ដានី‌យ៉ែល 5

5
ពិធី​ជប់​លៀង​របស់​ព្រះ‌បាទ​បេល​សាសារ
1ព្រះ​បាទ​បេល‌សាសារ​បាន​រៀប​ចំ​ជប់‌លៀង​មួយ​យ៉ាង​ធំ ជូន​ពួក​សេនាបតី​របស់​ស្ដេច​ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​សោយ​ស្រា​នៅ​មុខ​អ្នក​ទាំង​មួយ​ពាន់​នោះ។
2កាល​ព្រះ​បាទ​បេល‌សាសារ​កំពុង​ភ្លក់​ស្រា ទ្រង់​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ស្តេច និង​ពួក​សេនាបតី ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក​ម្នាង​របស់​ស្ដេច បាន​ផឹក​ពី​ពែង​ទាំង​នោះ។ 3ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​អូស​យក​ពី​ព្រះ‌វិហារ គឺ​ពីព្រះ​ដំណាក់​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិមមក ហើយ​ស្តេច និង​ពួក​សេនាបតី​របស់​ស្ដេច ព្រម​ទាំង​ពួក​ភរិយា និង​ពួក​ស្ត្រី​អ្នក​ម្នាង​របស់​ស្ដេច ក៏​ផឹក​ពី​ពែង​ទាំង​នោះ។ 4គេ​នាំ​គ្នា​ផឹក​ស្រា ហើយ​សរសើរ​តម្កើង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។
អក្សរ​ដែល​សរ‌សេរ​នៅ​លើ​ជញ្ជាំង
5ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរ‌សេរ​លើ​ជញ្ជាំង​‌ព្រះ​រាជ​ដំណាក់ ទល់​មុខ​នឹង​ជើង​ចង្កៀង ស្ដេច​ទត​ឃើញ​ដៃ​ដែល​កំពុង​សរ‌សេរ​នោះ។ 6ពេល​នោះ ព្រះ‌ភក្ត្រ​បំព្រង​របស់​ស្តេច​ក៏​ផ្លាស់​ប្រែ ហើយ​គំនិត​ស្ដេច​ក៏​នាំ​ឲ្យ​ព្រួយ​បារម្ភ ព្រះ​កាយ​ពល​ទន់​ខ្សោយ ហើយ​ជង្គង់​ស្ដេចប្រដំ​គ្នា។ 7ស្ដេច​ស្រែក​យ៉ាង​ខ្លាំង បញ្ជា​ឲ្យគេ​នាំ​ពួក​អាប​ធ្មប់ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ​មក រួច​ស្ដេច​មាន​រាជ​ឱង្ការ​ទៅកាន់​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​ដែល​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​ន័យ​ប្រាប់​យើង​បាន អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។ 8ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មិន​អាច​អាន​អក្សរ​នោះ​បាន​ឡើយ ក៏​មិន​អាច​កាត់​ស្រាយ​ថ្វាយ​ស្តេច​បាន​ដែរ។ 9ដូច្នេះ ព្រះ​បាទ​បេល‌សាសារ​តក់​ស្លុតជា​ខ្លាំង ហើយ​ព្រះ‌ភក្ត្រ​ស្ដេច​ប្រែ​ជា​ស្លេក​ស្លាំង ឯ​ពួក​សេនាបតី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។
10រី​ឯ​ព្រះ‌មហា‌ក្សត្រិ‌យានី កាល​ព្រះ​នាង​បាន​ឮ​រាជ‌ឱង្ការ​របស់​ស្តេច និង​ពួក​សេនាបតី ទ្រង់​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់​លៀង។ ព្រះ‌នាង​មាន​រាជ‌សវនីយ៍​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​កុំ​តក់​ស្លុត ហើយ​មាន​ព្រះ‌ភក្ត្រ​ស្លេក​ស្លាំង​ដូច្នេះ​ឡើយ។ 11ក្នុង​នគរ​របស់​ព្រះ​ករុណា មាន​បុរស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​បិតា​របស់​ព្រះ​កុរណា គេ​ឃើញ​មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា ដូច​ប្រាជ្ញា​របស់​ព្រះ​នៅ​ក្នុង​អ្នក​នោះ។ ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​ព្រះ​បិតា​របស់​ព្រះ​ករុណា បានតែង​តាំង​អ្នក​នោះ​ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ 12ព្រោះ​ឃើញ​ថា នៅ​ក្នុង​អ្នក​នោះ​មាន​វិញ្ញាណ​មួយ​ដ៏​វិសេស មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​យោបល់​ចេះ​កាត់​ស្រាយ​សុបិន ដោះ​ស្រាយ​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន។ ស្ដេច​ប្រទាន​ឈ្មោះ​ឲ្យ​អ្នក​នោះ​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក លោក​នឹង​កាត់​ស្រាយ​ន័យ​ថ្វាយព្រះ​ករុណា»។
ការ​កាត់​ស្រាយអត្ថន័យ​អក្សរ​នៅ​លើ​ជញ្ជាំង
13ពេល​នោះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មកចំពោះ​ស្តេច ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ដានី‌យ៉ែល​ថា៖ «តើ​លោក​ឈ្មោះ​ដានី‌យ៉ែល ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​សាសន៍​យូដា ដែលព្រះ​រាជា ជាព្រះ​បិតា​របស់​យើង បាន​‌នាំ​ពី​ស្រុក​យូដា​មក​នោះ​មែន​ឬ? 14យើង​បាន​ឮ​គេ​និយាយ​ពី​លោក​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន ហើយ​ថា មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា​ដ៏​វិសេស​នៅ​ក្នុង​ខ្លួន។ 15គេ​បាននាំ​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អង្គុយ​ធម៌​ចូល​មក​ចំពោះ​យើង ដើម្បី​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថ​ន័យ​ប្រាប់​យើង តែ​គេ​មិន​អាច​កាត់​ស្រាយ​អត្ថន័យ​បានឡើយ។ 16ប៉ុន្តែ យើង​បាន​ឮ​ថា លោក​អាច​កាត់​ស្រាយ ហើយ​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន។ ឥឡូវ​នេះ ប្រសិន‌បើ​លោក​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថន័យ​ប្រាប់​យើង​បាន លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។
17ពេល​នោះ ដានី‌យ៉ែល​ទូល​តប​នៅ​ចំពោះ​ស្តេច​ថា៖ «សូម​ទុក​អំណោយ‌របស់​ព្រះ‌ករុណា ហើយ​សូម​ប្រទាន​រង្វាន់​របស់​ព្រះ​ករុណា​សម្រាប់​អ្នក​ដទៃ​វិញ​ចុះ តែ​ឯ​ទូល‌បង្គំ​វិញ ទូល​បង្គំ​នឹង​អាន​អក្សរ​នេះថ្វាយ​ព្រះ‌ករុណា ហើយ​ក៏​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ដែរ។ 18បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រទាន​រាជ្យ‌សម្បត្តិ ភាព​ឧត្ដុងឧត្ដម សិរី‌ល្អ និងតេជា​‌នុភាព​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ព្រះ​ករុណា។ 19ដោយ​ព្រោះ​តែ​ភាព​ឧត្ដុង​ឧត្ដម ដែល​ព្រះ​បាន​ប្រទាន​ឲ្យស្ដេច ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​ទាំង​ឡាយ មនុស្ស​គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត​ខ្លាច​ចំពោះ​ស្ដេច។ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់ ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទុក​ជីវិត នោះ​ក៏​ទុក អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់។ 20ប៉ុន្ដែ កាល​ព្រះ‌ហឫ‌ទ័យស្ដេច​បាន​ប៉ោង​ឡើង ហើយ​មាន​ចិត្ត​រឹង​រូស រហូត​ដល់​ទ្រង់​វាយ​ឫក​ខ្ពស់ ស្ដេចក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ ហើយ​គេ​ក៏​ដក​សិរីល្អ​របស់​ស្ដេច​ចេញ។ 21ទ្រង់​ត្រូវ​គេ​បណ្តេញ​ពី​ចំណោម​មនុស្ស ហើយ​គំនិត​របស់​ស្ដេច​បាន​ត្រឡប់​ដូច​ជា​គំនិត​របស់​សត្វ ទ្រង់​មាន​ទី​លំ‌នៅ​ជា​មួយ​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។ 22បពិត្រ​ព្រះ​ករុណា​បេល‌សាសារ ជា​ព្រះ‌រាជបុត្រ ទោះ​បើ​ទ្រង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ​ក្ដី ក៏ព្រះ​ហឫទ័យ​របស់​ព្រះ​ករុណា​មិន​បាន​បន្ទាប​ដែរ 23ព្រះ‌ករុណា​បាន​តម្កើង​អង្គ​ទ្រង់ ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌។ ព្រះ​ករុណា​បាន​បញ្ជា​ឲ្យ​គេ​យក​ពែង​របស់​ព្រះ‌វិហារ​របស់​ព្រះ​អង្គ​មក​ចំពោះ​ព្រះ​ករុណា ហើយ​ព្រះ​ករុណា និង​ពួក​សេនាបតី ពួក​មហេសី និង​ពួក​ស្ដ្រី​អ្នក​ម្នាង​របស់​ព្រះ​ករុណា បាន​ផឹក​ស្រា​ពី​ពែង​ទាំង​នោះ ព្រះ​ករុណា​បាន​សរសើរ​តម្កើង​ព្រះដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ឯ​ព្រះ ដែល​ដង្ហើម​របស់​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្តរបស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ក៏​ជា​របស់​ព្រះ​អង្គ ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ‌អង្គ​ទេ។
24ហេតុ​នេះ​ហើយ​បាន​ជា​មាន​ដៃ​ដែល​ព្រះ​ចាត់​ឲ្យ​មក ហើយ​សរ‌សេរ​អក្សរ​នេះ។ 25ពាក្យ​ដែល​បាន​សរ‌សេរ​នោះគឺ "មេនេ មេនេ ទេកិល អ៊ូផារ‌ស៊ីន"។ 26នេះ​ជា​សេចក្ដី​កាត់​ស្រាយ​នៃ​ពាក្យ​ទាំង​នោះ "មេនេ" ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ រាជ្យរបស់​ព្រះ​ករុណា ហើយ​ព្រះ‌អង្គ​បាន​បញ្ចប់​រាជ្យនេះ​ហើយ។ 27"ទេកិល" ប្រែ​ថា ព្រះ​បាន​ថ្លឹង​ព្រះ​ករុណាលើ​ជញ្ជីង ហើយ​ឃើញ​ថា​នៅ​ខ្វះ។ 28"ពេរេស" ប្រែ​ថា ព្រះ​បែង​ចែក​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យដល់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ»។
29ពេល​នោះ ព្រះ​បាទ​បេល‌សាសារក៏​ចេញ​បញ្ជា ឲ្យ​គេ​បំពាក់​សំពត់​ពណ៌​ស្វាយ និង​ខ្សែ​មាស​នៅ​ក ឲ្យ​ដានី‌យ៉ែល រួច​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា លោក​បាន​ទទួល​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ។
30នៅ​យប់​នោះ​ឯង ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ ក៏​ត្រូវ​គេ​ធ្វើ​គុត 31 ហើយ​ព្រះ​បាទ​ដារី‌យុស ជា​សាសន៍​មេឌី ដែល​មាន​ព្រះ‌ជន្ម​ប្រមាណ​ហុក​សិប​ពីរព្រះ​វស្សា បាន​ឡើង​ស្នង​‌រាជ្យ។

ទើបបានជ្រើសរើសហើយ៖

ដានី‌យ៉ែល 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល