៣ យ៉ូហាន 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​កៃ‌យុស ជា​ប្អូន​ស្ងួន‌ភ្ងា ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត។
ពាក្យ​សរសើរ​លោក​កៃយុស
2ប្អូន​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យប្អូន​បាន​ចម្រើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​ប្អូន​មាន​សុខ​ភាព​ល្អ ដូច​ព្រលឹង​របស់​ប្អូន​បាន​ចម្រើន​ឡើង​ដែរ។ 3ដ្បិត​ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង នៅ​ពេល​ពួក​បង‌ប្អូនបាន​មកដល់ ហើយ​បាន​ធ្វើ​បន្ទាល់ប្រាប់​ពី​សេចក្ដី​ពិត​របស់​ប្អូន ដូច​ប្អូន​កំពុង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​មែន។ 4គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរខ្លាំង​ជាង​នេះ​ទេ គឺ​ដែល​ឮ​ថា ពួក​កូនរបស់​ខ្ញុំ​កំពុង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត។
5ប្អូន​ស្ងួន‌ភ្ងា​អើយ កិច្ច​ការ​ដែលប្អូន​ធ្វើ​សម្រាប់​ពួក​បង‌ប្អូនទាំង​នេះ និង​ពួក​អ្នក​ដទៃ ប្អូន​ពិត​ជា​ធ្វើ​ដោយ​ស្មោះ​ត្រង់​អស់​ពីចិត្ត 6ដូច​គេ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ពី​សេចក្ដី​ស្រឡាញ់​របស់​ប្អូន នៅ​មុខ​ក្រុម​ជំនុំ​មែន។ ពេល​ប្អូន​ជូន​ដំណើរ​ពួក​គេ​ចេញទៅ សូម​ប្អូន​ជួយ​អ្នក​ទាំង​នោះឲ្យ​បាន​ល្អ តាម​បែប​គួរ​នឹង​ព្រះផង។ 7ដ្បិត​គេ​បាន​ចេញ​ដំណើរ​ទៅ ដោយ​ព្រោះ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គេ​មិន​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ទេ។ 8ដូច្នេះ យើង​ត្រូវ​ជួយ​ទំនុក​បម្រុង​មនុស្ស​បែប​នេះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​រួម​ជាមួយ​គេ​ក្នុង​សេចក្ដី​ពិត។
ឌីអូ‌ត្រែប និង​ដេមេ‌ទ្រាស
9ខ្ញុំ​បានសរសេរ​សចក្ដី​ខ្លះ​មក​ជូនក្រុម​ជំនុំ ប៉ុន្តែ ឌីអូ‌ត្រែប ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ជាង​គេ មិន​ព្រម​ទទួល​ស្គាល់​យើង​ទេ។ 10ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មក ខ្ញុំ​នឹងរំឭក​ពី​ការ​ដែល​គាត់​ធ្វើ ដោយ​គាត់​និយាយ​អាក្រក់ពី​យើង ហើយ​មិន​ស្កប់​ចិត្តត្រឹម​តែ​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំងបដិសេធ​មិន​ព្រម​ទទួល​ពួក​បង‌ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល គាត់​ក៏​ហាម​ឃាត់​គេ ទាំង​បណ្ដេញ​គេ​ចេញ​ពី​ក្រុម​ជំនុំ​ទៀតផង។
11ប្អូន​ស្ងួន‌ភ្ងា​អើយ មិន​ត្រូវត្រាប់​តាមអំពើ​អាក្រក់ឡើយ គឺ​ត្រូវ​ត្រាប់​តាមអំពើ​ល្អវិញ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្អ អ្នក​នោះ​មក​ពី​ព្រះ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ មិនដែល​បាន​ឃើញ​ព្រះ​ឡើយ។ 12មនុស្ស​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ពិត ក៏​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​ពី​ដេមេ‌ទ្រាស ឯ​យើង​ក៏​ធ្វើ​បន្ទាល់​ពី​គាត់​ដែរ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា បន្ទាល់​របស់​យើងជា​សេចក្ដី​ពិត។
ពាក្យ​ជម្រាប​សួរ​ចុង​ក្រោយ
13ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​សរសេរ​មក តែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប៉ាកកា និង​ទឹក​ខ្មៅ​ទេ 14ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ជួប​ប្អូន​ក្នុង​ពេល​ឆាប់ៗ ហើយ​និយាយ​គ្នា​ទល់​មុខ​វិញ។
15សូម​ឲ្យ​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ។ មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន​ក៏​សូម​ជម្រាប​សួរ​ប្អូន​ដែរ។ សូម​ជម្រាប​សួរ​មិត្ត​សម្លាញ់​គ្រប់​គ្នា​ដែល​នៅ​ទីនោះ តាម​ឈ្មោះ​គេ​រៀង​ខ្លួន​ផង។:៚

ទើបបានជ្រើសរើសហើយ៖

៣ យ៉ូហាន 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល