ចោទិយ‌កថា 2

2
1«បន្ទាប់​មក ពួក​យើង​បាន​ធ្វើ​ដំណើរ​វិល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម វិញ ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ពួក​យើង​ដើរ​ព័ទ្ធ​ជុំវិញ​ភ្នំ​សៀរ​អស់​ជា​ច្រើន​ថ្ងៃ។ 2ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា 3"អ្នក​រាល់​គ្នា​បាន​ដើរ​ជុំ‌វិញ​តំបន់​ភ្នំ​នេះ​យូរ​ល្មម​ហើយ ដូច្នេះ ចូរ​បែរ​ទៅ​ទិស​ខាង​ជើង​ចុះ 4ហើយ​បង្គាប់​ប្រជា‌ជន​ថា អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​ដែន​ដី​របស់​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ស្រុក​សៀរ ហើយ​គេ​នឹង​ខ្លាច​អ្នក​រាល់​គ្នា។ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន 5កុំ​ច្បាំង​នឹង​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​ឲ្យ​ដែរ ព្រោះ​យើង​បាន​ប្រគល់​ភ្នំ​សៀរ​ឲ្យ​អេសាវ​ទុក​ជា​កេរ‌អាក​រហើយ។ 6អ្នក​រាល់​គ្នា​ត្រូវ​ទិញ​ស្បៀង​អាហារ​ពី​គេ​បរិ‌ភោគ​ដោយ​បង់​ប្រាក់ ហើយ​ក៏​ត្រូវ​ទិញ​ទឹក​ពី​គេ​ផឹក​ដោយ​បង់​ប្រាក់​ដែរ។ 7ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ ព្រះ‌អង្គ​ជ្រាប​ពី​ដំណើរ​ដែល​អ្នក​ឆ្លង​កាត់​ក្នុង​ទី​រហោ‌ស្ថាន​ដ៏​ធំ​នេះ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា‌មួយ​អ្នក​អស់​រយៈ​ពេល​សែសិប​ឆ្នាំ​នេះ​ហើយ អ្នក​មិន​បាន​ខ្វះ‌ខាត​អ្វី​ឡើយ"។ 8ដូច្នេះ ពួក​យើង​បាន​ដើរ​បង្ហួស​ពី​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​នៅ​ស្រុក​សៀរ វាង​ឆ្ងាយ​ពី​ផ្លូវ​អារ៉ាបា ពី​អេឡាត និង​អេស៊ាន-គេប៊ើ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់​វិញ។ 9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "កុំ​រំខាន​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​អើរ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។ 10(ពី​មុន សាសន៍​អេមីម​បាន​នៅ​ស្រុក​នោះ ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់។ 11សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ថា​សាសន៍​អេមីម​វិញ។ 12ពី​មុន សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​ដែរ តែ​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ ដូច​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)។ 13"ឥឡូវ​នេះ ចូរ​ក្រោក​ឡើង ឆ្លង​ស្ទឹង​សេរេត​នេះ​ចុះ" ដូច្នេះ ពួក​យើង​ក៏​ឆ្លង​ស្ទឹង​សេរេត។ 14ឯ​វេលា​ដែល​ពួក​យើង​បាន​ដើរ​ពី​កាដេស-បារនា រហូត​ដល់​យើង​បាន​ឆ្លង​ស្ទឹង​សេរេត មាន​រយៈ​ពេល​សាមសិប​ប្រាំបី​ឆ្នាំ ទាល់​តែ​ជំនាន់​មនុស្ស​ដែល​ជំនាញ​ក្នុង​ចម្បាំង​ទាំង​អស់​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ។ 15ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​គេ​មែន ដើម្បី​បំផ្លាញ​គេ​ចេញ​ពី​ជំរំ រហូត​ទាល់​តែ​គេ​វិនាស​អស់។
16លុះ​អស់​អ្នក​ដែល​ថ្នឹក​នឹង​ចម្បាំង​បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ប្រជា‌ជន​ភ្លាម 17ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា 18"ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំ​ដែន​ស្រុក​ម៉ូអាប់ ត្រង់​ក្រុង​អើរ 19ដូច្នេះ ពេល​ចូល​ទៅ​ជិត​ដែន​ដី​កូន​ចៅ​អាំម៉ូន កុំ​រំខាន​គេ​ឡើយ ក៏​កុំ​ត‌តាំង​នឹង​គេ​ដែរ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​កូន​ចៅ​អាំម៉ូន ឲ្យ​អ្នក​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។ 20(ស្រុក​នោះ​ក៏​រាប់​ទុក​ជា​ស្រុក​របស់​ពួក​រេផែម​ដែរ។ ពី​មុន ពួក​រេផែម​បាន​នៅ​ស្រុក​នោះ តែ​សាសន៍​អាំម៉ូន​ហៅ​គេ​ថា​សាសន៍​សាំស៊ូមីម​វិញ 21គេ​ជា​សាសន៍​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន ដូច​សាសន៍​អ័ណាក់​ដែរ តែ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​ពី​មុខ​សាសន៍​អាំម៉ូន​ទៅ ដើម្បី​ឲ្យ​គេ​អាច​ចាប់​យក​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ នៅ​កន្លែង​របស់​គេ 22ដូច​ព្រះ‌អង្គ​បាន​ធ្វើ​សម្រាប់​កូន​ចៅ​អេសាវ ដែល​នៅ​ស្រុក​សៀរ កាល​ព្រះ‌អង្គ​បាន​បំផ្លាញ​សាសន៍​ហូរី​ពី​មុខ​គេ​ចេញ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​អាច​ចាប់​យក​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។ 23រីឯ​សាសន៍​អាវីម ដែល​រស់​នៅ​តាម​ភូមិ​នានា​រហូត​ដល់​ក្រុង​កាសា នោះ​សាសន៍​កាប់ថោរ ដែល​ចេញ​ពី​ស្រុក​កាប់ថោរ​មក បាន​បំផ្លាញ​គេ​ចេញ ហើយ​បាន​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ)។ 24"ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ ចូរ​ចាប់​ផ្ដើម​ចាប់​យក​ស្រុក​នោះ ហើយ​ច្បាំង​នឹង​គេ​ចុះ។ 25នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន​ភ័យ​ញ័រ ហើយ​កោត‌ខ្លាច​ដល់​អ្នក។ ពេល​គេ​ឮ​និយាយ​ពី​អ្នក គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ថប់​បារម្ភ​ដោយ​ព្រោះ​អ្នក"»។
អ៊ីស្រា‌អែល​វាយ​យក​នគរ​របស់​ស្តេច​ស៊ីហុន
26«ដូច្នេះ ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ​ពី​ទី​រហោ‌ស្ថាន​កេដេម៉ូត ឲ្យ​ទៅ​ជួប​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​មេត្រី​ថា 27"សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះករុណា​ផង យើង​នឹង​ដើរ​តាម​តែ​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​នឹង​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។ 28ឯ​អាហារ និង​ទឹក​សម្រាប់​យើង​ខ្ញុំ​ទទួល​ទាន នោះ​សូម​ព្រះ​ករុណា​លក់​យក​ប្រាក់​ពី​យើង​ខ្ញុំ​ចុះ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​របស់​ព្រះ​ករុណា​ប៉ុណ្ណោះ 29ដូច​កូន​ចៅ​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ និង​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​យើង​ខ្ញុំ​ដែរ រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ"។ 30ប៉ុន្ដែ ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មិន​ព្រម​បើក​ឲ្យ​ពួក​យើង​ដើរ​កាត់​ស្រុក​របស់​ព្រះ‌អង្គ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក បាន​ធ្វើ​ឲ្យ​ស្តេច​នោះ​មាន​វិញ្ញាណ​រឹង ហើយ​មាន​ចិត្ត​មានះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​មាន​សព្វ​ថ្ងៃ​នេះ​ស្រាប់។ 31ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "មើល៍ យើង​បាន​ចាប់​ផ្ដើម​ប្រគល់​ស៊ីហុន និង​ស្រុក​របស់​គេ​មក​អ្នក​ហើយ។ ដូច្នេះ ចូរ​ចាប់​ផ្ដើម​ចាប់​យក​ស្រុក​របស់​គេ ទុក​ជា​កេរ‌អាករ​ចុះ"។ 32ពេល​នោះ ស៊ីហុន​បាន​ចេញ​មក​ទាស់​នឹង​យើង គឺ​ស្ដេច​បាន​លើក​ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​ច្បាំង​នៅ​យ៉ាហាស់ 33តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្តេច​មក​យើង ហើយ​យើង​បាន​ប្រហារ​ទ្រង់ និង​កូន​ចៅ​ទ្រង់ ព្រម​ទាំង​មនុស្ស​របស់​ទ្រង់​ទាំង​អស់។ 34នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ស្ដេច ហើយ​យើង​បាន​កម្ទេច​អស់​ទាំង​ទី​ក្រុង មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ឥត​ទុក​អ្នក​ណា​ម្នាក់​ឲ្យ​នៅ​សល់​ឡើយ។ 35យើង​បាន​យក​តែ​ហ្វូង​សត្វ​ទុក​សម្រាប់​ខ្លួន​យើង ជា​មួយ​នឹង​របឹប​ពី​អស់​ទាំង​ក្រុង​ដែល​យើង​ចាប់​យក​បាន​ប៉ុណ្ណោះ។ 36ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន និង​ពី​ទី​ក្រុង​មួយ​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ប្រគល់​ទាំង​អស់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង។ 37ប៉ុន្ដែ យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​កូន​ចៅ​អាំម៉ូន​ឡើយ គឺ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ក្បែរ​ស្ទឹង​យ៉ាបុក និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភ្នំ ព្រម​ទាំង​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ហាម‌ឃាត់»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល