សាស្តា 8

8
ស្ដាប់​បង្គាប់​ស្ដេច ហើយ​រីក​រាយនឹង​ខ្លួនឯង
1តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ?
តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​ផ្សេងៗ?
ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង
ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ។
2ខ្ញុំ​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម បញ្ជា​របស់​ស្តេច​ចុះ គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង។ 3កុំ​ប្រញាប់​ថយ​ចេញ​ពី​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ស្អិត​ចិត្ត​ក្នុង​អំពើ​អាក្រក់​ណា​ដែរ ដ្បិត​ស្ដេច​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ។ 4ដ្បិត​រាជ‌ឱង្ការ​របស់​ស្ដេច​មាន​អំណាច តើ​អ្នក​ណា​ហ៊ាន​ទូល​ស្ដេច​ថា «តើ​ព្រះ‌ករុណា​កំពុង​ធ្វើ​អ្វី?» 5អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់ នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ មួយ​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល និង​សេចក្ដី​វិនិច្ឆ័យ 6ក៏​មាន​ពេល​វេលា នឹង​សេចក្ដី​វិនិច្ឆ័យ សម្រាប់​គ្រប់​ការ​ទាំង​អស់ ព្រោះ​អំពើ​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​យ៉ាង​ធ្ងន់។ 7ដ្បិត​គេ​មិន​ដឹង​ថា​នឹង​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ? តើ​អ្នក​ណា​អាច​ប្រាប់​ឲ្យ​គេ​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​បាន? 8គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​បាន​ដែរ។ គ្មាន​ផ្លូវ​គេច​រួច​ពី​ចម្បាំង​បាន​ទេ ហើយ​អំពើ​អាក្រក់​ក៏​មិន​ជួយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​ឲ្យ​បាន​រួច​ដែរ។ 9ការ​ទាំង​នេះ​ខ្ញុំ​បាន​ឃើញ​អស់​ហើយ ក៏​បាន​ផ្ចង់​ចិត្ត​ចំពោះ​គ្រប់​ការ​ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ មាន​គ្រា​ដែល​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា។
ផ្លូវ​របស់​ព្រះ គឺ​មិន​អាច​យល់
10បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់ គេ​ធ្លាប់​ចេញចូល​ក្នុង​ទី​បរិសុទ្ធ ហើយ​មនុស្ស​ក៏​បាន​សរសើរ​គេ​ក្នុង​ទី​ក្រុង ជា​កន្លែង​ដែល​គេ​បាន​ប្រព្រឹត្ត​ដ៏​អាក្រក់​របស់​ខ្លួន។ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ។ 11ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្តាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជា‌និច្ច ដោយ​សារ​តែ​ការ​ធ្វើ​ទោស ចំពោះ​អំពើ​អាក្រក់ មិន​បាន​សម្រេច​ជា​យ៉ាង​ឆាប់។ 12ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​មួយរយ​ដង ហើយ​ចម្រើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​ខ្ញុំ​ដឹង​ថា ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ គឺ​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌អង្គ គេ​នឹង​មាន​សេចក្ដី​សុខ។ 13ប៉ុន្តែ មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខ​ទេ ឯ​អាយុ​របស់​គេ ដែល​ធៀប​ដូច​ជា​ស្រមោល ក៏​មិន​បាន​យឺន‌យូរ​ដែរ ព្រោះ​គេ​មិន​កោត​ខ្លាច​ដល់​ព្រះ​ឡើយ។
14មាន​ការ​ឥត​ប្រយោជន៍​ម៉្យាង តែង‌តែ​មាន​នៅ​ផែនដី គឺ​មាន​មនុស្ស​សុចរិត​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​អាក្រក់​វិញ មួយ​ទៀត មាន​មនុស្ស​អាក្រក់​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​សុចរិត​ដែរ ខ្ញុំ​ថា​សេចក្ដី​នោះ​ជា​ការ​ឥត​មាន​ទំនង​សោះ 15ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការ​សប្បាយ ព្រោះ​នៅ​ក្រោម​ថ្ងៃ​នេះ គ្មាន​អ្វី​ប្រសើ​សម្រាប់​មនុស្ស​ជា​ជាង​ការ​ស៊ី​ផឹក និង​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ទាំង​នេះ ដែល​ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្លួន ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។
16កាល​ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ពិចារ‌ណា​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​ផែនដី ឃើញ​ថា​មាន​មនុស្ស​ដែល​មិន​ចេះ​ដេក​លក់ ទោះ​យប់​ឬ​ថ្ងៃ​ក្ដី 17ពេល​នោះ ខ្ញុំ​បាន​យល់​ពី​កិច្ច‌ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​មាន​ប្រាជ្ញា​ណា​ស្មាន​ថា នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។

ទើបបានជ្រើសរើសហើយ៖

សាស្តា 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល