២ ធីម៉ូថេ 3

3
ព្រឹត្ដិ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
1ប៉ុន្ដែ ត្រូវ​ដឹង​ដូច្នេះ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក 2ដ្បិត​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​អាង មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមិល​គុណ មិន​មាន​ចិត្ត​បរិសុទ្ធ 3ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ ស្អប់​អំពើ​ល្អ 4ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត មាន​ចិត្ត​ធំ ចូល​ចិត្ត​សប្បាយ​ជា​ជាងស្រឡាញ់​ព្រះ 5គេ​មាន​ឫក‌ពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ បដិសេធមិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​បាន​មក​ពី​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ប្រភេទ​នោះ​ទៅ។ 6ដ្បិត​ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះលប​ចូល​ទៅក្នុង​ផ្ទះ​គេ ហើយ​ទាក់​យក​ស្ត្រី​ឆោតៗ ទាំង​ផ្ទុក​ដោយ​អំពើ​បាប ក៏​បណ្តោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​គ្រប់​បែប​យ៉ាង 7គេ​រៀន​ជានិច្ច ប៉ុន្តែ នៅ​តែ​មិន​អាចស្គាល់​សេចក្ដី​ពិត​ដដែល។ 8គេ​ជា​អ្នក​ប្រឆាំង​នឹង​សេចក្ដី​ពិត ដូច​យ៉ា‌នេស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ដែរ គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ជំនឿ។ 9ប៉ុន្តែ គេ​មិន​អាច​ទៅ​មុខ​បាន​ឆ្ងាយ​ប៉ុន្មាន​ឡើយ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​គំនិត​លេលា​របស់​គេ​យ៉ាង​ច្បាស់ ដូច​គេ​បាន​ឃើញ​គំនិត​លេលា​របស់​អ្នក​ទាំង​ពីរ​នោះ​ដែរ។
លោក​ប៉ុល​រំឭក​ដាស់‌តឿន​លោក​ធីម៉ូថេ
10ឥឡូវ​នេះ អ្នក​បាន​ស្គាល់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ កិរិយា​របស់​ខ្ញុំ បំណង​ចិត្ត ជំនឿ ការ​អត់‌ធ្មត់ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ខ្ញុំ​ហើយ 11ក៏​ឃើញ​ការ​ដែល​គេ​បៀត​បៀន​ខ្ញុំ និង​ទុក្ខ​លំបាក​ដែល​បាន​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ត្រា គឺ​ការ​បៀត​បៀន​ដែល​ខ្ញុំ​ស៊ូទ្រាំ តែ​ព្រះ‌អម្ចាស់​បានរំដោះ​ខ្ញុំ​ឲ្យ​រួចផុត​ពី​គ្រប់​ទាំងអស់។ 12អស់​អ្នក​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​នឹង​ត្រូវ​គេ​រ​បៀត​បៀន​ដូច្នេះ​ឯង 13រីឯ​មនុស្ស​អាក្រក់ និង​ពួក​បោកប្រាស់ គេ​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។ 14តែ​ឯ​អ្នកវិញ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​បាន​ជឿ​យ៉ាង​មាំ​នោះ​ចុះ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា 15ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ 16គ្រប់​ទាំង​បទ​គម្ពីរ ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្ដាល​ឲ្យ​តែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត 17ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។

ទើបបានជ្រើសរើសហើយ៖

២ ធីម៉ូថេ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល