២ ពេត្រុស 2

2
ហោរា​ក្លែង‌ក្លាយ និង​ទោស​របស់​គេ
1ពី​ដើម​ក៏​មាន​ហោរា​ក្លែង‌ក្លាយ​កើត​ឡើង​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ ដូច​ជា​គ្រូ​ក្លែង‌ក្លាយ​ដែល​នឹង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​នាំ​លទ្ធិ​ខុស​ឆ្គង ដែល​នាំ​ឲ្យ​វិនាស​ចូល​មក​ដោយ​សម្ងាត់ គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ គេ​នាំ​សេចក្ដី​វិនាស​យ៉ាង​ទាន់​ហន់​មក​លើ​ខ្លួន​គេ។ 2មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ផ្លូវ​ឧបាយ‌មុខ​របស់​គេ ហើយ​មនុស្ស​ម្នា​ប្រមាថ​ផ្លូវ​នៃ​សេចក្តី​ពិត ព្រោះតែ​អ្នក​ទាំងនោះ។ 3គេ​នឹង​កេង​ចំណេញ​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​បោក​បញ្ឆោត ដោយ​សារ​ចិត្ត​លោភ​លន់​របស់​គេ។ ទោស​របស់​គេ​ដែល​មានតាំង​ពី​យូរ​មក​ហើយ មិន​នៅ​ស្ងៀម​ឡើយ ហើយ​សេចក្ដី​ហិន​វិនាស​របស់​គេ​ក៏​មិន​ដេក​លក់​ដែរ។
4ដ្បិត​បើ​ព្រះ​មិន​បាន​ប្រណី​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប គឺ​ទម្លាក់​ទៅ​ក្នុង​នរក ហើយ​ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត​ដ៏​ជ្រៅ ដើម្បី​ឃុំ​ទុក​រហូត​ដល់​គ្រា​ជំនុំ‌ជម្រះ 5ហើយ​បើ​ព្រះ‌អង្គ​មិន​បាន​ប្រណី​ដល់​ពិភព‌លោក​ពី​បុរាណ គឺ​បាន​សង្គ្រោះ​លោក​ណូអេ ជា​អ្នក​ប្រកាស​ពី​សេចក្ដី​សុចរិត រួម​ជា​មួយ​មនុស្ស​ប្រាំ‌ពីរ​នាក់​ទៀត កាល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​របស់​មនុស្ស​ទមិឡ​ល្មើស 6ហើយ​បើ​ព្រះ‌អង្គ​បាន​បញ្ឆេះ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​ដាក់​ទោស​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ ទុក​ជា​គំរូ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ទមិឡ​ល្មើស 7ហើយ​បើ​ព្រះ‌អង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ឲ្យ​រួច ដែល​លោក​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​សារ​អំពើ​ឧបាយ‌មុខ​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ 8(ដ្បិត​មនុស្ស​សុចរិត​នោះ​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ក៏​កើត​ទុក្ខ​នៅ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​ថ្ងៃ ដោយ​សារ​លោក​បាន​ឃើញ និង​ឮ​នូវ​អំពើ​ទុច្ចរិត​របស់​គេ) 9ដូច្នេះ ព្រះ‌អម្ចាស់​សង្រ្គោះ​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ហើយ​ទុក​មនុស្ស​ទុច្ចរិត​ឲ្យ​ជាប់​មាន​ទោស រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ 10ជា​ពិសេស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក តាម​សេចក្ដី​ប៉ង​ប្រាថ្នាខាង​សាច់​ឈាម ហើយ​មើល​ងាយ​សិទ្ធិ​អំណាច។ ពួក​គេ​ព្រហើន មាន​ក្បាល​រឹង មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ពួក​អ្នក​ដែល​ប្រកប​ដោយ​សេរីល្អ​ឡើយ 11សូម្បី​តែ​ពួក​ទេវតា​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាងអ្នក​ទាំង​នោះ ក៏​មិនដែល​ចោទ​ប្រកាន់ ប្រមាថ​ពួកអ្នកទាំង​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ផង។ 12ប៉ុន្តែ មនុស្ស​ទាំង​នេះ ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន គ្មាន​វិចារណញ្ញាណ កើត​មក​សម្រាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​សម្លាប់​ប៉ុណ្ណោះ គេ​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​មិន​យល់ ហើយ​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ ដូច​សត្វ​តិរច្ឆាន​ទាំង​នោះ​ដែល​ត្រូវ​វិនាស​ដែរ 13គេ​រង​ទុក្ខ​ជា​ឈ្នួល​នៃ​អំពើ​ទុច្ចរិត​របស់​គេ។ គេ​រាប់​ការ​នោះ​ជា​សេចក្ដី​ត្រេក​ត្រអាល ដើម្បី​អរ​សប្បាយ​នៅ​ពេល​ថ្ងៃ។ គេ​ជា​ស្នាម​ប្រឡាក់ និង​ជា​សេចក្ដី​ស្មោក‌គ្រោក ដោយ​ត្រេក‌អរ​នឹង​សេចក្ដី​បញ្ឆោត​របស់​ខ្លួន កាល​គេ​ជប់​លៀង​ជា​មួយ​អ្នក​រាល់​គ្នា។ 14គេ​មាន​ភ្នែក​ពេញ​ដោយ​សេចក្តី​ផិត​ក្បត់ ដោយ​ធ្វើ​បាប​មិន​ចេះ​ស្កប់ គេ​ទាក់​ទាញ​ព្រលឹង​ដែល​ទន់​ខ្សោយ។ គេ​មាន​ចិត្ត​ពូកែ​ខាង​លោភ​លន់ ជា​ពួក​កូន​ដែល​ត្រូវ​បណ្ដាសា។ 15គេ​បាន​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បា‌ឡាម ជា​កូន​របស់​បេអ៊រ ដែល​ស្រឡាញ់​ឈ្មួល​នៃ​អំពើ​ទុច្ចរិត 16តែ​គាត់​ត្រូវ​ទទួល​ការ​ស្ដី​បន្ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​ខ្លួន គឺ​សត្វ​លា​ដែល​មិន​ចេះ​និយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស ហើយ​ឃាត់​សេចក្ដី​ចំកួត​របស់​ហោរា​នោះ។
17ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ និង​ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដ្បិត​សេចក្ដី​ងងឹត​សូន្យ​ឈឹង​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។ 18គេ​និយាយ​អួត​ពីសេចក្ដី​ឥត​ប្រយោជន៍ គេ​ប្រើ​តណ្ហា​ស្រើប​ស្រាល​ខាង​សាច់​ឈាម ដើម្បី​ទាក់​ទាញ​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​សេចក្ដី​វង្វេង។ 19គេ​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរី‌ភាព តែ​ខ្លួន​គេ​ជា​ទាសករ​នៃ​សេចក្ដី​ពុក​រលួយ ដ្បិត​មនុស្ស​ជា​ទាសករ​ចំពោះ​អ្វី​ដែល​មាន​អំណាច​លើ​ខ្លួន។ 20ព្រោះ​បើ​ក្រោយ​ពី​គេ​បាន​រួច​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​លោកីយ៍​នេះ ដោយ​សារ​ការ​ស្គាល់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ និង​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ហើយ តែ​បែរ​ទៅ​ជា​ជំពាក់​ជំពិន​នឹង​សេចក្ដី​នេះ​ម្ដង​ទៀត ហើយ​សេចក្ដី​ទាំង​នោះ​បង្រ្កាប​គេ​បាន នោះ​សណ្ឋានចុង​ក្រោយ​របស់​អ្នក​នោះ នឹង​ក្លាយ​ទៅ​អាក្រក់​ជាង​មុន​ទៅ​ទៀត។ 21ដ្បិត​បើ​មិន​បាន​ស្គាល់​ផ្លូវ​សុចរិត​សោះ នោះ​ល្អ​ជាង​ដែល​បាន​ស្គាល់ រួច​បែរ​ចេញ​ពី​បទ‌បញ្ជា​បរិសុទ្ធ ដែល​បាន​ប្រគល់​មក​គេ។ 22ហេតុ‌ការណ៍​កើត​មាន​ដល់​គេ ដូច​សេចក្ដី​ដែលសុភាសិត​ចែង​ទុក​មក​ពិត​មែន គឺថា «ឆ្កែ​បាន​ត្រឡប់​ទៅ​ស៊ី​កម្អួត​របស់​វា ឯ​ជ្រូក​ញី​ដែល​គេ​លាង​ស្អាត​ហើយ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ»។

ទើបបានជ្រើសរើសហើយ៖

២ ពេត្រុស 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល