អេម៉ុស 3
3
ប្រជាជនអ៊ីស្រាអែលទទួលការដាក់ទោស
1ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា
2ក្នុងចំណោមគ្រួសារនៅលើផែនដី
យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ
ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា
ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន
ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
3បើមនុស្សពីរនាក់មិនព្រមព្រៀងជួបគ្នា
តើគេដើរជាមួយគ្នាបានឬ?
4តើសិង្ហគ្រហឹមនៅក្នុងព្រៃ
នៅពេលចាប់រំពាមិនទាន់បានឬ?
បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ
តើវាស្រែកពីក្នុងរូងរបស់វាឬ?
5កាលបើគ្មាននុយបញ្ឆោត
តើសត្វស្លាបធ្លាក់មកចូលអន្ទាក់នៅដីបានឬ?
បើមិនមានជាប់អ្វីទេ តើអន្ទាក់នឹងវាត់ឡើងពីដីឬ?
6តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ?
បើព្រះយេហូវ៉ាមិនបានធ្វើទេ
តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ?
7ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី
ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ
ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។
8សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច?
ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ
តើមានអ្នកណាទប់មិនថ្លែងទំនាយបាន?
9ចូរប្រកាសប្រាប់ដល់ទីមាំមួននៅក្រុងអាសដូឌ
ហើយដល់ទីមាំមួននៅស្រុកអេស៊ីព្ទផងថា
"ចូរជួបជុំគ្នានៅលើភ្នំ របស់ស្រុកសាម៉ារី
ហើយពិចារណាមើលការច្រួលច្របល់យ៉ាងធំ
និងការសង្កត់សង្កិន
ដែលកើតមាននៅកណ្ដាលស្រុកនោះចុះ"។
10ព្រះយេហូវ៉ាមានព្រះបន្ទូលថា
គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ
គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ
និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។
11ហេតុនេះ ព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ខ្មាំងសត្រូវនឹងឡោមព័ទ្ធស្រុក វានឹងធ្វើឲ្យកម្លាំងអ្នកចុះអន់ថយ
ហើយទីមាំមួនរបស់អ្នកនឹងត្រូវរឹបអូស។
12ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។
13ចូរស្តាប់ ហើយធ្វើបន្ទាល់ទាស់នឹងពូជពង្សយ៉ាកុបទៅ
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ព្រះយេហូវ៉ា
ជាព្រះនៃពួកពលបរិវារ
14នៅថ្ងៃដែលយើងដាក់ទោស
ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល
យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ
ហើយស្នែងអាសនាទាំងនោះ
នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
15យើងនឹងវាយរំលំទាំងដំណាក់សម្រាប់រដូវរងា
ទាំងដំណាក់សម្រាប់រដូវក្តៅ
ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ
ហើយដំណាក់ធំៗនឹងត្រូវសូន្យបាត់
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies