នាងអេសធើរ 7
7
1ដូច្នេះ ស្តេច និងហាម៉ាន ក៏ចូលទៅពិធីជប់លៀងជាមួយព្រះនាងអេសធើរ ជាអគ្គមហេសី។ 2នៅថ្ងៃទីពីរនោះ ពេលកំពុងសោយស្រាក្នុងពិធីជប់លៀង ស្ដេចមានរាជឱង្ការទៅព្រះនាងអេសធើរម្តងទៀតថា៖ «អេសធើរ អគ្គមហេសីអើយ តើព្រះនាងចង់បានអ្វី? យើងនឹងប្រទានឲ្យទាំងអស់។ តើព្រះនាងមានសំណូមពរអ្វី? ទោះបីជានគរមួយចំហៀងរបស់យើងក៏ដោយ ក៏យើងសម្រេចឲ្យដែរ»។ 3ពេលនោះ ព្រះនាងអេសធើរ ជាអគ្គមហេសីទូលឆ្លើយថា៖ «បពិត្រព្រះករុណា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះហឫទ័យព្រះករុណាមែន ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសំណូមរបស់ខ្ញុំម្ចាស់ ព្រមទាំងសាសន៍របស់ខ្ញុំម្ចាស់ តាមបំណងរបស់ខ្ញុំម្ចាស់ផង។ 4ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងសាសន៍របស់ខ្ញុំម្ចាស់ ឲ្យត្រូវបំផ្លាញ ឲ្យត្រូវស្លាប់ ហើយឲ្យវិនាសសាបសូន្យ។ ប្រសិនបើគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសបាវស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់សុខចិត្តនៅស្ងៀម មិនចាំបាច់រំខានព្រះករុណាឡើយ តែយើងខ្ញុំហៀបនឹងវិនាស ហៀបនឹងស្លាប់ផុតពូជហើយ»។ 5ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរជាអគ្គមហេសីថា៖ «តើអ្នកណាដែលហ៊ានធ្វើបែបនេះ តើគេនៅឯណា?» 6ព្រះនាងអេសធើរទូលតបថា៖ «បច្ចាមិត្តជាសត្រូវរបស់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះហើយ!» ពេលនោះ ហាម៉ានភ័យស្លុតនៅចំពោះស្តេច និងអគ្គមហេសី។ 7ស្ដេចមានសេចក្ដីក្រោធជាខ្លាំង រួចក្រោកចេញពីកន្លែងសោយស្រា យាងចូលទៅក្នុងសួនច្បាររាជវាំង ឯហាម៉ានវិញ នៅទីនោះ អង្វរព្រះនាងអេសធើរ ជាអគ្គមហេសី សុំឲ្យរួចជីវិត ព្រោះលោកយល់ឃើញថា ស្ដេចបានសម្រេចនឹងធ្វើទោសខ្លួនហើយ។ 8ស្ដេចយាងត្រឡប់ពីសួនច្បាររាជវាំង មកកាន់សាលជប់លៀងវិញ ក្នុងពេលដែលហាម៉ានកំពុងក្រាបចុះនៅលើព្រះទែន ដែលព្រះនាងអេសធើរផ្អែក។ ឃើញដូច្នេះ ស្ដេចក៏ស្រែកឡើងថា៖ «ជននេះចង់បង្ខូចអគ្គមហេសីយើង នៅមុខយើង ក្នុងដំណាក់របស់យើងផងឬ?» កាលស្តេចមានរាជឱង្ការផុតពីមាត់ ពួករាជបម្រើក៏គ្របមុខហាម៉ានភ្លាម។ 9ពេលនោះ ហាបូណា ជាមហាតលិកមួយរូបរបស់ស្ដេច ទូលថា៖ «មើលហ្ន៍ មានបង្គោលមួយកម្ពស់ហាសិបហត្ថនៅផ្ទះលោកហាម៉ាន ដែលលោកហាម៉ានបានរៀបចំសម្រាប់ព្យួរកលោកម៉ាដេកាយ ជាអ្នកដែលបានរាយការណ៍សង្គ្រោះព្រះករុណា»។ ស្ដេចមានរាជឱង្ការថា៖ «យកជននេះ ទៅព្យួរកនៅលើបង្គោលនោះទៅ»។ 10ដូច្នេះ គេក៏ចងកហាម៉ានព្យួរលើបង្គោល ដែលលោកបានរៀបចំសម្រាប់ព្យួរកម៉ាដេកាយ។ ពេលនោះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់។
ទើបបានជ្រើសរើសហើយ៖
នាងអេសធើរ 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies