ចោទិយកថា 30
30
ការបញ្ជាក់អំពីព្រះហឫទ័យស្មោះត្រង់របស់ព្រះ
1«កាលសេចក្ដីទាំងអស់នេះបានកើតឡើងដល់អ្នក គឺទាំងព្រះពរ និងបណ្ដាសា ដែលខ្ញុំបានដាក់នៅមុខអ្នក ហើយនៅកណ្ដាលអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងបណ្ដេញអ្នកចេញទៅ ហើយអ្នកនឹកឃើញសេចក្ដីទាំងនោះ 2រួចវិលត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ គឺទាំងអ្នក និងកូនចៅរបស់អ្នក ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ក្នុងគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក 3នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងស្ដារស្ថានភាពរបស់អ្នក ហើយអាណិតមេត្តាអ្នក ព្រមទាំងប្រមូលអ្នកមកពីអស់ទាំងសាសន៍ ដែលព្រះអង្គបានកម្ចាត់កម្ចាយអ្នកទៅនោះ។ 4ទោះបើពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានទៅនៅដល់ទីបំផុតនៃជើងមេឃក៏ដោយ ក៏ព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រមូល ហើយនាំយកអ្នកពីទីនោះមកវិញដែរ។ 5ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងនាំអ្នកមកក្នុងស្រុកដែលបុព្វបុរសអ្នកបានចាប់យក ហើយអ្នកនឹងចាប់យកស្រុកនោះវិញ។ ព្រះអង្គនឹងប្រោសសេចក្ដីល្អដល់អ្នក ហើយនឹងចម្រើនអ្នកឲ្យមានគ្នាច្រើន លើសជាងបុព្វបុរសរបស់អ្នកទៅទៀត។
6ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងកាត់ស្បែកចិត្តរបស់អ្នក ហើយចិត្តរបស់ពូជពង្សអ្នក ដើម្បីឲ្យអ្នកស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយឲ្យអ្នកបានរស់នៅ។ 7ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងដាក់បណ្ដាសាទាំងអស់នេះ ទៅលើខ្មាំងសត្រូវ និងទៅលើពួកអ្នកដែលស្អប់ ហើយបៀតបៀនអ្នក។ 8អ្នកនឹងស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាវិញ ហើយប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ 9ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើនជាបរិបូរ ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ជាផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វ និងផលដែលកើតពីដីរបស់អ្នក។ ដ្បិតព្រះយេហូវ៉ារីករាយនឹងប្រោសឲ្យអ្នកបានចម្រុងចម្រើនឡើងវិញ ដូចព្រះអង្គរីករាយនឹងដូនតារបស់អ្នកដែរ 10ពេលអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ គឺនៅពេលអ្នកបែរមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក»។
ការដាស់តឿនឲ្យរើសយកជីវិត
11«បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងអ្នកទេ ក៏មិនមែននៅឆ្ងាយដែរ។ 12បទបញ្ជានេះមិនមែននៅលើស្ថានសួគ៌ ឲ្យអ្នកពោលថា "តើបានអ្នកណានឹងឡើងទៅស្ថានសួគ៌ នាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាម?" នោះឡើយ 13ក៏មិនមែននៅត្រើយសមុទ្រខាងនាយ ឲ្យអ្នកពោលថា "តើបានអ្នកណានឹងឆ្លងសមុទ្រ ទៅនាំយកព្រះបន្ទូលមកប្រាប់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានប្រព្រឹត្តតាម?" នោះដែរ។ 14គឺព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងនៅក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកអាចប្រព្រឹត្តតាមបាន ។
15មើល៍ នៅថ្ងៃនេះ ខ្ញុំបានដាក់ជីវិត និងសេចក្ដីល្អនៅមុខអ្នក ព្រមទាំងសេចក្ដីស្លាប់ និងសេចក្ដីអាក្រក់ផង។ 16ប្រសិនបើអ្នកស្ដាប់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយដើរតាមផ្លូវរបស់ព្រះអង្គ ហើយកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ នោះអ្នកនឹងបានរស់នៅ ហើយចម្រើនឡើង។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានពរអ្នក នៅក្នុងស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។ 17ប៉ុន្តែ បើចិត្តរបស់អ្នកបែរចេញ មិនព្រមស្តាប់តាម តែបណ្ដោយឲ្យគេទាញទៅថ្វាយបង្គំព្រះដទៃ ហើយគោរពប្រតិបត្តិតាមដល់ព្រះទាំងនោះ 18នោះខ្ញុំប្រកាសប្រាប់អ្នកនៅថ្ងៃនេះថា អ្នកនឹងត្រូវវិនាសជាមិនខាន។ អ្នកនឹងមិនបានរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នកនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះឡើយ។ 19ខ្ញុំយកស្ថានសួគ៌ និងផែនដីឲ្យធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះ ចូរជ្រើសរើសយកជីវិតចុះ ដើម្បីឲ្យអ្នក និងពូជពង្សរបស់អ្នកបានរស់នៅ 20ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies