២ របា‌ក្សត្រ 36

36
រាជ្យ​របស់​ព្រះបាទ​យ៉ូអា‌ហាស
1រួច​ពួក​អ្នក​ស្រុក​ក៏​លើក​ព្រះបាទ​យ៉ូអា‌ហាស ជា​បុត្រា​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា នៅ​ក្រុង​យេរូ‌សាឡិម 2កាល​ព្រះបាទ​យ៉ូអា‌ហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃបី​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ 3រួច​ព្រះបាទ​នេកោ ជា​ស្តេច​អេស៊ីព្ទ ក៏​ទម្លាក់​ទ្រង់​ចុះ​ពី​រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពិន័យ​លក់​ស្រុក​នោះ ឲ្យ​បង់​ប្រាក់​មួយរយ​ហាប និង​មាស​មួយ​ហាប 4ហើយ​ស្តេច​អេស៊ីព្ទ​លើក​អេលា‌គីម ជា​ជេដ្ឋា​យ៉ូអា‌ហាស​ឡើង ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ាគីម​វិញ រួច​ព្រះបាទ​នេកោ​នាំ​យក​ព្រះបាទ​យ៉ូអា‌ហាស ជា​កនិដ្ឋា ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។
រាជ្យ និង​ការ​ជាប់​ទោស​របស់​ព្រះបាទ​យេហូ‌យ៉ាគីម
5ពេល​ព្រះបាទ​យេហូ‌យ៉ាគីម​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ 6ហើយ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ឡើង​មក​ទាស់​នឹង​ទ្រង់​ចាប់​ដាក់​ច្រវាក់ នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ 7ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់ 8រីឯ​ដំណើរ​ឯ​ទៀត ពី​ព្រះបាទ​យេហូ‌យ៉ាគីម និង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ហើយ​ទោស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ រួច​ព្រះបាទ​យ៉ូយ៉ា‌គីន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
រាជ្យ និង​ការ​ជាប់​ទោស​របស់​ព្រះបាទ​យេហូ‌យ៉ាគីន
9កាល​ព្រះបាទ​យ៉ូយ៉ា‌គីន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំបី​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ​ដប់​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ 10ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​នាំ​ទ្រង់​មក​ក្រុង​បាប៊ី‌ឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេ‌គា ជា​បិតុលា​ទ្រង់​ឡើង​ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។
រាជ្យ​របស់​ព្រះបាទ​សេដេគា
11កាល​ព្រះបាទ​សេដេ‌គា​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃមួយ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ។ 12ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ហឫ‌ទ័យ​នៅ​មុខ​ហោរា‌យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឧស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ។ 13ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ក្នុង​នាម​ព្រះ។ ព្រះបាទ​សេដេ‌គា​បានធ្វើ​ករឹង និង​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​រូស មិន​ព្រម​បែរ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ។ 14មួយ​ទៀត អស់​ទាំង​មេ​នៃ​ពួក​សង្ឃ និង​ពួក​បណ្ដា‌ជន ក៏​ប្រព្រឹត្ត​រំលង​យ៉ាង​ខ្លាំង តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ គេ​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡិម។
ការ​ដួល​រលំក្រុង​យេរូសាឡិម
15ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ បាន​ចាត់​ទូត​ឲ្យ​ទៅ​ជួប​គេ ទាំង​ក្រោក​ពី​ព្រលឹម​ចាត់​គេទៅ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ដល់​ទី​លំនៅ​ព្រះ‌អង្គ។ 16ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។
17ហេតុ​នោះ ព្រះ​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សម្លាប់​ពួក​កំលោះៗ​របស់​គេ​ដោយ​ដាវ​នៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា ទោះ​ទាំង​កំលោះ ក្រមុំ ចាស់​ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ព្រះ‌អង្គ​បាន​ប្រគល់​គេ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ។ 18ឯ​អស់​ទាំង​គ្រឿង​ប្រដាប់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ទាំង​ធំ​ទាំង​តូច និង​របស់​ថ្លៃ​វិសេស​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ព្រះ‌រាជ‌ទ្រព្យ​នៃ​ស្តេច និង​ទ្រព្យ​របស់​ពួក​ប្រធាន នោះ​ក៏​នាំ​យក​ទៅ​ក្រុង​បាប៊ី‌ឡូន​ទាំង​អស់។ 19គេ​ដុត​ព្រះ‌ដំណាក់​របស់​ព្រះ​ចោល ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ក៏​ដុត​អស់​ទាំង​ព្រះ‌រាជ‌ដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​តម្លៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ។ 20ឯ​អស់​អ្នក​ដែល​បាន​រួច​ពី​ដាវ ទ្រង់​‌នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​ក៏​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ ដរាប​ដល់​នគរ​ពើស៊ី​បាន​គ្រប់‌គ្រង​រាជ្យ​ឡើង 21ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែលថ្លែង​តាម​រយៈ​មាត់​ហោរា​យេរេមា​ថា៖ «ទាល់​តែ​ស្រុក​នោះ​បាន​គម្រប់​ពេល​ដែល​ត្រូវ​ឈប់​សម្រាក​ឲ្យ​បាន​គ្រប់​ចិត​សិប​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សម្រាក​ទៅ»។
ព្រះ‌បាទ​ស៊ី​រូស​ប្រកាស​ឲ្យ​ពួក​និរទេស​មាន​សេរីភាព
22នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​ព្រះបាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ឡើង ដើម្បី​ឲ្យ​ស្តេច​បាន​ធ្វើ​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ថ្លែង​តាម​រយៈ​មាត់​ហោរា​យេរេមា គឺ​ឲ្យ​ទ្រង់​បាន​ចេញ​ប្រកាស​ដល់​អាណា​ខេត្ត​របស់​ទ្រង់ ហើយ​ឲ្យ​សេចក្ដី​នោះ​បាន​កត់​ទុក​ផង​ថា៖ 23«ស៊ីរូស ជា​ស្តេច​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែនដី មក​យើង​ហើយ ព្រះ‌អង្គ​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ដូច្នេះ នៅ​ក្នុង​ពួក​ប្រជាជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ព្រះ‌យេហូវ៉ា នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា‌មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ចុះ»។:៚

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 36: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល