ពេលនោះ ស្តេចខាងជើងនឹងចូលមក លើកដីព័ទ្ធជុំវិញ ហើយចាប់យកទីក្រុងដែលមានកំផែងយ៉ាងរឹងមាំ ឯកងទ័ពរបស់ស្ដេចខាងត្បូងមិនអាចទប់ទល់បានទេ សូម្បីតែទ័ពពិសេសរបស់ស្តេច ក៏មិនអាចទប់បានដែរ ដ្បិតនឹងគ្មានកម្លាំងទប់ទល់ឡើយ។ គឺស្តេចដែលវាយលុកចូលមកច្បាំង នឹងប្រព្រឹត្តតាមអំពើចិត្ត គ្មានអ្នកណាឈរតទល់បានទាល់តែសោះ ហើយស្ដេចនឹងឈរនៅក្នុងស្រុកដ៏រុងរឿង ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្ដាប់ដៃ។ ស្ដេចមានបំណងចូលមក ដោយឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន ហើយចងសម្ព័ន្ធភាព ជាមួយស្ដេចខាងត្បូង។ ស្ដេចនឹងលើកបុត្រីរបស់ខ្លួនឲ្យធ្វើជាមហេសី ក្នុងគោលបំណងបំផ្លាញអាណាចក្រនោះ តែពុំបានសម្រេចតាមបំណងឡើយ។ ពេលនោះ ស្ដេចក៏បែរព្រះភក្ត្រទៅរកកោះនានា ហើយចាប់យកបានជាច្រើន តែនឹងមានមេទ័ពម្នាក់មកបញ្ចប់សេចក្ដីព្រហើនរបស់ស្ដេច អើ លោកនឹងធ្វើឲ្យស្ដេចអាម៉ាស់ ដោយសារសេចក្ដីព្រហើនរបស់ខ្លួន។ បន្ទាប់មក ស្ដេចនឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួនវិញ តែស្ដេចនឹងជំពប់ដួល គ្មានអ្នកណាឃើញទៀតឡើយ។ បន្ទាប់មក នឹងមានស្តេចមួយអង្គឡើងសោយរាជ្យជំនួស ទ្រង់នឹងចាត់អ្នកជំរិតទារពន្ធម្នាក់ ដើម្បីទ្រទ្រង់ភាពថ្កុំថ្កើងក្នុងអាណាចក្រ តែប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស មិនមែនដោយកំហឹង ឬដោយសង្គ្រាមទេ។ រួចមានម្នាក់ដែលគួរឲ្យស្អប់ ឡើងសោយរាជ្យជំនួសស្ដេច ឥតមានអ្នកណាប្រគល់រាជសក្តិឲ្យឡើយ។ ស្ដេចថ្មីនេះនឹងចូលមកក្នុងគ្រាសុខសាន្ត ហើយដណ្ដើមយករាជ្យដោយប្រើកលល្បិច។ កងទ័ពដ៏ខ្លាំងពូកែនឹងត្រូវចុះចាញ់ ហើយបាក់បែកអស់រលីងនៅចំពោះស្ដេចនោះ សូម្បីសម្ដេចសង្ឃនៃសេចក្ដីសញ្ញាផង។ ក្រោយពីគេបានចងសម្ព័ន្ធមិត្តជាមួយហើយ ស្ដេចនោះនឹងប្រព្រឹត្តដោយឧបាយកល ហើយមានអំណាចកាន់តែខ្លាំង ដោយសារមនុស្សមួយចំនួនតូច។ ក្នុងគ្រាសុខសាន្ត ស្ដេចនោះនឹងជ្រៀតចូលតំបន់នានាដែលល្អបំផុតក្នុងអាណាខេត្ត ហើយទ្រង់នឹងប្រព្រឹត្តអំពើដែលពួកអយ្យកោមិនដែលបានប្រព្រឹត្ត គឺទ្រង់នឹងរឹបអូសយករបស់របរដែលប្លន់បាន និងទ្រព្យសម្បត្តិផ្សេងៗ មកចែកឲ្យបក្សពួកខ្លួន។ ស្ដេចនឹងប្រើល្បិចកិច្ចកលដើម្បីទាស់នឹងទីមាំមួន តែបានមួយរយៈប៉ុណ្ណោះ។ ស្ដេចនឹងដាស់កម្លាំង និងសេចក្ដីអង់អាចរបស់ខ្លួនទាស់នឹងស្តេចខាងត្បូង ដោយលើកទ័ពយ៉ាងច្រើន ហើយស្តេចខាងត្បូងនឹងលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ហើយខ្លាំងពូកែមកតទល់ តែមិនអាចទប់ទល់បានឡើយ ដ្បិតទ្រង់ចាញ់ល្បិចកិច្ចកលរបស់ស្ដេចខាងជើង។ អស់អ្នកដែលបរិភោគអាហាររបស់ស្ដេចនឹងបំផ្លាញស្ដេច កងទ័ពរបស់ស្ដេចនឹងត្រូវខ្ចាត់ខ្ចាយ ហើយទាហានជាច្រើននឹងត្រូវដួលស្លាប់។ ស្តេចទាំងពីរអង្គនេះ គេមានចិត្តទោរទៅរកតែអំពើអាក្រក់ គេកុហកគ្នាក្នុងពេលកំពុងអង្គុយរួមតុជាមួយគ្នា តែមិនបានផលឡើយ ដ្បិតមិនទាន់ដល់គ្រាចុងបញ្ចប់ដែលបានកំណត់ទុក។ បន្ទាប់មក ស្ដេចខាងជើងនឹងត្រឡប់ទៅស្រុករបស់ខ្លួនវិញ ទាំងនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយ តែស្ដេចកើតមានចិត្តទាស់ប្រឆាំងនឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ក៏នឹងធ្វើតាមតែអំពើចិត្ត រួចវិលទៅស្រុករបស់ខ្លួនវិញ។ លុះដល់ពេលកំណត់ ស្ដេចនឹងត្រឡប់ចូលមកអាណាចក្រខាងត្បូងទៀត តែលើកនេះមិនដូចពីមុនទេ ដ្បិតនឹងមាននាវាពីស្រុកគីទីមមកទាស់នឹងស្ដេច ធ្វើឲ្យស្ដេចធ្លាក់ចិត្ត ហើយដកថយ ស្ដេចនឹងក្រេវក្រោធជាខ្លាំង រួចសម្ដែងកំហឹងទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ស្ដេចនឹងត្រឡប់មកវិញ ហើយរួមគំនិតជាមួយអស់អ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ពួកទាហានដែលស្ដេចបានចាត់ឲ្យទៅ នឹងនាំគ្នាបង្អាប់ទីបរិសុទ្ធដែលមានកំផែងការពារ បញ្ឈប់លែងឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃ ហើយយករបស់ដែលគួរស្អប់ខ្ពើម ដែលនាំឲ្យចង្រៃមកតាំងជំនួសវិញ។ អស់អ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា ស្ដេចនោះនឹងបញ្ចើចបញ្ចើគេ តែប្រជាជនដែលស្គាល់ព្រះរបស់ខ្លួន នឹងឈរយ៉ាងមាំ ហើយតស៊ូនឹងស្ដេច។ ពួកអ្នកដែលមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងអប់រំមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវ និងភ្លើង ត្រូវគេនាំទៅជាឈ្លើយ ហើយត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ អស់មួយរយៈ។ ក្នុងពេលគេជំពប់ដួល គេនឹងទទួលជំនួយបន្តិចបន្តួច ក៏នឹងមានមនុស្សជាច្រើនចូលរួមជាមួយពួកគេ តែមិនមែនដោយចិត្តស្មោះទេ។ ក្នុងចំណោមអ្នកដែលមានប្រាជ្ញា នឹងមានខ្លះដួល ដើម្បីឲ្យគេបានបន្សុទ្ធ ឲ្យបានស្អាតបរិសុទ្ធ ហើយឲ្យបានសស្គុស រហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះ ត្រូវតែមកដល់តាមពេលកំណត់។
អាន ដានីយ៉ែល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 11:15-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ