ចោទិយ‌កថា 27

27
ថ្ម​ចារឹក និង​អាសនា​នៅ​លើ​ភ្នំ​អេបាល
1លោក​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​កាន់​តាម​បទ​បញ្ជាទាំង​ប៉ុន្មាន ដែលខ្ញុំ​បង្គាប់​អ្នករាល់​គ្នា​នៅ​ថ្ងៃ​នេះ។ 2នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក ត្រូវ​រៀប​ដុំ​ថ្មធំៗឡើង រួច​យក​បាយ​អរ​មក​បូក​លើ​ថ្ម​នោះ។ 3ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ​នៅ​លើ​ថ្ម​នោះ នៅ​ពេល​អ្នក​ឆ្លង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរសរបស់​អ្នក​បាន​សន្យា​នឹង​អ្នក។ 4ពេល​ណា​អ្នក​រាល់​គ្នា​បាន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​រួច​ហើយ ត្រូវ​រៀប​ថ្មទាំង​នោះ​ឡើង នៅ​លើ​ភ្នំ​អេបាល តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ រួច​យក​បាយអ​បូកលើ​ថ្ម​នោះ។ 5នៅ​ទី​នោះ អ្នក​ត្រូវ​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​អាសនាមួយ​ធ្វើ​ពី​ថ្ម។ មិន​ត្រូវ​យក​ដែក​ពន្លាក​ទៅ​ដាប់​ថ្ម​នោះ​ឡើយ។ 6ត្រូវ​សង់​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ថ្ម​ទាំង​មូល ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​លើ​អាស‌នា​នោះ។ 7ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​តង្វាយ​មេត្រី ហើយ​ត្រូវ​បរិ‌ភោគ​នៅ​កន្លែង​នោះ ដោយ​អរ​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ 8ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ​វិន័យ​នេះ នៅ​លើ​ថ្ម​ទាំង​នោះ ឲ្យ​ច្បាស់​ៗ»។
9បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​លេវី ដែល​ជា​សង្ឃ បាន​ថ្លែង​ទៅ​កាន់​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ចូរ​ស្ងាត់​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​អ៊ីស្រា‌អែល​អើយ ថ្ងៃ​នេះ អ្នក​បាន​ត្រឡប់​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។ 10ដូច្នេះ ត្រូវ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ​ចុះ»។
បណ្ដា‌សា​ដប់​ពីរ
11នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បង្គាប់​ប្រជា‌ជន​ថា៖ 12«កាល​ណា​អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​រួច​ហើយ ពួក​ទាំង​នេះត្រូវ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម ដើម្បី​ឲ្យ​ពរ​ដល់​ប្រជា‌ជន គឺ​ពួក​ស៊ីម្មាន ពួក​លេវី ពួក​យូដា ពួក​អ៊ីសាខារ ពួក​យ៉ូសែប និង​ពួក​បេនយ៉ាមីន។ 13ឯ​ពួក​ទាំង​នេះ​ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ដាក់​បណ្ដា‌សា គឺ​ពួក​រូបេន ពួក​កាដ ពួក​អេស៊ើរ ពួក​សាប់‌យូ‌ឡូន ពួក​ដាន់ និង​ពួក​ណែប‌ថាលី។ 14បន្ទាប់​មក ពួក​លេវី​ត្រូវ​ប្រកាស​ឲ្យ​ខ្លាំងៗ ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា
15"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។
16"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ឪពុក​ម្តាយ​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
17"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
18"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
19"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដីមេម៉ាយ"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
20"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​ប្រមាថ​ឪពុក​របស់​ខ្លួន "។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
21"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​សង្វាស​ជា‌មួយ​សត្វ​ណា​មួយ"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
22"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា‌មួយ​បង​ប្អូន​ស្រី ជា​កូន​របស់​ឪពុក ឬ​ម្តាយ​តែ​មួយ"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
23"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា‌មួយ​ម្តាយ‌ក្មេក​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
24"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​វាយ​អ្នក​ជិត​ខាង​របស់​ខ្លួន​ដោយ​សម្ងាត់"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
25"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ស៊ី​សំណូក​ដើម្បី​សម្លាប់​មនុស្ស​ឥត​ទោស"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។
26"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ហើយ​មិន​ប្រតិ‌បត្តិ​តាម"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល