កូឡុស 1

1
សេចក្ដី​ផ្ដើម
1ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង 2សូម​ជម្រាប​មក​ពួក​បរិសុទ្ធ និង​ពួក​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្រុង​កូ‌ឡុស។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង។
លោក​ប៉ុល​អរ​ព្រះ‌គុណ​សម្រាប់​អ្នក​ក្រុង​កូឡុស
3ពេល​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា យើង​ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា‌និច្ច 4ដ្បិត​យើង​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​អំពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់ 5ព្រោះ​តែ​សេចក្តី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ ជា​សេចក្តី​សង្ឃឹម​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ នៅ​ក្នុង​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង​ល្អ 6ដែល​បាន​មក​ដល់​អ្នក​រាល់​គ្នា។ ដំណឹង​ល្អ​នេះ​កំពុង​តែ​បង្កើត​ផល ហើយ​ចម្រើន​ឡើង​ដល់​ពិភព​លោក​ទាំង​មូល ដូច​បាន​បង្កើត​ផល​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ​យ៉ាង​ពិត​ប្រាកដ 7តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​ពី​អេប៉ា‌ប្រាស ជា​អ្នក​បម្រើ​ស្ងួន‌ភ្ងា​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រីស្ទ សម្រាប់​អ្នក​រាល់​គ្នា 8ហើយ​គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង អំពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ។
9ហេតុ​នេះ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​ឮ​ដំណឹង​នេះ យើង​ក៏​អធិស្ឋាន​ឥត​ឈប់​ឈរ ទាំង​ទូល​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ដោយ​គ្រប់​ទាំង​ប្រាជ្ញា និង​ការ​យល់​ដឹង​ខាង​វិញ្ញាណ 10ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។ 11សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ប្រកប​ដោយ​ព្រះ​ចេស្ដា​គ្រប់​ជំពូក ដោយ​ឫទ្ធិ‌បារមី​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ទ្រាំទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង ដោយ​អំណរ 12ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌វរបិតា ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំណែក​ទទួល​មត៌ក​ក្នុង​ពួក​បរិសុទ្ធ នៅ​ក្នុង​ពន្លឺ។ 13ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ 14យើង​មាន​សេចក្តី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។
ភាព​ខ្ពង់​ខ្ពស់​បំផុត​របស់​ព្រះគ្រីស្ទ
15ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក 16ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។ 17ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។ 18ព្រះ‌អង្គ​ជា​សិរសា​របស់​រូប‌កាយ ដែល​ជា​ក្រុម​ជំនុំ ព្រះ‌អង្គ​ជា​ដើម​ដំបូង ជា​កូន​ច្បង​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​ទាំង​អស់ 19ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ 20ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។
21រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ឃ្លាត​ឆ្ងាយ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​សារ​អំពើ​អាក្រក់ 22ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ព្រះ‌អង្គ ដោយ​បាន​ទទួល​សុគត ដើម្បី​ថ្វាយ​អ្នក​រាល់​គ្នា​ជា​តង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ព្រះ‌អង្គ 23ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ចាក់​គ្រឹះ ហើយ​មាំ‌មួន​នៅ​ក្នុង​ជំនឿ ឥត​ងាក​បែរ​ចេញ​ពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ។ ឯ​ខ្ញុំ ប៉ុល បាន​ក្លាយ​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នេះ។
លោក​ប៉ុល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រុង​កូឡុស
24ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​ទុក្ខ​វេទនា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ព្រះ‌អង្គ ដែល​ជា​ក្រុម​ជំនុំ។ 25ខ្ញុំ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ក្រុម​ជំនុំ តាម​មុខ​ងារ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ ដែល​បាន​ប្រគល់​មក​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​ពេញ​លេញ 26ជា​សេចក្តី​អាថ៌‌កំបាំង​ដែល​លាក់​ទុក តាំង​ពី​អស់​កល្ប គ្រប់​ជំនាន់​តរៀង​មក តែ​ឥឡូវ​នេះ បាន​បើក​សម្ដែង​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ស្គាល់។ 27ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​សិរី​ល្អ​ដ៏​បរិបូរ នៃ​សេចក្តី​អាថ៌‌កំបាំង​ដ៏​អស្ចារ្យ​នេះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គឺ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​សេចក្ដី​សង្ឃឹម​នៃ​សិរីល្អ។ 28យើង​ប្រកាស​អំពី​ព្រះ‌អង្គ ទាំង​ទូន្មាន​មនុស្ស​គ្រប់​គ្នា ហើយ​បង្រៀន​មនុស្ស​គ្រប់​គ្នា ដោយ​គ្រប់​ទាំង​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំង​អស់ ជា​មនុស្ស​គ្រប់​លក្ខណ៍​ក្នុង​ព្រះ‌គ្រីស្ទ។ 29សម្រាប់​ការ​នេះ ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់ ទាំង​តយុទ្ធ​តាម​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ក្នុង​ខ្ញុំ​ប្រកប​ដោយ​ចេស្ដា។

ទើបបានជ្រើសរើសហើយ៖

កូឡុស 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល