ចោទិយកថា 15
15
ច្បាប់ស្ដីអំពីឆ្នាំសប្ប័ទ
1«ប្រាំពីរឆ្នាំម្ដង គឺនៅចុងឆ្នាំ អ្នកត្រូវដោះលែងបំណុល។ 2នេះជារបៀបដោះលែងបំណុល គ្រប់ទាំងម្ចាស់បំណុល ត្រូវតែលើកលែងបំណុលដែលខ្លួនបានឲ្យអ្នកជិតខាងខ្ចី មិនត្រូវទារពីអ្នកជិតខាង ឬពីបងប្អូនរបស់ខ្លួនវិញឡើយ ព្រោះការដោះលែងរបស់ព្រះយេហូវ៉ា បានប្រកាសចេញហើយ។ 3អ្នកអាចទារបំណុលពីអ្នកប្រទេសក្រៅបាន តែបំណុលដែលបងប្អូនរួមជាតិរបស់អ្នកជំពាក់អ្នក នោះត្រូវលើកលែងចេញ។ 4ប៉ុន្តែ នឹងគ្មានអ្នកក្រក្នុងចំណោមអ្នករាល់គ្នាឡើយ ដ្បិតព្រះយេហូវ៉ានឹងប្រទានពរអ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកកាន់កាប់ទុកជាមតរក 5ប្រសិនបើអ្នកគ្រាន់តែប្រឹងនឹងស្តាប់តាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមបញ្ញត្តិទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ 6ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក គឺអ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី ឥតមានខ្ចីពីគេវិញឡើយ ហើយអ្នកនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើអ្នកទេ។
7ប្រសិនបើមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាធ្លាក់ខ្លួនក្រ នៅក្រុងណាមួយនៃស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក នោះមិនត្រូវតាំងចិត្តរឹង ឬក្តាប់ដៃនឹងបងប្អូនដែលក្រនោះឡើយ 8គឺត្រូវឲ្យលាដៃជួយគាត់វិញ ហើយឲ្យគាត់ខ្ចីអ្វីតាមដែលគាត់ត្រូវការ ល្មមនឹងចំនួនដែលគាត់ត្រូវការនោះចុះ ។ 9ចូរប្រយ័ត្ន កុំឲ្យមានគំនិតអាក្រក់នៅក្នុងចិត្ត ហើយគិតថា "ឆ្នាំទីប្រាំពីរ ជាឆ្នាំដែលត្រូវលើកលែងជិតមកដល់ហើយ" ហើយអ្នកមើលទៅបងប្អូនដែលក្រនោះដោយគ្មានចិត្តមេត្ដា ឥតមានឲ្យអ្វីដល់គេសោះ ពេលគេទូលដល់ព្រះយេហូវ៉ាទាស់នឹងអ្នក នោះអ្នកនឹងមានបាបមិនខាន។ 10ត្រូវឲ្យទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តមួហ្មងឡើយ ដ្បិតបើប្រព្រឹត្តដូច្នោះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ទាំងកិច្ចការរបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។ 11ដ្បិតមិនដែលខាននឹងមានអ្នកក្រនៅក្នុងស្រុកឡើយ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកថា "ត្រូវលាដៃដល់បងប្អូនរបស់អ្នក ដល់អ្នកខ្វះខាត និងអ្នកក្រីក្រ នៅក្នុងស្រុករបស់អ្នកកុំខាន"។
12ប្រសិនបើបងប្អូនប្រុស ឬស្រីរបស់អ្នក ដែលជាសាសន៍ហេព្រើរ មកលក់ខ្លួនឲ្យអ្នក អ្នកនោះត្រូវបម្រើអ្នកប្រាំមួយឆ្នាំ ហើយនៅឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។ 13ប៉ុន្តែ ពេលអ្នកដោះលែងបាវប្រុស ឲ្យទៅ មិនត្រូវឲ្យគេទៅវិញដោយដៃទទេឡើយ។ 14ត្រូវផ្គត់ផ្គង់ឲ្យគេដោយសទ្ធា គឺជាសត្វពីហ្វូងចៀម ស្រូវពីទីលាន និងស្រាទំពាំងបាយជូរពីធុងឃ្នាងរបស់អ្នកផង។ ត្រូវឲ្យដល់គេ តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។ 15ត្រូវនឹកចាំថា ពីដើមអ្នកក៏ជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះរបស់អ្នកបានលោះអ្នក ហេតុនេះហើយបានជាខ្ញុំបង្គាប់ដូច្នេះដល់អ្នកនៅថ្ងៃនេះ។ 16ប៉ុន្តែ ប្រសិនបើគេនិយាយមកកាន់អ្នកថា "ខ្ញុំមិនចង់ចេញពីអ្នកទេ" ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ដោយសារគេរស់នៅស្រួលជាមួយអ្នក 17នោះត្រូវឲ្យយកដែកចោះ មកចោះត្រចៀកគេផ្ទាប់នឹងទ្វារ រួចគេនឹងធ្វើជាបាវបម្រើរបស់អ្នករហូតតទៅ ហើយបាវបម្រើស្រីរបស់អ្នកក៏ត្រូវធ្វើដូច្នោះដែរ។
18មិនត្រូវឲ្យមានចិត្តពិបាក នៅពេលដោះលែងគេឲ្យចេញទៅនោះឡើយ ដ្បិតគេបាននៅបម្រើអ្នកអស់ប្រាំមួយឆ្នាំ ជាការបម្រើលើសជាងកិច្ចការរបស់ជើងឈ្នួល មួយជាពីរផង។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ការដែលអ្នកធ្វើ» ។
កូនដំបូងរបស់សត្វ
19«ក្នុងហ្វូងគោ និងហ្វូងចៀមរបស់អ្នក នោះអស់ទាំងកូនឈ្មោល ដែលជាកូនដំបូង ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ។ មិនត្រូវយកកូនដំបូងពីហ្វូងគោរបស់អ្នកទៅប្រើការ ក៏មិនត្រូវកាត់រោមកូនដំបូងពីហ្វូងចៀមរបស់អ្នកដែរ។ 20រៀងរាល់ឆ្នាំ អ្នក ព្រមទាំងក្រុមគ្រួសាររបស់អ្នក ត្រូវបរិភោគកូនដំបូងនោះនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស 21ប៉ុន្ដែ ប្រសិនបើសត្វនោះមានស្លាកស្នាម គឺប្រសិនបើសត្វនោះខ្វិន ឬខ្វាក់ ឬមានខ្ចោះអាក្រក់កន្លែងណាមួយ មិនត្រូវថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ។ 22ត្រូវបរិភោគសត្វនោះនៅក្នុងក្រុងរបស់អ្នក។ ទាំងអ្នកស្អាត និងអ្នកមិនស្អាត អាចបរិភាគសត្វនោះបានដូចគ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់ប្រើសដែរ។ 23ប៉ុន្តែ មិនត្រូវបរិភោគឈាមរបស់វាឡើយ ត្រូវឲ្យចាក់ចោលទៅដី ដូចជាទឹកវិញ»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies