធ្វើ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ និង​ខាង​ក្រឹត្យ‌វិន័យ ហើយ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ផង ដើម្បី​ស្វែង​រក​តាម​ព្រះ ទ្រង់​ក៏​បាន​ធ្វើ​ដោយ​អស់​ពី​ព្រះ‌ហឫ‌ទ័យ ហើយ​បាន​ចម្រើន​ដែរ។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល