អេម៉ុស 6
6
វេទនាដល់អស់អ្នកដែលរស់នៅដោយឥតកង្វល់ក្នុងក្រុងស៊ីយ៉ូន
1វេទនាដល់អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន
ហើយដល់អស់អ្នកដែលរស់
យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី
ជាពួកអ្នកប្រមុខនៃជាតិសាសន៍ដ៏សំខាន់ជាងគេ
ក្នុងចំណោមជាតិសាសន៍ទាំងឡាយ
ដែលពូជពង្សអ៊ីស្រាអែលទៅពឹងផ្អែក!
2ចូរឆ្លងទៅក្រុងកាលនេ ហើយពិចារណាមើលចុះ
ពីទីនោះរហូតទៅដល់ហាម៉ាតជាក្រុងធំ
រួចចុះទៅក្រុងកាថរបស់ពួកសាសន៍ភីលីស្ទីន។
តើអ្នករាល់គ្នាវិសេសជាង នគរទាំងនេះឬ?
តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ?
3ឱអ្នករាល់គ្នាដែលច្រានថ្ងៃអាក្រក់ឲ្យចេញឆ្ងាយ
ហើយនាំរាជ្យដ៏ឃោរឃៅឲ្យចូលមកជិតអើយ!
4វេទនាដល់អស់អ្នកដែលដេកលើគ្រែភ្លុក
ហើយទម្រេតខ្លួននៅលើកម្រាល
ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ
និងកូនគោដែលបង្ខាំងទុក
5ជាអ្នកដែលច្រៀងឡូឡាតាមសំឡេងពិណ
ហើយបង្កើតគ្រឿងភ្លេងសម្រាប់ខ្លួនចង់ធ្វើដូចដាវីឌ
6ក៏ផឹកស្រាទំពាំងបាយជូរពីចានគោម
ហើយលាបខ្លួនដោយប្រេងដ៏វិសេស
តែមិនព្រួយនឹងការវិនាសរបស់យ៉ូសែបទេ។
7ដូច្នេះ ឥឡូវនេះ គេនឹងត្រូវនាំទៅជាឈ្លើយ
ជាមួយអស់អ្នកដែលទៅជាឈ្លើយជាមុនដំបូង
ហើយការលេងសប្បាយរបស់អស់អ្នក
ដែលទម្រេតខ្លួនលើកម្រាលនឹងសូន្យបាត់ទៅ។
8ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថដោយអង្គទ្រង់ថា
(នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ជាព្រះនៃពួកពលបរិវារ)
យើងខ្ពើមអំនួតរបស់យ៉ាកុប
ហើយស្អប់ទីមាំមួនរបស់គេ
យើងនឹងប្រគល់ទីក្រុង
និងរបស់ទាំងអស់ដែលនៅក្នុងក្រុងនេះ
ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។
9ប្រសិនបើមានមនុស្សដប់នាក់សល់នៅក្នុងផ្ទះមួយ គេនឹងត្រូវស្លាប់ទាំងអស់ 10ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។
11ដ្បិតមើល៍ ព្រះយេហូវ៉ាចេញរាជបញ្ជា
នោះផ្ទះធំនឹងត្រូវបែកបាក់ខ្ទេចខ្ទី
ហើយផ្ទះតូចក៏ត្រូវខ្ទេចខ្ទីអស់។
12តើសេះបោលនៅលើផ្ទាំងថ្មឬ?
តើគេយកគោទៅភ្ជួរសមុទ្រឬ?
តែអ្នករាល់គ្នាបានបង្វែរយុត្តិធម៌ឲ្យទៅជាជាតិពុល
ហើយបង្វែរផលនៃសេចក្ដីសុចរិត ឲ្យទៅជាស្លែង។
13ម្នាលអ្នករាល់គ្នាដែលរីករាយក្នុងក្រុងឡូដាបា
អ្នករាល់គ្នាពោលថា
"យើងវាយយកបានក្រុងកាណាអ៊ីម
តើមិនមែនដោយសារកម្លាំងរបស់ខ្លួនយើងទេឬ?"
14ដ្បិតមើល៍ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ
មានព្រះបន្ទូលថា
ឱពូជពង្សអ៊ីស្រាអែលអើយ
យើងនឹងធ្វើឲ្យសាសន៍មួយ
ងើបមកទាស់នឹងអ្នករាល់គ្នា
គេនឹងធ្វើទុក្ខអ្នករាល់គ្នា
ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត
រហូតដល់ស្ទឹងអារ៉ាបា។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 6: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies