ចោទិយ‌កថា 32

32
1«ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹងថ្លែង ហើយ​សូម​ឲ្យ​ផែន‌ដី​ស្តាប់​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ 2សូម​ឲ្យដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​មក​ដូច​ទឹក​ភ្លៀង ឲ្យ​ពាក្យ​សម្ដី​ខ្ញុំ​ស្រក់​ដូច​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​មួយ​មេ​មក​លើ​តិណ‌ជាតិ។ 3ដ្បិត​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​លើក​តម្កើង​តេជា‌នុភាព​ដល់​ព្រះ​នៃ​យើង! 4ព្រះ‌អង្គ​ជា​ថ្មដា ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវរប​ស់​ព្រះ‌អង្គ​សុទ្ធ​តែ​យុត្តិ‌ធម៌ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ព្រះ‌អង្គ​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។
5គេ​បាន​ប្រព្រឹត្ត​យ៉ាង​ខូច​អាក្រក់​ជាមួយ​ព្រះ‌អង្គ គេ​មិន​មែន​ជា​កូន​របស់​ព្រះ‌អង្គ​ទៀតទេ ព្រោះ​គេ​បាន​សៅហ្មង ជា​តំណ​មនុស្ស​វៀច ហើយ​ក្រវិច‌ក្រវៀន 6ឱ​ពួក​មនុស្ស​លេលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​អ្នក​រាល់​គ្នា​សង​គុណដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ? តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ‌វរ‌បិតា​របស់​អ្នក ដែល​បាន​ទិញ​អ្នក​មក​ទេ​ឬ? ព្រះ‌អង្គ​បាន​បង្កើត​អ្នក ហើយ​តាំង​អ្នក​ឡើង​ផង។ 7ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​តំណ​ត​មក ចូរ​សួរ​ឪពុក​របស់​អ្នក​ចុះ គាត់​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​របស់​អ្នក​ផង គេ​នឹង​ប្រាប់​ដល់​អ្នក។ 8កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មត៌ក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ព្រះ‌អង្គ​បាន​បំបែក​មនុស្ស​ចេញ​ពី​គ្នា នោះ​ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​ពួក​កូន​របស់​ព្រះ ។ 9ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា គឺ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​លោក​យ៉ាកុប​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ។ 10ព្រះ‌អង្គ​ឃើញ​លោក​នៅ​តំបន់​ស្ងាត់ ក្នុង​ទី​រហោ‌ស្ថាន​ហួត​ហែង មាន​តែ​សំឡេង​ថ្ងួចថ្ងូរ ព្រះ‌អង្គ​បាន​ព័ទ្ធ​លោក​ជុំ‌វិញ ហើយ​បាន​ថែ‌ទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ 11ដូច​សត្វ​ឥន្ទ្រី​ដែល​អង្រួន​សម្បុក ក៏​ហើរ​ការ​ពារ​ពី​លើកូន រួច​ត្រដាង​ស្លាប​ទទួល​កូន ទាំង​ទ្រ​នៅ​លើ​ចំអេង​ស្លាប 12ព្រះ‌យេហូវ៉ា​តែ​មួយ​ព្រះ‌អង្គ​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា‌មួយ​លោក​ឡើយ។ 13ព្រះ‌អង្គ​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែន‌ដី លោក​បាន​បរិ‌ភោគ​ផល​ចម្រើន​ពី​ស្រែ​ចម្ការ ហើយ​ព្រះ‌អង្គ​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា និង​ប្រេង​ពី​ថ្ម​ដ៏​រឹង 14ក៏​បាន​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល ហើយអ្នក​បាន​ផឹក​ឈាម​ទំពាំង‌បាយ​ជូរ​ដ៏​សុទ្ធ។ 15យ៉ាកុប​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ ក៏​ធាត់រលោង រួចគេ​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃការ​សង្គ្រោះ​របស់​ខ្លួន។ 16គេ​បាន​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ​ដោយ‌សារ​ព្រះ​ដទៃ ក៏​បាន​ចាក់‌រុក​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ‌សារ​ការ​គួរ​ស្អប់​ខ្ពើម។ 17គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។ 18ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។
19ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​កិរិយា​របស់​គេ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ ព្រះ‌អង្គ​ស្អប់​ខ្ពើម ព្រោះ​កូន​ប្រុស កូន​ស្រី​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។ 20ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​គេច​មុខ​ចេញ​ពី​គេ យើង​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​រឹង​ចចេស ជា​កូន​ចៅ​ដែល​គ្មាន​ចិត្ត​ស្មោះ‌ត្រង់"។ 21គេ​បានធ្វើ​ឲ្យ​យើង​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ព្រះ​របស់​គេ។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជន​ណា​មួយ យើង​បណ្ដាល​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា។ 22ដ្បិត​ភ្លើង​កំហឹង​របស់​យើង​បាន​ឆួល​ឡើង ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​លេប​ត្របាក់​ផែន‌ដី និង​សេចក្ដី​ចម្រើន​របស់​ផែនដី ហើយ​បង្កាត់​គ្រឹះ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ឆេះ​ឡើង។ 23យើង​នឹង​បង្គរ​មហន្តរាយ​ទៅ​លើ​គេ យើង​នឹង​បាញ់​ព្រួញ​របស់​យើង​ទៅ​លើ​គេ 24គេ​នឹង​ត្រូវ​រីងរៃ​ទៅ​ដោយ​សារ​ឃ្លាន ហើយ​រោយ‌រៀវ​ទៅ​ដោយ​អំណាច​ក្តៅ និង​សេចក្ដី​ហិន‌វិនាស​ដ៏​ជូរ‌ចត់ យើង​នឹង​ចាត់​សត្វ​ព្រៃ​ទៅ​ខាំ​គេ ព្រម​ទាំង​សត្វ​លូន​វារ​នៅ​ដី​ឲ្យ​ទៅ​ចឹក​ផង។ 25នៅ​ខាង​ក្រៅផ្ទះ គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​នៅ​ខាង​ក្នុង គេ​នឹង​ភ័យញាប់​ញ័រ ដ្បិត​មនុស្ស​កំលោះ​ក៏​ដូច​ជា​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ និង​មនុស្ស​សក់​ស្កូវ​ផង។ 26យើង​បាន​ប្រាប់​ថា យើង​នឹង​ក​ម្ចាត់​កម្ចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ យើង​នឹង​លុប​បំបាត់​ការ​នឹក​ចាំ​អំពី​គេ ចេញ​ពី​មនុស្ស​លោក​ទៅ 27ប៉ុន្ដែ យើង​ខ្លាច​ក្រែង​ខ្មាំង‌សត្រូវ​របស់​គេ​អួត​អាង ដ្បិត​បច្ចាមិត្ត​របស់​គេ​អាច​យល់​ច្រឡំ​ថា "ដៃ​របស់​យើង​បាន​ឈ្នះ​ទេតើ មិន​មែន​ព្រះ‌យេហូវ៉ា​ទេ​ដែល​ធ្វើ​ការ​ទាំង​អស់នេះ"។ 28ដ្បិត​គេ​ជា​សាសន៍​មួយ​ដែល​ល្ងង់​ខ្លៅ ហើយ​គ្មាន​ការ​យល់​ដឹង​ក្នុង​ខ្លួន​សោះ។
29ប្រសិន‌បើ​គេ​មាន​ប្រាជ្ញា គេ​មុខ​ជា​យល់​សេចក្ដី​នេះ គេ​នឹង​យល់​ពី​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា​មិន​ខាន! 30តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ? 31ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​ទេ សូម្បី​តែ​ខ្មាំង‌សត្រូវ​របស់​យើង ក៏​ទទួល​ស្គាល់​ដូច្នេះ​ដែរ។ 32ដើម​ទំពាំង​បាយ​ជូរ​របស់​គេ ចេញ​ពី​ដើម​ទំពាំង​បាយ​ជូរ​របស់​ក្រុង​សូដុម និង​ពី​ចម្ការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ​ជា​ផ្លែ​មាន​ជាតិ​ពុល ចង្កោម​របស់​គេ​ក៏​ជូរ​ចត់​ដែរ 33ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ​ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមានផង។ 34តើ​នេះមិន​មែន​រក្សា​ទុក​នៅ​នឹង​យើង ទាំង​បិទ​ត្រា​នៅ​ក្នុង​ឃ្លាំង​របស់​យើង​ទេ​ឬ? 35ការ​សង‌សឹក និងការ​តប​ទៅ​គេ​វិញ ស្រេច​លើ​យើង ក្នុង​កាល​ដែល​ជើង​របស់​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នៅ​ជិត​បង្កើយ ហើយ​ថ្ងៃ​ដែល​គេ​ទទួល​ផល​អាក្រក់​របស់​ខ្លួន​មក​ដល់​យ៉ាង​រហ័ស។ 36ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​កាត់​សេចក្ដី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បម្រើ​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ទត​ឃើញ​ថា កម្លាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង។ 37ពេល​នោះ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា "អស់​ទាំង​ព្រះ​របស់​គេ ជា​ថ្មដា​ដែល​គេ​បាន​យក​ជា​ទី​ពឹង​នោះ តើ​នៅ​ឯ​ណា? 38ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​តង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​អ្នក​ចុះ ហើយ​ការ‌ពារ​អ្នក​ទៅ! 39មើល៍ ឥឡូវនេះ គឺ​យើង​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពីយើង​ឡើយ។ យើង​សម្លាប់ ហើយ​យើង​ប្រោស​ឲ្យ​រស់ យើង​ធ្វើ​ឲ្យ​របួស ហើយ​យើង​ប្រោ​សឲ្យ​ជា គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឡើយ។ 40ដ្បិតយើង​លើក​ដៃរបស់​យើង​ទៅ​ស្ថាន‌សួគ៌ ហើយ​ស្បថ​ក្នុង​នាម​យើង​ដែល​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច​ថា 41ប្រសិន‌បើ​យើង​សំលៀង​ដាវ​របស់​យើងដែល​ភ្លឺ‌ចាំង ហើយ​ដៃ​យើង​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌ នោះ​យើង​នឹង​សង‌សឹក​បច្ចា​មិត្ត​របស់​យើង ហើយ​នឹង​សង​អស់​អ្នកដែល​ស្អប់​យើង។ 42យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើង​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​របស់​យើង​ត្របាក់​ស៊ី​សាច់ គឺ​ដោយ​ឈាម​របស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពីក្បាល​របស់​ខ្មាំង‌សត្រូវ​ដែល​មាន​សក់​វែង​ទៅ។ 43ឱ​ស្ថានសួគ៌​អើយ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង ព្រះ​ទាំង​ឡាយ​អើយ ចូរ​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​សង‌សឹក​ចំពោះ​ឈាម​ពួក​កូន​របស់​ព្រះ‌អង្គ ហើយ​សង​សឹក​បច្ចា​មិត្ត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​សង​ដល់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ ហើយ​លាង​សម្អាត​ស្រុក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ"»។
44លោក​ម៉ូសេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន បាន​ចូល​មក ហើយ​សូត្រ​អស់​ទាំង​ព្រះ​បន្ទូលទាំង​ប៉ុន្មាន​នៃ​បទ​ចម្រៀង​នេះ ឲ្យ​ប្រជា‌ជន​ទាំង​អស់​បាន​ស្តាប់។ 45កាល​លោក​ម៉ូសេ​បាន​សូត្រ​ព្រះ​បន្ទូល​ទាំង​នេះ ដល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ចប់​ហើយ 46លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ទូន្មាន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ហើយ​បង្គាប់​ដល់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ឲ្យ​គេ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។ 47ដ្បិត​នេះ​មិន​មែន​ជា​សេចក្ដី​ឥត​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ គឺ​ជា​ជីវិត​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​ដោយ‌សារ​សេចក្ដី​នេះ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យូរ‌អង្វែង នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ចូល​ទៅ​កាន់​កាប់»។
ព្រះ‌អម្ចាស់​ប្រកាស​អំពី​មរណ‌ភាព​របស់​លោក​ម៉ូសេ
48នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 49«ចូរ​ឡើង​ទៅ​ភ្នំ​អាបារីម​នេះ​ទៅ គឺ​ភ្នំ​នេបូរ ដែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ក្រុង​យេរីខូរ ហើយ​មើល​ទៅ​ស្រុក​កាណាន ដែល​យើង​ឲ្យ​ទុក​ជា​កេរ‌អាករ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ចុះ។ 50អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ ហើយ​នឹង​បាន​ជួប​ជុំ​ជាមួយ​ដូន‌តា​របស់​អ្នក ដូច​អើរ៉ុន​បង​របស់​អ្នក​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ហើយ​បាន​ជួប​ជុំ​ជាមួយ​ដូន‌តា​របស់​គាត់​ដែរ 51ព្រោះ​អ្នក​បាន​រំលង​ទាស់​នឹង​យើង នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល ត្រង់​ទឹក​មេរីបា​នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ព្រោះ​អ្នក​មិន​បាន​លើក​យើង​ជា​បរិសុទ្ធ នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទេ ។ 52អ្នក​នឹង​មើល​ស្រុក​នៅ​មុខ​អ្នក​ឃើញ តែ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ឲ្យ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 32: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល