កិច្ចការ 2
2
ព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកសិស្ស
1កាលបុណ្យថ្ងៃទីហាសិប បានមកដល់ ពួកគេទាំងអស់មានចិត្តព្រមព្រៀងប្រជុំគ្នានៅកន្លែងតែមួយ។ 2រំពេចនោះ ស្រាប់តែមានឮសំឡេងពីស្ថានសួគ៌ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេកំពុងតែអង្គុយ។ 3មានដូចជាអណ្តាតភ្លើងបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា។ 4គេទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាដទៃផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។
5នៅពេលនោះ មានសាសន៍យូដាដែលគោរពកោតខ្លាចព្រះ មកពីគ្រប់ប្រទេសនៅក្រោមមេឃ ស្នាក់នៅក្រុងយេរូសាឡិម។ 6កាលសូរសព្ទពីការនោះបានឮសុសសាយទៅ មហាជននាំគ្នាចូលមក ហើយភ្ញាក់ផ្អើលជាខ្លាំង ព្រោះម្នាក់ៗឮគេនិយាយភាសាកំណើតរបស់ខ្លួន។ 7គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នា ដោយឆ្ងល់ថា៖ «តើអ្នកទាំងអស់គ្នាដែលនិយាយនេះ មិនមែនសុទ្ធតែជាអ្នកស្រុកកាលីឡេទេឬ? 8ចុះម្តេចបានជាយើងឮគេនិយាយភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ? 9គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី 10ស្រុកព្រីគា និងស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ពួកអ្នកស្រុករ៉ូមដែលស្នាក់នៅទីនេះ ទាំងសាសន៍យូដា និងអ្នកចូលសាសន៍ 11សាសន៍ក្រេត និងសាសន៍អារ៉ាប់ដែរ យើងឮគេនិយាយពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងផ្ទាល់»។ 12អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយវិលវល់ក្នុងចិត្ត ទាំងសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះមានន័យដូចម្តេច?» 13ប៉ុន្តែ មានអ្នកខ្លះចំអកថា៖ «ពួកនេះស្រវឹងស្រាថ្មីទេ»។
លោកពេត្រុសមានប្រសាសន៍ទៅកាន់បណ្ដាជន
14ពេលនោះ លោកពេត្រុសក៏ឈរឡើងជាមួយពួកអ្នកទាំងដប់មួយ ហើយបន្លឺសំឡេងទៅគេថា៖ «ឱពួកសាសន៍យូដា និងអស់អ្នកនៅក្រុងយេរូសាឡិមអើយ សូមអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ។ 15ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ។ 16នេះជាសេចក្តីទំនាយរបស់ហោរាយ៉ូអែល ដែលថ្លែងទុកមកថា
17"ព្រះទ្រង់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់
យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើគ្រប់មនុស្ស
នោះកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងទំនាយ
ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត
ហើយពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
18នៅគ្រានោះ យើងនឹងចាក់ព្រះវិញ្ញាណយើង
ទៅលើបាវបម្រើរបស់យើងទាំងប្រុសទាំងស្រី
ហើយគេនឹងថ្លែងទំនាយ។
19យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ
ទីសម្គាល់នៅផែនដី គឺជាឈាម
ភ្លើង និងកំសួលផ្សែង។
20ព្រះអាទិត្យនឹងប្រែទៅជាងងឹត
ហើយព្រះច័ន្ទនឹងទៅជាឈាម
មុនថ្ងៃដ៏ធំឧត្តមរបស់ព្រះអម្ចាស់មកដល់។
21ពេលនោះ អស់អ្នកណាដែលអំពាវនាវរក
ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ" ។
22ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។ 23តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។ 24ប៉ុន្តែ ព្រះបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដោយដោះលែងព្រះអង្គចេញពីសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំព្រះអង្គទុកបានឡើយ។ 25ដ្បិតព្រះបាទដាវីឌមានរាជឱង្ការអំពីព្រះអង្គថា៖
"ទូលបង្គំបានឃើញព្រះអម្ចាស់
នៅមុខទូលបង្គំជានិច្ច
ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ
ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ។
26ហេតុនោះបានជាចិត្តទូលបង្គំរីករាយ
ហើយអណ្តាតទូលបង្គំក៏ថ្លែងដោយអំណរ
មួយទៀត រូបកាយទូលបង្គំ
ក៏នឹងរស់នៅដោយសង្ឃឹមដែរ។
27ដ្បិតព្រះអង្គនឹងមិនទុកឲ្យព្រលឹងទូលបង្គំ
ជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ
ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ
ឃើញភាពពុករលួយដែរ។
28ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត
ព្រះអង្គនឹងធ្វើឲ្យទូលបង្គំមានអំណរយ៉ាងពោពេញ
ដោយព្រះវត្តមានព្រះអង្គ" ។
29ឱបងប្អូនរាល់គ្នាអើយ ខ្ញុំសូមជម្រាបអ្នករាល់គ្នាទាំងមានទំនុកចិត្តអំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងថា លោកបានសុគត ហើយគេបានបញ្ចុះសពលោក ឯផ្នូររបស់លោកក៏នៅជាមួយយើងរហូតដល់សព្វថ្ងៃនេះដែរ។ 30ដូច្នេះ ដោយព្រោះព្រះបាទដាវីឌជាហោរា ហើយជ្រាបថា ព្រះបានស្បថសន្យាជាមួយលោកថា ព្រះអង្គនឹងប្រទានម្នាក់ពីពូជរបស់លោក ឲ្យបានគង់លើបល្ល័ង្ករបស់លោក។ 31ដោយព្រោះព្រះបាទដាវីឌបានឃើញជាមុន បានជាលោកសម្តែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រះមិនទុកព្រះអង្គចោលនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ហើយសពព្រះអង្គក៏មិនត្រូវពុករលួយដែរ។ 32ព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់ស្រាប់។ 33ដូច្នេះ ដែលព្រះបានតម្កើងព្រះយេស៊ូវឡើង ឲ្យគង់នៅខាងស្តាំព្រះហស្តនៃព្រះ ហើយបានទទួលសេចក្តីសន្យា ជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះព្រះអង្គបានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាបានឃើញ និងឮស្រាប់។ 34ដ្បិតព្រះបាទដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ តែលោកបានថ្លែងថា
"ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
ព្រះអម្ចាស់របស់ខ្ញុំថា
ចូរអង្គុយខាងស្តាំយើង
35រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នក
ធ្វើជាកំណល់កល់ជើងអ្នក" ។
36ដូច្នេះ ចូរឲ្យវង្សអ៊ីស្រាអែលទាំងអស់ដឹងប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ»។
គ្រីស្ទបរិស័ទដំបូងបង្អស់
37កាលគេបានឮ នោះគេមានការចាក់ចុចក្នុងចិត្ត ហើយសួរលោកពេត្រុស និងពួកសាវកឯទៀតថា៖ «បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» 38លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ 39ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ 40លោកបានធ្វើបន្ទាល់ដោយពាក្យជាច្រើន ហើយបានបន្ដដាស់តឿនពួកគេទៀតថា៖ «សូមអ្នករាល់គ្នាសង្គ្រោះខ្លួនចេញពីតំណមនុស្សវៀចនេះទៅ»។ 41ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។ 42ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។
ជីវិតរស់នៅក្នុងចំណោមពួកអ្នកជឿ
43គ្រប់គ្នាមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនកើតឡើងដោយសារពួកសាវក។ 44អស់អ្នកដែលបានជឿ គេនៅមូលជាមួយគ្នា ហើយគេយករបស់ទាំងប៉ុន្មានមកដាក់រួមគ្នា។ 45គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។ 46ជារៀងរាល់ថ្ងៃ គេព្យាយាមនៅក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀង ហើយធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់ 47ទាំងសរសើរតម្កើងព្រះ ហើយប្រជាជនទាំងអស់ក៏គោរពរាប់អានគេ។ ព្រះអម្ចាស់បានបន្ថែមចំនួនអ្នកដែលកំពុងតែបានសង្គ្រោះ មកក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies