កិច្ចការ 11

11
លោក​ពេត្រុស​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម
1ឯ​ពួក​សាវក និង​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​បាន​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ​ដែរ។ 2ដូច្នេះ កាល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ពួក​អ្នក​កាត់​ស្បែក​មាន​ការ​រិះ​គន់​លោក​ថា៖ 3«លោកបាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ហើយ​បរិ‌ភោគ​ជា‌មួយ​គេទៀត​ផង»។ 4ប៉ុន្ដែ លោក​ពេត្រុស​ចាប់​ផ្តើម​ពន្យល់​រឿង​នោះ​ប្រាប់​គេ តាម​លំដាប់​ថា៖ 5«កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុប‌ប៉េ ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​និមិត្ត​មួយ។ មាន​វត្ថុ​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​យ៉ាង​ធំ មាន​ចង​ជ្រុង​ទាំង​បួន សម្រូត​ចុះ​ពី​លើ​មេឃ​មកដល់​ខ្ញុំ។ 6ពេល​ខ្ញុំ​សម្លឹង​មើល​យ៉ាង​ដិត​ដល់ ខ្ញុំ​ឃើញ​មាន​សត្វ​ជើង​បួន សត្វ​ព្រៃ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស។ 7ខ្ញុំ​ក៏​ឮ​ព្រះ​សូរសៀង​មួយ​បន្លឺ​មក​ខ្ញុំ​ថា៖ "ពេត្រុស​អើយ ចូរ​ក្រោក​ឡើង សម្លាប់ ហើយ​បរិ‌ភោគ​ទៅ!"។ 8ប៉ុន្ដែ ខ្ញុំ​ទូល​ថា៖ "ទេ ព្រះ‌អម្ចាស់ ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូល​បង្គំ​ឡើយ"។ 9ប៉ុន្ដែ ព្រះ​សូរសៀង​នោះក៏​បន្លឺ​ពី​លើ​មេឃ​មក​ម្តង​ទៀត​ថា៖ "អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!"។ 10ហេតុ‌ការណ៍​នោះ​បាន​កើត​ឡើង​បី​ដង រួច​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ 11ពេលនោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេ‌សារា​ឲ្យ​មក​រក​ខ្ញុំ ក៏​បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។ 12ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​គេ កុំ​ឲ្យ​ប្រកាន់​ឡើយ។ បង‌ប្អូន​ទាំង​ប្រាំមួយ​នាក់​នេះក៏​បាន​ទៅ​ជា‌មួយ​ខ្ញុំ​ដែរ ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក។ 13លោក​បាន​រៀប​រាប់​ប្រាប់​យើង​ពី​ដំណើរ​ដែល​លោក​បាន​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា៖ "ចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​មក 14គាត់​នឹង​ប្រកាសព្រះ​បន្ទូលឲ្យ​លោក​ស្តាប់​សេចក្តីដែល​នឹង​សង្គ្រោះ​លោក និង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​មូល"។ 15ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួកគេ ដូចព្រះ‌អង្គ​បាន​សណ្ឋិត​លើ​យើង កាល​ពីដំបូងនោះ​ដែរ។ 16ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ពី​ការដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ"។ 17ដូច្នេះ បើ​ព្រះ​បាន​ប្រទាន​អំណោយ‌ទានដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង នៅ​ពេល​យើង​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទដែរ​នោះ តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​ឃាត់​ឃាំង​ព្រះ​បាន?» 18កាល​គេ​បាន​ឮសេចក្ដី​ទាំង​នេះ គេក៏​ស្ងាត់​មាត់ ហើយ​បែរ​ជា​លើក​តម្កើង​ព្រះ ដោយ​ពោល​ថា "ដូច្នេះ សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះ​ប្រទាន​ឱកាស​ឲ្យ​ប្រែ​ចិត្ត ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎!"។
ក្រុម​ជំនុំ​នៅ​ក្រុង​អាន់‌ទីយ៉ូក
19គ្រានោះ អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​ព្រោះ​តែ​ការ​បៀត​បៀន ដែល​កើត​ឡើង​ដល់​លោក​ស្ទេផាន បានធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ភេនីស កោះ​គីប្រុស និង​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​មិនបាន​ប្រកាស​ព្រះ‌បន្ទូលប្រាប់​អ្នក​ណា ក្រៅ​ពី​ពួក​សាសន៍​យូដា​ឡើយ។ 20ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​មក​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន បាន​មក​ដល់​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​ប្រកាស​ដំណឹង​ល្អ​អំ‌ពី​ព្រះ‌អម្ចាស់‌យេស៊ូវ ប្រាប់​ពួក​ហេលេន ។ 21ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​នៅ​ជា‌មួយ​ពួក​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ព្រម​ទាំង​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់។ 22ដំណឹង​អំពី​ការ​នេះ បាន​ឮ​ដល់​ត្រចៀក​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេក៏​ចាត់​លោក​បា‌ណា‌បាស ឲ្យមក​ក្រុង​អាន់‌ទីយ៉ូក។ 23ពេល​លោកមក​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ នោះ​លោក​មាន​អំណរ​យ៉ាង​ខ្លាំង រួច​លោក​ក៏​ដាស់​តឿន​ពួក​គេ​ទាំង​អស់​គ្នា ឲ្យមាន​ចិត្តប្ដូរ​ផ្ដាច់​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច 24ដ្បិត​លោក​ជា​មនុស្ស​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ជំនឿ ហើយបាន​នាំ​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់។ 25បន្ទាប់​មក លោក​បា‌ណា‌បាស​ក៏ធ្វើ​ដំណើរ​ទៅ​ក្រុង​តើ​សុស ដើម្បី​រក​លោក​សុល 26កាល​បាន​ជួប​ហើយ លោក​ក៏​នាំ​មក​ក្រុង​អាន់‌ទី‌យ៉ូក។ អ្នក​ទាំង​ពី​បាន​ជួប​ជាមួយ​ក្រុម​ជំនុំ ហើយ​បង្រៀន​មនុស្ស​ជា​ច្រើន អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។ នៅ​ក្រុង​អាន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា «គ្រីស្ទបរិស័ទ»។
27នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មកដល់​ក្រុង​អាន់‌ទី‌យ៉ូក។ 28ក្នុង​ចំណោម​ហោរា​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ក្រោក​ឡើង ហើយ​ថ្លែង​ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​ជា​ខ្លាំង​នៅ​ពាស​ពេញ​លើ​ផែនដី (អំណត់​នេះ​កើត​មាន​ក្នុង​រជ្ជកាល​ព្រះ​ចៅក្លូ‌ឌាស)។ 29ដូច្នេះ ពួក​សិស្ស​ក៏​សម្រេច​ចិត្ត តាម​សមត្ថ‌ភាព​រៀង​ៗខ្លួន ដើម្បី​ផ្ញើ​ជំនួយ​ទៅ​ជួយ​ពួក​បង‌ប្អូន​ដែល​រស់​នៅ​ស្រុក​យូដា។ 30គេ​ក៏​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ផ្ញើ​ជំនួយ​នោះ​ទៅ​ពួក​ចាស់​ទុំ ដោយ​សារ​ដៃលោក​បា‌ណា‌បាស និង​លោក​សុល។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល