ចោទិយកថា ពាក្យលំនាំ
ពាក្យលំនាំ
ពាក្យ «ចោទិយកថា ឬទុតិយកថា» មានន័យថា «កថាទីពីរ» ពោលគឺ «កថាដែលរំឭកអំពីគម្ពីរវិន័យឡើងវិញ»។
ផ្នែកខាងចុងនៃគម្ពីរ «ជនគណនា» មានបរិយាយអំពីប្រជាជនអ៊ីស្រាអែលចូលទៅដល់ជិតទឹកដីសន្យា។ បន្ទាប់មក ក្នុងកណ្ឌគម្ពីរ «ចោទិយកថា» មានចែងអំពីសុន្ទរកថាដែលលោកម៉ូសេបានថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែល (១.១-៤.៤៣, ៤.៤៤-២៨.៦៨ និង ២៨.៦៩-៣០.២០)។ ក្នុងសុន្ទរកថាទាំងនោះ លោកម៉ូសេរំឭកអំពីការអស្ចារ្យដែលព្រះបានធ្វើ ដើម្បីសម្ដែងព្រះហឫទ័យស្រឡាញ់ដ៏ស្មោះស្ម័គ្រ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានតាំងកិច្ចសន្យាជាមួយពួកគេ ព្រះអង្គដឹកនាំពួកគេអស់រយៈពេលសែសិបឆ្នាំក្នុងទីរហោស្ថាន ដោយការពារពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយប្រទានក្រឹត្យវិន័យឲ្យពួកគេកាន់តាម ដោយមានព្រះបន្ទូលសន្យាជាប់ជាមួយផង។
កណ្ឌគម្ពីរចោទិយកថាមិនត្រឹមតែរំឭកឡើងវិញនូវក្រឹត្យវិន័យ ច្បាប់ និងបញ្ញត្តិរបស់ព្រះ ដែលមានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យមុនៗប៉ុណ្ណោះទេ តែសុន្ទរកថារបស់លោកម៉ូសេដាស់តឿនប្រជាជនអ៊ីស្រាអែល ឲ្យនឹកដល់ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះ ហើយលើកទឹកចិត្តពួកគេឲ្យរួមរស់ជាមួយព្រះអង្គយ៉ាងជិតស្និទ្ធ «អ៊ីស្រាអែលអើយ ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីព្រលឹង និងអស់ពីកម្លាំង» (៦.៤៥)។
បួនជំពូកចុងក្រោយនៃកណ្ឌគម្ពីរនេះ មានអត្ថបទពីរ ដែលមានលក្ខណៈជាកំណាព្យ គឺទំនុកតម្កើងរបស់លោកម៉ូសេ(ជំពូក ៣២) និងពររបស់លោកម៉ូសេចំពោះកុលសម្ព័ន្ធទាំងដប់ពីរនៃប្រជាជនអ៊ីស្រាអែល (ជំពូក ៣៣) ហើយមានអត្ថបទពីរទៀត ដែលជាកំណត់ហេតុអំពីការតែងតាំងលោកយ៉ូស្វេឲ្យធ្វើជាអ្នកដឹកនាំជំនួសលោកម៉ូសេ (ជំពូក ៣១) និងមរណភាពរបស់លោកម៉ូសេ (ជំពូក ៣៤)។
នៅផ្នែកកណ្ដាលនៃ «ចោទិយកថា» នេះ មានអត្ថបទដែលហៅថា «គម្ពីរក្រឹត្យវិន័យ» ហើយប្រហែលត្រូវគេរកឃើញនៅរជ្ជកាលព្រះបាទយ៉ូសៀស (២ ពង្ស. ២២) និងជាប្រភពនៃការកែទម្រង់សាសនានៅជំនាន់នោះ។ អត្ថបទនេះមានឥទ្ធិពលទៅលើកណ្ឌខ្លះទៀតនៃសញ្ញាចាស់ (ដូចជានៅពង្សាវតារក្សត្រ យេរេមា) និងសញ្ញាថ្មី (ដូចជានៅម៉ាថាយ ៤.៤-៧ ម៉ាកុស ១២.៣២)។
កណ្ឌគម្ពីរចោទិយកថារំឭកអ្នកអាននៅជំនាន់ដើម និងអ្នកអាននាបច្ចុប្បន្នកាលនេះថា មនុស្សអាចរកសុភមង្គលដ៏ពិតប្រាកដបានតែនៅពេលណាដែលគេស្តាប់បង្គាប់ព្រះដោយស្មោះស្ម័គ្រប៉ុណ្ណោះ។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies