ចោទិយកថា 17
17
1មិនត្រូវយកគោ ឬចៀមណាដែលមានស្លាកស្នាម ឬអាក្រក់អ្វី ថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ ដ្បិតនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
2នៅក្នុងក្រុងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានមក ប្រសិនបើឃើញមានបុរសម្នាក់ ឬស្ដ្រីម្នាក់នៅក្នុងចំណោមអ្នក ដែលប្រព្រឹត្តអំពើអ្វីអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ 3ទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំព្រះដទៃ ឬព្រះអាទិត្យ ព្រះចន្ទ ឬហ្វូងផ្កាយទាំងប៉ុន្មាននៅលើមេឃ ដែលខ្ញុំបានហាម 4រួចបើមានគេប្រាប់អ្នក ហើយអ្នកបានឮ ត្រូវស៊ើបសួរឲ្យអស់ពីចិត្ត ហើយបើរឿងនោះពិតប្រាកដ គឺមានគេប្រព្រឹត្តការគួរស្អប់ខ្ពើមបែបនោះ ក្នុងសាសន៍អ៊ីស្រាអែលមែន 5ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។ 6អ្នកដែលមានទោសដល់ស្លាប់នោះ គឺសំអាងលើភស្ដុតាងរបស់ស្មរបន្ទាល់ពីរ ឬបីនាក់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចប្រហារជីវិតអ្នកនោះបានឡើយ ។ 7ត្រូវឲ្យស្មរបន្ទាល់ទាំងនោះដាក់ដៃមុនគេ ដើម្បីចោលសម្លាប់អ្នកនោះ បន្ទាប់មក ទើបប្រជាជនគ្រប់គ្នាដាក់ដៃតាមក្រោយ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា»។
ពួកសង្ឃ និងពួកចៅក្រមជាអ្នកកាត់ក្តី
8«ប្រសិនបើមានរឿងណាពិបាកពេកនឹងកាត់ក្ដី រវាងការបង្ហូរឈាមគ្នានឹងគ្នា ការប្ដឹងផ្ដល់គ្នា ការវាយតប់គ្នា ជារឿងដែលនាំឲ្យមានក្តីក្ដាំកើតឡើងនៅក្នុងក្រុងរបស់អ្នក នោះត្រូវក្រោកឡើង ហើយទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងជ្រើសរើស។ 9ត្រូវចូលទៅជួបពួកលេវីដែលជាសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ ដើម្បីសួរយោបល់ ហើយលោកទាំងនោះនឹងប្រាប់អ្នកពីការសម្រេចក្ដីនោះ។ 10បន្ទាប់មក អ្នកត្រូវធ្វើតាមអ្វីដែលលោកទាំងនោះប្រាប់អ្នក ពីកន្លែងដែលព្រះយេហូវ៉ាជ្រើសរើស ហើយត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលលោកទាំងនោះណែនាំអ្នកចុះ។ 11ត្រូវកាត់សេចក្ដីឲ្យបានត្រឹមត្រូវ តាមការណែនាំដែលលោកទាំងនោះប្រាប់អ្នក និងតាមការវិនិច្ឆ័យដែលពួកលោកបានសម្រេចឲ្យអ្នក មិនត្រូវងាកទៅស្តាំ ឬទៅឆ្វេង ចេញពីសេចក្ដីដែលពួកលោកប្រាប់អ្នកឡើយ ។
12អ្នកណាដែលប្រព្រឹត្តតាមតែអំពើចិត្ត មិនធ្វើតាមពាក្យសង្ឃដែលឈរបម្រើនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីនោះ ឬតាមពាក្យចៅក្រមទេ អ្នកនោះនឹងត្រូវស្លាប់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល 13ហើយប្រជាជនទាំងអស់នឹងឮ រួចភ័យខ្លាច លែងប្រព្រឹត្តតាមតែអំពើចិត្តទៀត»។
ការកំណត់សិទ្ធិអំណាចរបស់ស្ដេច
14«ពេលអ្នកបានចូលទៅដល់ស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ ហើយចាប់យកបាន ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះ រួចជំនុំគ្នាថា "យើងនឹងតាំងឲ្យមានស្តេចមួយសោយរាជ្យលើយើង ដូចសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ" 15នោះអ្នកអាចតាំងឲ្យមានស្តេចគ្រប់គ្រងលើអ្នកបាន តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងជ្រើសរើស។ ត្រូវតាំងម្នាក់ពីចំណោមពួកបងប្អូនរបស់អ្នក ឲ្យធ្វើជាស្តេចលើអ្នកចុះ គឺមិនត្រូវតាំងអ្នកប្រទេសក្រៅ ដែលមិនមែនជាបងប្អូនរបស់អ្នក ឲ្យគ្រប់គ្រងលើអ្នកឡើយ។ 16តែស្តេចនោះមិនត្រូវមានសេះជាច្រើនសម្រាប់ខ្លួន ក៏មិនត្រូវធ្វើឲ្យប្រជាជនវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់អ្នករាល់គ្នាថា "អ្នករាល់គ្នាមិនត្រូវវិលត្រឡប់ទៅផ្លូវនោះវិញឡើយ"។ 17ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងចិត្តរបស់ស្ដេចងាកចេញ ក៏មិនត្រូវប្រមូលប្រាក់ និងមាសច្រើនលើសលុបសម្រាប់ខ្លួនដែរ។ 18កាលណាស្តេចបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអង្គហើយ ស្ដេចត្រូវចម្លងក្រឹត្យវិន័យនេះមួយច្បាប់ នៅមុខពួកលេវីដែលជាសង្ឃ ទុកក្នុងសៀវភៅមួយសម្រាប់ខ្លួន។ 19ត្រូវឲ្យសៀវភៅនោះនៅជាមួយស្ដេចជានិច្ច ហើយស្ដេចត្រូវអានរាល់ថ្ងៃ អស់មួយជីវិត ដើម្បីឲ្យទ្រង់រៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ដោយកាន់តាមគ្រប់ទាំងសេចក្ដីដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះកុំខាន 20ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនរបស់ខ្លួន ឬងាកបែរចេញពីបទបញ្ជា ទៅខាងស្តាំ ឬខាងឆ្វេងឡើយ ដើម្បីឲ្យរាជ្យរបស់ស្ដេច និងកូនចៅរបស់ស្ដេច បានស្ថិតស្ថេរយូរអង្វែងនៅក្នុងនគររបស់ខ្លួន នៅក្នុងសាសន៍អ៊ីស្រាអែលតទៅ»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies