ចោទិយកថា 27
27
ថ្មចារឹក និងអាសនានៅលើភ្នំអេបាល
1លោកម៉ូសេ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ប្រជាជនថា៖ «ចូរកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ 2នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក ត្រូវរៀបដុំថ្មធំៗឡើង រួចយកបាយអរមកបូកលើថ្មនោះ។ 3ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះនៅលើថ្មនោះ នៅពេលអ្នកឆ្លងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។ 4ពេលណាអ្នករាល់គ្នាបានបានឆ្លងទន្លេយ័រដាន់រួចហើយ ត្រូវរៀបថ្មទាំងនោះឡើង នៅលើភ្នំអេបាល តាមពាក្យដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ រួចយកបាយអបូកលើថ្មនោះ។ 5នៅទីនោះ អ្នកត្រូវស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអាសនាមួយធ្វើពីថ្ម។ មិនត្រូវយកដែកពន្លាកទៅដាប់ថ្មនោះឡើយ។ 6ត្រូវសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយថ្មទាំងមូល ហើយថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើអាសនានោះ។ 7ត្រូវថ្វាយយញ្ញបូជាជាតង្វាយមេត្រី ហើយត្រូវបរិភោគនៅកន្លែងនោះ ដោយអរសប្បាយ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ 8ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ នៅលើថ្មទាំងនោះ ឲ្យច្បាស់ៗ»។
9បន្ទាប់មក លោកម៉ូសេ និងពួកលេវី ដែលជាសង្ឃ បានថ្លែងទៅកាន់អ៊ីស្រាអែលទាំងអស់ថា៖ «ចូរស្ងាត់ស្ងៀម ហើយស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ថ្ងៃនេះ អ្នកបានត្រឡប់ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយ។ 10ដូច្នេះ ត្រូវស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។
បណ្ដាសាដប់ពីរ
11នៅថ្ងៃនោះ លោកម៉ូសេបង្គាប់ប្រជាជនថា៖ 12«កាលណាអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ ពួកទាំងនេះត្រូវឈរនៅលើភ្នំកេរិស៊ីម ដើម្បីឲ្យពរដល់ប្រជាជន គឺពួកស៊ីម្មាន ពួកលេវី ពួកយូដា ពួកអ៊ីសាខារ ពួកយ៉ូសែប និងពួកបេនយ៉ាមីន។ 13ឯពួកទាំងនេះត្រូវឈរនៅលើភ្នំអេបាល ដើម្បីដាក់បណ្ដាសា គឺពួករូបេន ពួកកាដ ពួកអេស៊ើរ ពួកសាប់យូឡូន ពួកដាន់ និងពួកណែបថាលី។ 14បន្ទាប់មក ពួកលេវីត្រូវប្រកាសឲ្យខ្លាំងៗ ប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់គ្នាថា
15"ត្រូវបណ្ដាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជារបស់ដែលដៃជាងបានធ្វើ រួចយកទៅដាក់នៅទីសម្ងាត់"។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នា ដោយពាក្យថា "អាម៉ែន!"។
16"ត្រូវបណ្ដាសាហើយ អ្នកណាដែលមើលងាយឪពុកម្តាយរបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
17"ត្រូវបណ្ដាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងរបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
18"ត្រូវបណ្ដាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់ដើរខុសផ្លូវ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
19"ត្រូវបណ្ដាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
20"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកនឹងប្រពន្ធរបស់ឪពុករបស់ខ្លួន ដ្បិតអ្នកនោះបានប្រមាថឪពុករបស់ខ្លួន "។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
21"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមសង្វាសជាមួយសត្វណាមួយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
22"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយបងប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
23"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយម្តាយក្មេករបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
24"ត្រូវបណ្ដាសាហើយ អ្នកណាដែលវាយអ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
25"ត្រូវបណ្ដាសាហើយ អ្នកណាដែលស៊ីសំណូកដើម្បីសម្លាប់មនុស្សឥតទោស"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
26"ត្រូវបណ្ដាសាហើយ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងពាក្យក្នុងក្រឹត្យវិន័យនេះ ហើយមិនប្រតិបត្តិតាម"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 27: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies