និក្ខមនំ 1

1
1នេះ​ជា​បញ្ជី​ឈ្មោះ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ជា‌មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺមានៈ 2រូបេន ស៊ីម្មាន លេវី យូដា 3អ៊ីសា‌ខារ សាប់‌យូ‌ឡូន បេនយ៉ាមីន 4ដាន់ ណែប‌ថា‌លី កាដ និង​អេស៊ើរ។ 5អស់​អ្នក​ដែល​កើត​មក​ពី​លោក​យ៉ាកុប​ទាំង​ប៉ុន្មាន មាន​ចំនួន​ចិតសិប​នាក់។ ឯ​លោក​យ៉ូសែប​រស់​នៅ​ស្រុក​អេស៊ីព្ទ​ស្រាប់​ហើយ។ 6ក្រោយ​មក លោក​យ៉ូសែប និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​មនុស្ស​ជំនាន់​នោះ​ទាំង​អស់​បាន​ស្លាប់​អស់​ទៅ។ 7ប៉ុន្តែ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បង្កើត​កូន​ចៅ​ដុះ‌ដាល កើន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស​ពេញ​ក្នុង​ស្រុក​នោះ។
ពួក​កូនចៅ​អ៊ីស្រា‌អែល​ត្រូវ​គេ​សង្កត់សង្កិន
8នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​អេស៊ីព្ទ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ 9ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ថា៖ «មើល៍! ប្រជា‌ជនអ៊ីស្រា‌អែល​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង ហើយ​ក៏​កាន់​តែ​មាន​កម្លាំង​ជាង​ពួក​យើង​ដែរ។ 10ឥឡូវ​នេះ យើង ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើនគ្នា​ច្រើន​ឡើង ហើយ​ប្រសិន‌បើ​មាន​សង្គ្រាម​កើត​ឡើង ពួក‌គេ​មុខ​ជា​ចូល​ដៃ​ជា‌មួយ​ខ្មាំង​សត្រូវ​ដើម្បី​ច្បាំង​នឹង​យើង រួច​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ 11ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​ពួក​តម្រួតត្រួត​ត្រា ដើម្បី​ធ្វើ​ទុក្ខ​ពួក​អ៊ីស្រា‌អែល ដោយ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ពួក​អ៊ីស្រា‌អែល​បាន​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន។ 12ប៉ុន្តែ ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចម្រើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​ការ​ភ័យ​ខ្លាច ដោយ​ព្រោះ​ប្រជា‌ជន​អ៊ីស្រា‌អែល។ 13ដូច្នេះ ពួក​អេស៊ីព្ទ​បាន​បង្ខំ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធ្វើ​ការ​យ៉ាង​ធ្ងន់​ធ្ងរ 14ហើយ​ធ្វើ​ឲ្យ​ជីវិត​គេ​ជូរ​ល្វីង​ដោយ​ការ​នឿយ​លំបាក គឺ​ប្រើ​ឲ្យ​ធ្វើ​បាយ​អ និង​ធ្វើ​ដុំ​ឥដ្ឋ ព្រម​ទាំង​ធ្វើ​ការ​នៅ​ស្រែ​ចម្ការ​គ្រប់​មុខ។ ការ​ងារ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ការងារ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។
15ពេល​នោះ ស្តេច​ស្រុក​អេស៊ីព្ទ​បញ្ជា​ទៅ​ឆ្មប​សាសន៍​ហេព្រើរ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ហើយ​ម្នាក់​ទៀត​ឈ្មោះ​នាង​ពូអា​ថា៖ 16«ពេល​ណា​នាង​បង្កើត​កូន​ឲ្យ​ពួក​ស្ត្រី​សាសន៍​ហេព្រើរ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន‌បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល តែ​ប្រសិន‌បើ​ជា​កូន​ស្រី ត្រូវ​ទុក​ឲ្យ​នៅ​រស់»។ 17ប៉ុន្តែ ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ឡើយ គឺនាង​បាន​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​វិញ។ 18ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​កោះ​ហៅ​ឆ្មប​ទាំង​នោះ​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​ដូច្នេះ ហើយ​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?» 19ឆ្មប​ទាំង​ពីរ​ទូល​ផារ៉ោន​ថា៖ «ព្រោះ​ស្ត្រីសាសន៍​ហេព្រើរ​មិន​ដូច​ស្ត្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រឹងប៉ឹង​ណាស់ ឆ្មប​មិន​ទាន់​ទៅ​ដល់​ផង នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។ 20ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ឆ្មប​ទាំង​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង និង​មាន​កម្លាំង​កាន់​តែ​ខ្លាំង។ 21ដោយ​ព្រោះ​ពួក​ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ពូជពង្ស​របស់​នាង​បាន​ចម្រុង​ចម្រើន។ 22បន្ទាប់​មក ផារ៉ោន​បញ្ជា​ដល់​ប្រជា‌រាស្ត្រ​ទាំង​អស់​ថា៖ «អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​ពី​ពួក​ហេព្រើរ ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​នីល តែ​ត្រូវ​ទុក​ឲ្យ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​នៅ​រស់»។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល