ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ហុកសិបហត្ថ ទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។ បន្ទាប់មក ព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ ដូច្នេះ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន ក៏បានមកជួបគ្នា ដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ កាលគេកំពុងឈរនៅមុខរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង មានម្នាក់ស្រែកប្រកាសយ៉ាងខ្លាំងថា៖ «ម្នាលប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ ស្ដេចចេញរាជបញ្ជាថា ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង អ្នករាល់គ្នាត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើង។ អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនោះភ្លាម!»។ ដូច្នេះ កាលប្រជាជនទាំងឡាយបានឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និងតន្ត្រីគ្រប់យ៉ាងហើយ ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ក៏ក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ នៅពេលនោះ មានពួកខាល់ដេខ្លះចូលទៅគាល់ស្ដេច ហើយចោទប្រកាន់ពួកសាសន៍យូដា។ គេទូលព្រះបាទនេប៊ូក្នេសាថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! បពិត្រព្រះករុណា ទ្រង់បានចេញរាជបញ្ជាថា មនុស្សទាំងឡាយណាដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង គេត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ ហើយថា អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ទោសន្ធៅ។ ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានសេចក្ដីក្រេវក្រោធជាខ្លាំង ស្ដេចក៏បញ្ជាឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក។ ដូច្នេះ គេក៏នាំអ្នកទាំងបីចូលមកចំពោះស្តេច។ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការទៅកាន់អ្នកទាំងនោះថា៖ «ម្នាលសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើពិតមែនឬទេ ដែលអស់លោកមិនគោរពបម្រើព្រះរបស់យើង ឬថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ? ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទូលឆ្លើយស្តេចវិញថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា ទូលបង្គំយើងខ្ញុំមិនបាច់ទូលឆ្លើយព្រះករុណាពីដំណើរនេះទេ។ ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។ ប៉ុន្ដែ បើព្រះអង្គមិនរំដោះយើងខ្ញុំទេ បពិត្រព្រះករុណា សូមទ្រង់ជ្រាបថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះរបស់ព្រះករុណាឡើយ ក៏មិនព្រមថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើងនោះដែរ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានពេញដោយសេចក្ដីក្រេវក្រោធ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយព្រះភក្ត្ររបស់ស្ដេចក៏ផ្លាស់ប្រែ។ ស្ដេចបញ្ជាឲ្យគេដុតគុកភ្លើង ឲ្យក្តៅជាងធម្មតាប្រាំពីរដង រួចបញ្ជាមនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពរបស់ស្ដេច ឲ្យចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។ ពេលនោះ គេក៏ចងអ្នកទាំងបី ភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសម្លៀកបំពាក់ឯទៀតៗ រួចបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។ ប៉ុន្ដែ អ្នកទាំងបី គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ធ្លាក់ទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ទាំងជាប់ចំណង។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានព្រះហឫទ័យស្រឡាំងកាំង ហើយក៏ក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ មានរាជឱង្ការទៅកាន់ពួកទីប្រឹក្សារបស់ស្ដេចថា៖ «តើយើងមិនបានបោះមនុស្សបីនាក់ ទៅក្នុងភ្លើងទាំងជាប់ចំណងទេឬ?»។ គេក៏ទូលតបថា៖ «បពិត្រព្រះករុណា ពិតមែនហើយ»។ ស្ដេចមានរាជឱង្ការថា៖ «តែយើងឃើញមនុស្សបួននាក់ឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើង ឥតឈឺចាប់អ្វីសោះ រីឯអ្នកទីបួនមានទ្រង់ទ្រាយដូចជាកូនព្រះ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ចូលទៅជិតមាត់ទ្វារគុកភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅនោះ មានរាជឱង្ការថា៖ «សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្ដាលភ្លើងមក។ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្តេច បានមកជួបជុំគ្នា ហើយឃើញថា ភ្លើងគ្មានអំណាចអ្វីលើខ្លួនរបស់អ្នកទាំងនោះសោះ សក់ក្បាលរបស់គេក៏មិនបានទាំងរួញដែរ ឯខោអាវរបស់គេមិនបានឆេះ ក៏មិនមានក្លិនឈ្ងៀមនៅជាប់ខ្លួនផង។ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។ ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។ បន្ទាប់មក ស្ដេចក៏ដំឡើងយសស័ក្ដិឲ្យសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នៅក្នុងអាណាខេត្តបាប៊ីឡូន។
អាន ដានីយ៉ែល 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 3:1-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ